Saturday, September 21, 2024
Homeព័ត៌មានជាតិបាត់កូនក្រមុំ៥ថ្ងៃ ឪប្តឹងប៉ូលិស

បាត់កូនក្រមុំ៥ថ្ងៃ ឪប្តឹងប៉ូលិស

ភ្នំពេញ ៖ យុវតីម្នាក់ បានសុំច្បាប់ពីកន្លែងធ្វើការ ប្រាប់ថាទៅលេងឪពុកម្តាយនៅឯស្រុកកំណើតខេត្តត្បូងូឃ្មុំ លុះឪពុក ម្តាយទន្ទឹងចាំផ្លូវកូនក្រមុំ បាត់ពីមួយថ្ងៃទៅមួយថ្ងៃ មិនឃើញមកដល់ផ្ទះសោះ ទើបធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ ប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍តាមរក កូនស្រីរបស់ខ្លួន។

យុវតីដែលបាត់ខ្លួនខាងលើ មានឈ្មោះគ្រេន ស្រីហស៍ អាយុ១៨ឆ្នាំ ធ្វើការនិងស្នាក់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិតាងិន ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ យុវតីរូបនេះបានបាត់ខ្លួនតាំងពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។

តាមប្រភពពីសមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង៥៥នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលព័ត៌មានពីបុរសម្នាក់ រស់នៅភូមិតាងិន ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយរាយការណ៍ពីករណីបាត់កូនស្រី ឈ្មោះគ្រេន ស្រីហស៍ អាយុ១៨ឆ្នាំ បាត់នៅភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចប្រចាំបញ្ជា ១១៧ បានបញ្ជុនព័ត៌មានទៅលោកហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ដើម្បីជួយអន្តរាគមន៍។

បន្ទាប់មក នៅវេលាម៉ោង ២និង១០នាទី ថ្ងៃដដែល កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានចុះស្រាវជ្រាវ និងបញ្ជាក់ថា យុវតីឈ្មោះ គ្រេន ស្រីហស៍ បានចាកចេញពីកន្លែងការងារ ដើម្បីសុំទៅផ្ទះឪពុកម្តាយ នៅខេត្តត្បូងឃ្មុំ ប៉ុន្តែនាងមិនបានទៅផ្ទះទេ ដោយអាណាព្យាបាលបានទទួលព័ត៌មានមកថា នាងបានធ្វើដំណើរទៅខេត្តពោធិ៍សាត់។

ករណីខាងលើនេះ អង្គភាពប្រចាំបញ្ជា អគ្គស្នងការនគរបាលជាតិ បានបញ្ជូនព័ត៌មានទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីជួយផ្សព្វផ្សាយ និងស្វែងរកយុវតីខាងលើ៕

RELATED ARTICLES