Saturday, September 21, 2024
Homeព័ត៌មានជាតិពូវ៉ៃក្មួយ១ចាន ខឹងគេឃាត់ គំរាមបាញ់

ពូវ៉ៃក្មួយ១ចាន ខឹងគេឃាត់ គំរាមបាញ់

ខេត្តពោធិ៍សាត់ ៖ បុរសចំនួន ៣នាក់ ក្នុងនោះ មាន២នាក់ ត្រូវជាពូក្មួយបង្កើត បានអង្គុយផឹកស៊ីជាមួយគ្នា រហូតដល់ ស្រវឹងធ្លាក់ភ្នែក ក៏កើតមានជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា រវាងពូនិងក្មួយ ស្រាប់តែភាគីបុរសជាពូ ទប់កំហឹងមិន ជាប់ ក៏ទាញចានគ្រឿងក្លែម វាយសំពងក្មួយប្រុស ១ចាន បណ្តាលឱ្យបែកចិញ្ចើម លុះបុរសម្នាក់ទៀតដែលនៅ អង្គុយផឹក ស៊ីជាមួយ ឃើញបែបនេះ ក៏ចូលឃាត់ ស្រាប់តែជនដៃដល់ខឹង ក៏ស្ទុះទៅទាញកាំភ្លើងស្នប់ គំរាមបាញ់សម្លាប់អ្នកឃាត់ ថែមទៀត ទីបំផុតត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ចាប់វាយខ្នោះជនដៃដល់ នាំយកទៅចាត់ការតាមច្បាប់។

ករណីជម្លោះផ្ទុះជាអំពើហិង្សា រវាងពូនិងក្មួយបង្កើតនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះជនរងគ្រោះ ជាក្មួយប្រុស ស្ថិតក្នុងភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន។

ជនបង្កហេតុដែលវាយក្មួយប្រុសរយះចិញ្ចើម រួចទាញកាំភ្លើងច្នៃ គំរាមបាញ់អ្នកចូលឃាត់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះឯម អឿន ហៅឆក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន។ ចំណែកជនរងគ្រោះជាក្មួយប្រុស មានឈ្មោះឡម តួ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិតាមុំ ឃុំមេទឹក ស្រុកបាកាន (រងរបួសបែកចិញ្ចើម)។ រីឯជនរងគ្រោះម្នាក់ទៀត ដែលរងការគំរាមបាញ់សម្លាប់ មានឈ្មោះតេន ថុនា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានហៅជនសង្ស័យជាឪពុកមាបង្កើត រួមនិងអ្នកភូមិម្នាក់ទៀត ឈ្មោះតេន ថុនា មកផឹកស៊ីនៅផ្ទះរបស់ខ្លួន លុះក្រោយពីផឹកស្រវឹងធ្លាក់ភ្នែករៀងខ្លួន ទាំង២នាក់ពូក្មួយ ក៏ចាប់ផ្តើមនិយាយគងពាក្យសម្តីគ្នា បង្កើតបានជាជម្លោះ ស្រាប់តែរំពេចនោះ ភាគីបុរសជាឪពុកមា ទប់កំហឹងមិនជាប់ ក៏ស្ទុះទៅទាញចានដាក់គ្រឿងក្លែម វាយក្មួយប្រុសរបស់ខ្លួន បណ្តាលឱ្យបែកចិញ្ចើមខាងឆ្វេង។

ប្រភពដដែល បន្តថា លុះឃើញពូនិងក្មួយឈ្លោះ វាយតប់គ្នាបែបនេះ ឈ្មោះតេន ថុនា ដែលជាអ្នករួមវង់ផឹកស៊ី ក៏បានចូលទៅឃាត់ ស្រាប់តែជនបង្កហេតុ មិនត្រឹមតែមិនខ្ចីស្តាប់ បែរជាឆេះឆួលកំហឹងកាន់តែខ្លាំង ក៏បានទៅទាញកាំភ្លើងច្នៃ មកគំរាមបាញ់សម្លាប់ឈ្មោះតេន ថុនា ថែមទៀត។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើ និងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES