Saturday, September 21, 2024
Homeព័ត៌មានជាតិចោរកាត់ខ្សែកកូន ម៉ែទាញទម្លាក់ពីលើម៉ូតូ

ចោរកាត់ខ្សែកកូន ម៉ែទាញទម្លាក់ពីលើម៉ូតូ

ភ្នំពេញ ៖ ស្ត្រីជើងឆើត ដៃរហ័សម្នាក់ ដែលជាមុខសញ្ញាជំនាញខាងលូកខ្វេះកាបូប ហោប៉ៅ និងកាត់ខ្សែក តាមផ្សារ និងទីប្រជុំជន បាន ចេញ ធ្វើសកម្មភាពប៉ះចំថ្ងៃស៊យ ដោយព្យាយាមកាត់ខ្សែកពីក្មេងស្រីម្នាក់ ដែលម្តាយកំពុងពរទិញខោអាវនៅក្នុងផ្សារ តែត្រូវម្តាយក្មេងស្រីរងគ្រោះឃើញទាន់ ក៏ស្រែកឆោឡោ ដេញតាមចាប់ទាញទម្លាក់ពីលើម៉ូតូបក្ខពួក ចាប់ក្របួចជាប់ ខណៈដែលបក្ខពួករត់គេចបាត់។

ករណីចោរស្រីលួចកាត់ខ្សែក្មេងស្រីនៅក្នុងផ្សារនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៦ព្រលប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្សារធំទួលសង្កែ ស្ថិតនៅភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះណង់ ចាន់ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

តាមចម្លើយសារភាពរបស់ស្ត្រីជាជនសង្ស័យខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រហែល ៦ព្រលប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នាងបានដើរចូលទៅផ្សារធំ ទួលសង្កែ ស្ថិតនៅភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីរកទិញអីវ៉ាន់។ លុះពេលទៅដល់តូបលក់ខោអាវក្មេងក្នុងផ្សារ ស្រាប់តែមានស្ត្រីម្នាក់ កំពុងពរកូនទិញខោអាវនោះដែរ ឃើញដូច្នោះ នាងក៏បានទៅឈរក្បែរ និងបានធ្វើសកម្មភាពកាត់ខ្សែកក្មេងស្រីរូបនោះ តែគាប់ជួនស្ត្រីជាម្តាយក្មេងស្រីប្រទះឃើញ ក៏ស្រែកឆោឡោតែម្តង។

ស្ត្រីសង្ស័យ បានសារភាពបន្តថា ភ្លាមៗនោះនាងបានព្យាយាមរត់ចេញទៅក្រៅផ្សារ ដើម្បីរកម៉ូតូជិះ (ម៉ូតូបក្ខពួកនៅចាំខាងក្រៅស្រាប់)  តែរត់មិនរួច ក៏ត្រូវម្តាយក្មេងស្រីជនរងគ្រោះ ស្ទុះមកចាប់កអាវជាប់ រួចទាញទម្លាក់ពីលើម៉ូតូ ហើយក៏ត្រូវបានក្រុមអាជីវករក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថមូលដ្ឋានខណ្ឌឫស្សីកែវ តែម្តង។

ក្រោយពីត្រូវជនរងគ្រោះ និងក្រុមអាជីវករចាប់ក្របួចជាប់ភ្លាម ស្ត្រីសង្ស័យខាងលើ បានព្យាយាមឆ្លើយដោះបន្ទុកថា នាងមិនបានកាត់ខ្សែកក្មេងស្រីនោះទេ នេះជាការចោទប្រកាន់ តែយ៉ាងណាក្តី បើជ្រុលតែគេយល់ច្រឡំទៅហើយ នាងសុខចិត្តចេញប្រាក់សងទៅចុះ ដើម្បីបញ្ចប់រឿង ប៉ុន្តែដើមបណ្តឹងមិនព្រម ទើបសមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់តែម្តង។

ស្ត្រីសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES