ភ្នំពេញ ៖ បុរសម្នាក់ រត់ត្រហេបត្រហបមកប៉ុស្តិ៍នគរបាលចោមចៅទី៣ សុំការជួយអន្តរាគមន៍ទាំងព្រឹក បន្ទាប់ពីត្រូវជន សង្ស័យលួចយកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ របស់គាត់ ១គ្រៀង ដែលទើបនឹងទិញបាន ៣ថ្ងៃ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅមុខបន្ទប់ជួលជនរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ម៉ូតូដែលជនសង្ស័យលួចយកទៅនោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ទើបនឹងទិញបាន ៣ថ្ងៃ មិនទាន់ទាំងចាំស្លាកលេខផង ក៏ត្រូវចោរលួចទៅបាត់។
តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈរូបគាត់ទើបតែជិះម៉ូតូមកពីរកការងារធ្វើ ហើយបានទុកម៉ូតូខាងមុខបន្ទប់ជួល ដោយចាក់សោកត្រឹមត្រូវ រួចចូលទៅក្នុងបន្ទប់ មួយភ្លែត។ បន្ទាប់មកស្រាប់តែឮសំឡេងបញ្ឆេះម៉ូតូ ភ្លាមនោះរូបគាត់ក៏ស្ទុះមកមើល ឃើញជនសង្ស័យជិះចេញទៅ ហើយភ្លាមនោះ គាត់បានព្យាយាមស្រែកឆោឡោដែរ តែគ្មានអ្នកជួយទាន់ឡើយ។
ក្រោយកើតហេតុ ជនរងគ្រោះបានត្រឹមមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ច៕