Saturday, September 21, 2024
Homeព័ត៌មានជាតិផឹកដាច់យប់ ចេញទៅលើកទ្រូ លង់ទឹកស្លាប់

ផឹកដាច់យប់ ចេញទៅលើកទ្រូ លង់ទឹកស្លាប់

ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានផឹកស្រាស្រវឹងពេញ ១យប់ លុះព្រឹកឡើង មិនទាន់ស្វាងស្រួលបួលផង ក៏បបួលប្រពន្ធចេញទៅលើកទ្រូ យកត្រី ស្រាប់តែអកុសល ពេលកំពុងដើរលើកទ្រូ បុរសជាប្តី បានរអិលជើងធ្លាក់ចូល ទឹកជ្រៅ បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចប្រឡាយបឹងក្រឡ ក្រុមទី១៣ ភូមិបឹងសំរោង ឃុំល្វា ស្រុកបវេល។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះ ម៉ន ណេន ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីស្ត្រីចំណាស់ឈ្មោះជៀប ចាំ អាយុ៦៨ឆ្នាំ មុខរបរធ្វើស្រែ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ប្តីរបស់គាត់បានផឹកស្រាស្រវឹង រហូតដល់យប់ជ្រៅ។ លុះព្រឹកឡើង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ៨និង៣០នាទីព្រឹក  ប្តីគាត់មិនទាន់ស្វាងស្រានៅឡើយ ហើយក៏បានបបួលគាត់ជាប្រពន្ធ ចេញទៅលើកទ្រូ នៅចំណុចប្រឡាយបឹងក្រឡ (ទីតាំងកើតហេតុ) ដែលមានចម្ងាយពីផ្ទះប្រហែល ១៥០ម៉ែត្រ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា ពេលដើរទៅលើកទ្រូនោះ ដោយសារតែគាត់ឈឺជើង ទើបដើរទៅមិនទាន់ប្តី ទើបប្តីគាត់បានដើរទៅមុនបាត់។ លុះពេលគាត់ទៅដល់កន្លែងដាក់ទ្រូ ក៏បានឮសំឡេងក្តុងៗនៅក្នុងទឹក ហើយពេលនោះ គាត់ក៏បានស្រែកហៅប្តីថា “តាណេនៗ” ដែរ តែមិនឃើញ និងមិនឮប្តីឆ្លើយសោះ ទើបគាត់សង្ស័យថា ប្តីលង់ទឹក ក៏ស្រែកហៅបងប្អូនឱ្យជួយរក  តែទឹកជ្រៅ ហើយហូរខ្លាំងទៀត។ បន្ទាប់មក ឈ្មោះយ៉ាន់ ឈ្មោះជិន និងឈ្មាះធី ដែលជាអ្នកភូមិជាមួយគ្នា បានចុះមុជទឹក រាវរកប្តីគាត់ភ្លាមដែរ តែរកមិនឃើញសោះ រហូតដល់ប្រមាណ ២០នាទីក្រោយមក ទើបរកឃើញ ហើយស្រង់ប្តីគាត់ឡើងមកលើគោក រួចធ្វើចលនាដង្ហើមដែរ ប៉ុន្តែអកុសល ប្តីគាត់បានស្លាប់បាត់ទៅហើយ ទើបលើកសពត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែមង។

ដោយឡែក តាមការបំភ្លឺពីឈ្មោះមូល យ៉ាន់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិជាមួយជនរងគ្រោះ និងជាអ្នកដែលបានចុះទៅជួយរាវរកជនរងគ្រោះ  បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ៩និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ គាត់បានឮសំឡេងយាយចាំ (ប្រពន្ធជនរងគ្រោះ) ស្រែកថា ជួយរកតាណេន ផង ហើយខ្លួនក៏បានទៅជួយមុជទឹករាវរកតាណេន នៅចំណុចដាក់ទ្រូ បានប្រហែលជា ២០នាទី ទើបរកឃើញ ហើយស្រង់យកមកធ្វើចលនាដង្ហើម ប៉ុន្តែគាត់បានស្លាប់បាត់ហើយ។

តាមការសន្និដ្ឋានសមត្ថកិច្ច បញ្ជាក់ថា ឆ្លងតាមការត្រួតពិនិត្យរបស់ផ្នែកជំនាញ និងគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រឡាយប្រាកដមែន។ មូលហេតុ បណ្តាលមកពីជនរងគ្រោះស្រវឹងស្រា មិនទាន់ស្វាង ចុះប្រឡាយទៅលើកទ្រូ ហើយចាប់មែកឈើ បណ្តាលឱ្យបាក់មែកឈើធ្លាក់ទឹកប្រឡាយ។ ម៉្យាងវិញទៀត ជនរងគ្រោះមិនចេះហែលទឹក។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES