ខេត្តកណ្តាល ៖ បុរសជាចំណុះទូក (ង) ប្រចាំវត្តថ្មគរ ស្ថិតក្នុងភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម ម្នាក់ បានចូលរួមទៅ ហាត់ សមជាមួយចំណុះទូកផ្សេងៗទៀត នៅក្នុងស្រះទឹក ក្នុងបរិវេណវត្ត លុះហាត់សមរួច កំពុងដើរតាមផ្លូវ សំដៅទៅផ្ទះវិញ ស្រាប់តែមានក្មេងគប់សំបុកឪម៉ាល់លេង បណ្តាលឱ្យបែកសំបុក ផ្អើលឪម៉ាល់ទិចបុរសរងគ្រោះ ប្រមាណ៣០មេ បណ្តាល ឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅបរិវេណវត្តថ្មគរ ស្ថិតក្នុង ភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម។
បុរសរងគ្រោះដែលត្រូវសត្វឪម៉ាល់ទិច បណ្តាលឱ្យរងរបួសធ្ងន់នោះ មានឈ្មោះវណ្ណ សុជាតិ មុខរបរកសិករ និងជាចំណុះទូក (ង) ឈ្មោះនាងតាវត្តីសែនមានជ័យ ដែលជាទូក (ង) ប្រចាំវត្តថ្មគរ ស្ថិតក្នុងភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម។
លោក អ៊ួង ចំរើន ប្រធានគណៈកម្មការទូក (ង) នាងតាវត្តីសែនជ័យ បានបញ្ជាប់ប្រាប់ថា នៅមុនពេលកើតហេតុ បន្ទាប់ពីទទួលបានដំណឹងអំពីការរៀបចំពិធីបុណ្យអុំទូកថ្នាក់ស្រុកល្វាឯម និងថ្នាក់ខេត្ត នាពេលខាងមុខ វត្តថ្មគរ ដែលទើបតែកសាងបានទូក (ង) ថ្មី មានចំណុះ៧២នាក់ ជំនួសទូកចាស់ចំណុះ ៥៣នាក់ បានចាប់ផ្តើមរៀបចំកន្លែងហាត់សម ដើម្បីឱ្យក្រុមកីឡាករសមកម្លាំងនៅចំណុចមាត់បឹង ក្បែរវត្ត។
លោកបន្តថា តាមពិត មានសំបុកឪម៉ាល់ ធំ១ នៅក្បែរផ្លូវរបងវត្ត ហើយមានក្រុមជាង ធ្វើរបងវត្ត នៅក្បែរនោះ និងពលរដ្ឋមួយចំនួនបាន ដឹងថា មានសំបុកសត្វឪម៉ាល់ នៅក្បែរផ្លូវដែរ ប៉ុន្តែជនរងគ្រោះ និងកីឡាករអុំទូកផ្សេងទៀត ពុំទាន់បានដឹងនៅឡើយ ព្រោះទើបតែចាប់ផ្តើមហ្វឹកហាត់សមកម្លាំង។ លុះហាត់សមបានកន្លះម៉ោង ក្រុមកីឡាករ បានវិលទៅផ្ទះវិញ តាមផ្លូវផ្សេងៗក្បែរវត្ត ប៉ុន្តែជនរងគ្រោះឈ្មោះវណ្ណ សុជាតិ និងកីឡាមួយចំនួនទៀត បានដើរតាមផ្លូវដែលមានសំបុកឱម៉ាល់។ ពេលនោះ ក្រុមជាងដែលនៅជាប់ដៃក្នុងការងារធ្វើខ្លោងទ្វារវត្ត ឃើញបែបនេះ ក៏ប្រុងស្រែកប្រាប់ដែរ តែមិនទាន់បានស្រែកប្រាប់ផង ស្រាប់តែមានក្មេងៗគប់សំបុកឪម៉ាល់នោះលេង ធ្វើឱ្យបែកសំបុក ផ្អើលសត្វឪម៉ាល់ចេញមកទិចជនរងគ្រោះ ២នាក់ និងសត្វឆ្កែ ១ក្បាល ដោយក្នុងនោះ ជនរងគ្រោះម្នាក់ របួសស្រាល បានសម្រាកព្យាបាល ដាក់សេរ៉ូមនៅពេទ្យក្នុងភូមិ រីឯជនរងគ្រោះឈ្មោះវណ្ណ សុជាតិ ត្រូវឪម៉ាល់ទិចរហូតដល់៣០មេ រងរបួសយ៉ាងធ្ងន់ និងត្រូវបានប្រពន្ធ និងអ្នកជិតខាងប្រញាប់ដឹកបញ្ជូនទៅមន្ទីរពេទ្យស្រុក តែក្រោយមក នៅយប់ថ្ងៃដដែលនោះ ដោយឃើញជនរងគ្រោះមានសភាពធ្ងន់ធ្ងរ ទើបបញ្ជូនបន្ត ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ឯរាជធានីភ្នំពេញ តាមរយៈរថយន្តមន្ទីរពេទ្យស្រុកល្វាឯម។
គិតមកដល់រសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ថានភាពសុខភាពរបស់បុរសរងគ្រោះឈ្មោះវណ្ណ សុជាតិ បានធូរស្បើយច្រើនហើយ បន្ទាប់ពីទទួលបានការព្យាបាលដោយយកចិត្តទុកដាក់ពីគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ។ តាមការបញ្ជាក់ឱ្យដឹងពីស្ត្រីជាប្រពន្ធជនរងគ្រោះ គ្រូពេទ្យបានបូមឈាមប្តីរបស់គាត់ទៅពិនិត្យ ហើយថា ប្តីខ្លួនអាចចេញពីមន្ទីពេទ្យវិញ នាថ្ងៃបន្ទាប់ ប្រសិនបើលទ្ធផលឈាម មិនមានបញ្ហាអ្វី៕