ខេត្តស្វាយរៀង ៖ សពបុរសម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើចិញ្ចើមផ្លូវ ដោយមាន ស្លាកស្នាមរបួសត្រង់ក្បាល ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល សង្ស័យជាករណីឃាតកម្ម (វ៉ៃសម្លាប់) ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកពិនិត្យភ្លាមៗ។
ករណីប្រទះឃើញសពលើចិញ្ចើមផ្លូវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវបេតុង ខាងក្រោយភោជនីយ ដ្ឋានវីននីសថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
សពបុរសខាងលើមានឈ្មោះ NGYUEN PHUC HAU អាយុ២១ឆ្នាំ ជនជាតិវៀតណាម មានលំនៅ ខេត្តកាវម៉ៅ ប្រទេសវៀតណាម កាន់លិខិតឆ្លងដែនលេខ K0262310។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញសពមិនស្គាល់អត្តសញ្ញាណ ភេទប្រុស ដេកស្លាប់នៅចំណុចផ្លូវបេតុង ខាងក្រោយភោជនីយដ្ឋាន វីននីសថ្មី ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
ក្រោយមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត កម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុ នៃអធិការដ្ឋាននគរបាលក្រុងបាវិត សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវេជ្ជ អ៊ុង សុវណ្ណឌី គ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកជីភូ ដោយមានការសម្របសម្រួលពីលោកឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ឃើញថាសពជនរងគ្រោះខាងលើ គឺស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ។
យ៉ាងណា សមត្ថកិច្ចជំនាញ នៅមិនទាន់អាចបញ្ជាក់បាននៅឡើយថា ជាករណីឃាតកម្ម ឬជាគ្រោះថ្នាក់អ្វីផ្សេង។
សព ត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្ត ទៅប្រគល់ជូននាយកដ្ឋានបច្ចេកទេសនិងវិទ្យាសាស្ត្រ រក្សាទុកនៅសាលតម្កល់សពវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕