Monday, November 11, 2024
Homeព័ត៌មានជាតិទុស្សេខ្សែភ្លើង ឆេះផ្ទះ២ខ្នងហ្មត់

ទុស្សេខ្សែភ្លើង ឆេះផ្ទះ២ខ្នងហ្មត់

ភ្នំពេញ ៖ គ្រោះអគ្គិភ័យមួយ បានឆាបឆេះផ្ទះឈើ ១ខ្នងអស់ទាំងស្រុង និងផ្ទះថ្ម ១ល្វែងទៀតដែលនៅជាប់គ្នា រងការខូចខាតស្ទើរពាក់កណ្តាល បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញបង្ការ-ពន្លត់អគ្គិភ័យ ចុះមកធ្វើអន្តរាគមន៍ បាញ់ទឹកពន្លត់ ទាំងកណ្តាលយប់។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវបេតុងលេខ 53BT ផ្ទះលេខ៤៨១ ក្រុម១៧ ភូមិត្នោតជ្រំទី២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។

ម្ចាស់ផ្ទះទី១- មានឈ្មោះទឹម សឿន ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកម្ចាស់ផ្ទះទី២- ឈ្មោះឈីវ គឹមឡៅ ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។ រីឯប្រភេទសំណង់ដែលរងការឆាបឆេះ ១ខ្នង ជាប្រេភទផ្ទះឈើលើថ្មក្រោម ចំណែក ១ខ្នងទៀត ជាប្រភេទផ្ទះល្វែង ធ្វើពីថ្មបេតុង ទំហំ ៤,៦ម៉ែត្រ គុណនឹង ១៤ម៉ែត្រ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅយប់កើតហេតុ គេឃើញមានផ្សែងហុយទ្រលោម លាយឡំនឹងអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ចេញពីផ្ទះរងគ្រោះដែលធ្វើអំពីឈើខាងលើថ្មក្រោម រួចក៏មានការស្រែកឆោឡោផ្អើលដល់ម្ចាស់ផ្ទះ ប្រមូលសម្ភារៈមានតម្លៃចេញមកខាងក្រៅ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីសុំការអន្តរាគមន៍បាញ់ទឹកពន្លត់។

បន្ទាប់ពីទទួលបានព័ត៌មាននៃករណីអគ្គិភ័យខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ ហើយទាក់ទងទៅកម្លាំងសមត្ថកិច្ចជំនាញបង្ការ-ពន្លត់អគ្គិភ័យ ចេញរថយន្តពន្លត់អគ្គិភ័យមក ធ្វើអន្តរាគមន៍បាញ់ពន្លត់យ៉ាងញាប់ដៃញាប់ជើង រហូតដល់ភ្លើងបានរលត់ទៅ វិញទាំងស្រុង។

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ មូលហេតុដែលបង្កឱ្យមានគ្រោះអគ្គិភ័យខាងលើ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី តែយ៉ាងណា ហេតុការណ៍នេះ មិនបង្កឱ្យមានមនុស្សណាម្នាក់រងរបួស ឬប៉ះពាល់ដល់អាយុជីវិតនោះទេ។

ជុំវិញករណីអគ្គិភ័យខាងលើ កងកម្លាំងអន្តរាគមន៍បង្ការ-ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦រថយន្ត ស្មើនឹង២៤ម៉ែត្រគូប និងមានជំនួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ១រថយន្ត ស្មើនឹង ៦ម៉ែត្រគូបផងដែរ ហើយបានពន្លត់ចប់ជាស្ថាពរ នៅវេលាម៉ោង ១និង២៥នាទី រំលងអធ្រាត្រថ្ងៃដដែល៕

RELATED ARTICLES