Saturday, September 21, 2024
Homeព័ត៌មានជាតិឆក់ខ្សែកបាន១ខ្សែ ជាប់ខ្នោះ៣នាក់

ឆក់ខ្សែកបាន១ខ្សែ ជាប់ខ្នោះ៣នាក់

ខេត្តកំពត ៖ ក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ស្នងទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្ត កម្លាំង ជំនាញនៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ សហការជាមួយកម្លាំងនៃអធិការដ្ឋានក្រុងបូកគោ ឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ ពាក់ព័ន្ធបទល្មើសឆក់ខ្សែក។

ប្រតិបត្តិការបង្ក្រាបក្រុមជនសង្ស័យជាមុខសញ្ញាឆក់ខ្សែកនេះ ធ្វើឡើងកាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ខណៈដែលក្រុមជនសង្ស័យទាំង៣នាក់ បានធ្វើសកម្មភាពឆក់ខ្សែកប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិកំពង់គ្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ។

ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះសុប យូសុះ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ។ ទី២-ឈ្មោះសាក់ ឌុលសារីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ និងទី៣-ឈ្មោះសាយ ថង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិកោះទន្សែ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។ រីឯវត្ថុតាងដកហូតបាន រួមមាន ៖ ម៉ូតូ ចំនួន២គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2FB-2987 និងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1I-1385)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ នៅវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ក្រុមជនសង្ស័យទាំង៣នាក់ខាងលើ ជិះម៉ូតូ ២គ្រឿង បានចេញធ្វើសកម្មភាពឆក់ខ្សែកពីប្រជាពលរដ្ឋអ្នកដំណើរតាមផ្លូវ បានសម្រេច រួចនាំគ្នាគេចខ្លួនបាត់ស្រមោលភ្លាមៗ។

ក្រោយកើតហេតុ ជនរងគ្រោះបានប្តឹងសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍ ហើយភ្លាមនោះ សមត្ថកិច្ចបានចេញស្ទាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់បាន នៅវេលាម៉ោង៩យប់ ថ្ងៃដដែល។

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES