Monday, November 11, 2024
Homeព័ត៌មានជាតិសម្ងំលេងបៀក្នុងព្រៃ ប៉ូលិសចាប់បាន៣នាក់

សម្ងំលេងបៀក្នុងព្រៃ ប៉ូលិសចាប់បាន៣នាក់

ខេត្តពោធិ៍សាត់ ៖ បុរសស្ត្រីវ័យចំណាស់ ១ក្រុម បានបបួលគ្នាទៅសម្ងំលេងល្បែងស៊ីសង (បៀ) នៅក្នុងគុម្ពោតព្រៃ ខាងក្រោយផ្ទះ លុះសមត្ថកិច្ចចុះទៅដល់ ក៏រត់ចែកជើងគ្នាអស់ នៅសល់តែ ៣នាក់ រត់មិនទាន់គេ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ។

ករណីបង្ក្រាបល្បែងស៊ីសងខុសច្បាប់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចគុម្ពោតព្រៃខាងក្រោយផ្ទះរបស់ឈ្មោះប៊ន បឿន ភេទស្រី៥៨ឆ្នាំ ស្ថិតក្នុងភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន។

លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកាន បានឱ្យដឹងថា អ្នកប្រព្រឹត្តល្បែងស៊ីសង (បៀ) ទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះជ្រុន ហ៊ី ភេទស្រី អាយុ៥៥ឆ្នាំ មុខរបកសិករ។ ទី២-ឈ្មោះយ៉ន យ៉ុន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ និងទី៣-ឈ្មោះលីវ អ៊ីម ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ។ តាយាយទាំង៣នាក់ មានលំនៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបាន រួមមាន បៀ ចំនួន២ហ៊ូ និងកម្រាល ចំនួន២។ ចំពោះវត្ថុតាងផ្សេងទៀត សមត្ថកិច្ចបានដុតចោលនៅនឹងកន្លែង ។

អ្នកប្រព្រឹត្តល្បែងស៊ីសងទាំង៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីធ្វើកិច្ចសន្យា និងធ្វើការអប់រំ បញ្ឈប់ការលេងល្បែងស៊ីសង៕

RELATED ARTICLES