Saturday, September 21, 2024
Homeព័ត៌មានជាតិរុញទម្លាក់ពីលើខុនដូ ដឹកសពបោះចោលក្នុងបឹងកំប្លោក

រុញទម្លាក់ពីលើខុនដូ ដឹកសពបោះចោលក្នុងបឹងកំប្លោក

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានគេអះអាងថា បានរងរបួសយ៉ាងធ្ងន់ កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ដោយសារធ្លាក់ពីជាន់ទី៣ នៃអគារខុនដូមួយកន្លែង ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចម្ការមន និងត្រូវបាន មិត្តភក្តិប្រញាប់ដឹកចាកចេញទៅ ស្មានថាដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ស្រាប់តែក្រោយមក ត្រូវបានគេប្រទះឃើញសពជនរងគ្រោះនៅ ក្នុងបឹងកំប្លោក មួយកន្លែងទៅវិញ ទើបមានការសង្ស័យថា ជនរងគ្រោះ ត្រូវបានមិត្តភក្តិរុញទម្លាក់ពីលើខុនដូ រួចដឹកសពទៅបោះចោលក្នុងបឹងកំប្លោក។

ហេតុការណ៍ប្រទះឃើញសពក្នុងបឹងកំប្លោកនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចបឹងកំប្លោកមួយកន្លែង តាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជុំវិញការប្រទះឃើញសពនេះ ត្រូវបានគេដាក់ការសន្និដ្ឋានថា សពគឺជាជនរងគ្រោះដែលធ្លាក់ពីលើខុនដូ ជាន់ទី៣ បណ្តាលឱ្យរបួសធ្ងន់ នៅវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ចំណុចក្នុងបន្ទប់លេខ៣០៣ និង៣០៤ អគារខុនដូលេខ១៧២ ផ្លូវលេខ១៦៧ ភូមិ៣ សង្កាត់ទួលទំពូងទី២ ខណ្ឌចម្ការមន។ នៅពេលកើតហេតុភ្លាមៗនោះ គេឃើញមិត្តភក្តិជងរងគ្រោះ បានប្រញាប់ប្រញាល់ដឹកជនរងគ្រោះតាមរថយន្ត ចេញទៅបាត់ ដោយគេគិតថា ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ប៉ុន្តែមិនដូចអ្វីដែលអ្នកឃើញហេតុការណ៍គិតនោះឡើយ គឺជនរងគ្រោះ ត្រូវបានមិត្តភក្តិដឹកយកទៅបោះចោលនៅបឹងកំប្លោកទៅវិញ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ មានឈ្មោះ MA HONGCUN អាយុ៣៨ឆ្នាំ ជាជនជាតិចិន កាន់អត្តសញ្ញាណប័ណ្ណលេខ 410928198408080613 ពុំស្គាល់កន្លែងស្នាក់នៅពិតប្រាកដ។

តាមការបំភ្លឺពីសន្តិសុខយាមនៅអគារកើតហេតុ បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ខ្លួនបានដើរត្រួតពិនិត្យនៅបរិវេណជុំវិញអគារខុនដូ ដូចសព្វដង ពេលនោះស្រាប់តែប្រទះឃើញមានមនុស្សប្រុសម្នាក់ ដេកផ្កាប់មុខនៅចំហៀងអគារ មានហូរឈាមចេញពីក្បាល។ ពេលនោះ ខ្លួនបានទាញទូរស័ព្ទដៃមកថតរូបទុក រួចបានមើលទៅខាងលើ ឃើញបង្អួចបន្ទប់នៅជាន់ទី៣ (បន្ទប់លេខ៣០៣) ចំហហើយភ្លើងបន្ទប់បើក។ បន្ទាប់មក ក៏មានជនជាតិចិន ៣នាក់ និងខ្មែរម្នាក់ ដែលជាអង្គរក្សរបស់ជនជាតិចិន បានចុះមកក្រោម ហើយអ្នកទាំងនោះប្រញាប់លើកជនរងគ្រោះដាក់លើរថយន្តរបស់ពួកគេ បើកចេញទៅបាត់។

សមត្ថកិច្ចកោសល្យវិច័យ នៃស្នងការដ្ឋានរាជធានីភ្នំពេញ បានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយប៉ះទង្គិចក្បាល និងខ្លួនប្រាណធ្ងន់ធ្ងរ ហើយត្រូវជនសង្ស័យ ៤នាក់ យកពីកន្លែងធ្លាក់ពីលើអគារ ទៅទម្លាក់ចោលក្នុងទឹកបឹង ផ្លូវ៦០ម៉ែត្រ។

បច្ចុប្បន្នសពត្រូវបានតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រង់ចាំទាក់ទងទៅស្ថានទូត ស្វែងរកគ្រួសារមកទទួលយក ហើយករណីនេះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត៕

RELATED ARTICLES