Monday, November 11, 2024
Homeព័ត៌មានជាតិចោរចូលលួចក្នុងផ្ទះ ម្ចាស់ខ្ទប់ទ្វារជាប់

ចោរចូលលួចក្នុងផ្ទះ ម្ចាស់ខ្ទប់ទ្វារជាប់

ភ្នំពេញ ៖ ស្ត្រីម្នាក់ បានចូលទៅលួចទ្រព្យសម្បត្តិក្នុងផ្ទះអ្នកជិតខាង ប៉ុន្តែពុំទាន់លួចបានអ្វីនៅឡើយទេ ត្រូវម្ចាស់ផ្ទះឃើញទាន់ ក៏ខ្ទប់ទ្វារពីខាងក្រៅជាប់ រួចប្តឹងនគរបាល ឱ្យចុះទៅចាប់ខ្លួន នាំយកទៅសាកសួរតែម្តង។

ហេតុការណ៍នោះ បានកើតឡើងកាលពីវេលាម៉ោង ៩និង២៥នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល។

ជនសង្ស័យ ឈ្មោះម៉ែមីហួយ អាយុប្រហែលជាង ៤០ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកម្ចាស់ផ្ទះ ឈ្មោះកង បាវ ភេទប្រុស អាយុ៥៧ឆ្នាំ មានលំនៅក្នុងភូមិកើតហេតុនោះដែរ។

តាមស្ត្រីជាប្រពន្ធម្ចាស់ផ្ទះ បាននិយាយថា កន្លងមក គាត់ធ្លាប់បាត់គ្រឿងអលង្ការមាស ៣តម្លឹងកន្លះ និងលុយ ៥៦០០ដុល្លារ ចំណែកកូនគាត់ អស់គ្រឿងអលង្ការប្លាទីន ២តម្លឹង រីឯកូនប្រសា អស់គ្រឿងអលង្ការមាស រួមមាន ខ្សែក ខ្សែដៃ ចិញ្ចៀន និងកងដៃ ១កងទៀត ប៉ុន្តែពុំដែលរកមុខចោរឃើញសោះ។ លុះដល់ព្រឹកថ្ងៃកើតហេតុ ខណៈដែលគាត់យកខោអាវទៅហាល ហើយចំហទ្វារផ្ទះខាងក្រោយ អត់បានបិទ ស្រាប់តែលេចមុខជនសង្ស័យខាងលើ បានធ្វើសកម្មភាពលបចូលទៅក្នុងផ្ទះ ដើម្បីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ។

ប្រភពដដែល បន្តថា ពេលនោះគាត់អត់បានដឹងទេ លុះហាលខោអាវរួច គាត់បានទៅយកអីវ៉ាន់ក្នុងបន្ទប់ក្នុងផ្ទះ ស្រាប់តែបើកទ្វារមិនបាន លុះអើតមើលតាមប្រហោង ស្រាប់តែឃើញជនសង្ស័យកំពុងនៅក្នុងនោះ។ ភ្លាមៗនោះ គាត់បានខ្ទប់ទ្វារពីខាងក្រៅជាប់ រួចប្តឹងនគរបាល ឱ្យចុះទៅចាប់ខ្លួនជនសង្ស័យ ដើម្បីសាកសួរ និងដាក់ពាក្យបណ្តឹងចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES