Saturday, September 21, 2024
Homeព័ត៌មានជាតិស្ត្រីឈឺពោះ ប្តីដឹកទៅសម្រាល ពេទ្យអត់ទទួល កើតកូនចិញ្ចើមផ្លូវ

ស្ត្រីឈឺពោះ ប្តីដឹកទៅសម្រាល ពេទ្យអត់ទទួល កើតកូនចិញ្ចើមផ្លូវ

ភ្នំពេញ ៖ ស្ត្រីមានផ្ទៃពោះគ្រប់ខែម្នាក់ ឈឺពោះឆ្លងទន្លេ ហើយត្រូវបានប្តីដឹកតាមម៉ូតូ យកទៅមន្ទីរពេទ្យ តែគាប់ជួនមន្ទីរពេទ្យមួយលិចទឹក ទើបដឹកទៅមន្ទីរពេទ្យមួយទៀត តែពេទ្យមិនទទួល ទើបធ្វើឱ្យស្ត្រីជាប្រពន្ធឈឺពោះខ្លាំង ក៏សម្រាលកូននៅតាមចិញ្ចើមផ្លូវតែម្តង បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ទាក់ទងហៅរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍ស្ត្រីឈឺពោះសម្រាលកូនលើចិញ្ចើមផ្លូវនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទី យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចជិតស្ថានីយបូមទឹកស្អុយ បឹងត្របែក តាមផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន។

ស្ត្រីសម្រាលកូនតាមផ្លូវ មានឈ្មោះឃឹម ដាលីន អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រផលិតនំ ស្នាក់នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

តាមសម្តីស្ត្រីជាម្តាយបង្កើតរបស់ជនរងគ្រោះដែលសម្រាលកូននៅតាមផ្លូវ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កូនស្រីរបស់គាត់បានឈឺពោះឆ្លងទន្លេ ហើយពេលនោះ កូនប្រសារបស់គាត់ (ប្តីស្ត្រីរងគ្រោះ) ក៏ប្រញាប់ដឹកប្រពន្ធតាមម៉ូតូ ដោយមានគ្នា ៣នាក់ ទាំងរូបគាត់ជា ម្តាយ ចេញពីផ្ទះ ឯសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ គោលបំណងទៅសម្រាលនៅមន្ទីរពេទ្យបង្អែកនិរោធ តែពេលទៅដល់មន្ទីរពេទ្យបង្អែកនិរោធ ស្រាប់តែមន្ទីរពេទ្យលិចទឹក។

ស្ត្រីជាម្តាយ បន្តថា ពេលនោះពួកគាត់ក៏បន្តដឹកជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកច្បារអំពៅ លុះពេលទៅដល់មន្ទីរពេទ្យបង្អែកច្បារអំពៅ គ្រូពេទ្យអត់ទទួល ដោយសារតែកូនក្នុងផ្ទៃអត់គ្រប់គីឡូ ទើបពួកគាត់បានដឹកបន្ត ដើម្បីយកមកមន្ទីរពេទ្យរុស្ស៊ី បន្តទៀត ប៉ុន្តែពេលដឹកមកដល់ជិតស្ថានីយបូមទឹកស្អុយ បឹងត្របែក ដោយសារតែកូនស្រីគាត់ឈឺពោះខ្លាំងពេក មិនអាចទ្រាំបាន ក៏បានឈប់ម៉ូតូអែបចិញ្ចើមផ្លូវ សម្រាលបានកូនស្រីម្នាក់ ដោយសុវត្ថិភាពតែម្តងទៅ។

នៅក្នុងហេតុការណ៍ខាងលើនោះដែរ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយយកអាសាស្ត្រីរងគ្រោះ និងបានទាក់ទងហៅរថយន្តសាមុយ ឱ្យមកសង្គ្រោះជនរងគ្រោះទៅមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះនិងកូនតូច ត្រូវបានរថយន្តសាមុយឯកជន មកជួយដឹកយកទៅមន្ទីរពេទ្យរុស្ស៊ី ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ៕

RELATED ARTICLES