Saturday, September 21, 2024
Homeព័ត៌មានជាតិបង្ក្រាបឡានដឹកឈើ ឈ្មួញដុះស្លែ

បង្ក្រាបឡានដឹកឈើ ឈ្មួញដុះស្លែ

ខេត្តព្រះវិហារ ៖ រថយន្តរបស់ក្រុមឈ្មួញជើងខ្លាំង ដឹកឈើទាំងថ្ងៃ ចេញពីភូមិឈ្មួន ឃុំរួសរាន់ ស្រុករវៀង ត្រូវបាន មន្ត្រីរដ្ឋបាលព្រៃឈើផ្នែកនិងសង្កាត់រដ្ឋបាលព្រៃឈើ រវៀង សហការជាមួយកម្លាំងនគរបាលស្រុករវៀង ដោយមាន ការចូលរួមរបស់អ្នកសារព័ត៌មានផងដែរ បានបើកប្រតិបត្តិការស្ទាក់ចាប់បង្ក្រាបបានរថយន្ត ១គ្រឿង ម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-5766 ដែលគេស្គាល់ថា ជារថយន្តដឹកឈើ របស់ឈ្មួញជើងខ្លាំង ឈ្មោះតុលា ដែលជាឈ្មួញឈើដុះស្លែ ប្រចាំខេត្តព្រះវិហារ។

ប្រតិបត្តិការបង្ក្រាបរថយន្តដឹកឈើខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង ៤និង៤៦នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិរំចេក ឃុំរមណីយ ស្រុករវៀង។

គួររំលឹកផងដែរថា កាលពីខែមុន ក្រុមរថយន្តដឹកឈើនេះដែរ ត្រូវបានមន្ត្រីផ្នែករដ្ឋបាលព្រៃ ឈើ រវៀង ចាប់បាន ២គ្រឿងដែរ ដែលកាលនោះ ក្រុមឈ្មួញចង់ធ្វើសកម្មភាពរំដោះយកឡានដឹកឈើ ពីសមត្ថកិច្ចវិញ តែសំណាងល្អ លោកនួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត និងអាវុធហត្ថស្រុក ចុះទៅទាន់ កុំអីអាចប្រឈមដល់អាយុជីវិតរបស់សមត្ថកិច្ចថែមទៀតផង។

ករណីនេះ រថយន្តដឹកបទល្មើស ត្រូវបានចាក់សោជាប់ ហើយសមត្ថកិច្ចបានយកជាងទៅដោះសោ ដើម្បីនាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើ រវៀង ចាត់ការទៅតាមច្បាប់៕

RELATED ARTICLES