Saturday, September 21, 2024
Homeព័ត៌មានជាតិករណីនាយកសាលាវ៉ៃសិស្សស្រី ដោយសារគូសអាវគ្នាមិនសមរម្យ

ករណីនាយកសាលាវ៉ៃសិស្សស្រី ដោយសារគូសអាវគ្នាមិនសមរម្យ

ខេត្តកណ្តាល ៖ បន្ទាប់ពីមានការទម្លាយវីដេអូ បង្ហាញពីសកម្មភាពនាយកវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ប្រើហិង្សាលើសិស្សស្រីម្នាក់ ហើយមានប្រតិកម្មពីមនុស្សមួយចំនួនមក លោកគ្រូ អ្នកគ្រូ បង្រៀននៅវិទ្យាល័យហ៊ុន សែន សេរីភាព​ និងមហាជនភាគច្រើន បានបង្ហាញប្រតិកម្មតប ក្នុងន័យគាំទ្រលោកនាយកសាលា ដែលយកចិត្តទុក ដាក់ក្នុងការប្រដៅនិងអប់រំសិស្ស ជាមួយការទម្លាយហេតុផលថា មូលហេតុដែលលោកនាយកសាលា វាយសិស្សស្រីម្នាក់ នោះ​ គឺពុំមែនវាយខ្លាំងទេ គ្រាន់តែយកដៃទះស្មាបន្តិចប៉ុណ្ណោះ ដោយសារគាត់ចង់ឲ្យសិស្សល្អ ខំរៀន ដើម្បីកំពុង ត្រៀមខ្លួន ប្រឡងបាក់ឌុប នៅពេលខាងមុខ តែផ្ទុយទៅវិញ សិស្សទាំងនោះ មិនរក្សាវិន័យនិងសណ្តាប់ធ្នាប់ក្នុង ពេល តម្រង់ជួរ និងមានការគូរលើអាវគ្នាជាការលេងសើច មិនសមរម្យ ទើបលោកគ្រូនាយកសាលា ធ្វើការប្រដៅនិង អប់រំណែនាំ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានការទម្លាយវីដេអូមួយ ធ្វើឱ្យផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក ដោយមានការអះអាងថា នាយកវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ លោកម៉ម សុធានី បានវាយសិស្សស្រីម្នាក់ រហូតមានប្រតិកម្មពីមនុស្សមួយចំនួន ហើយអ្នកនាំពាក្យក្រសួងអប់រំ ក៏បានបញ្ជាក់ថា នឹងធ្វើការស៊ើបអង្កេតស្រាវជ្រាវពីករណីនេះផងដែរ។ ប៉ុន្តែទន្ទឹមនឹងនោះ មានលោកគ្រូ អ្នកគ្រូ ដែលបង្រៀននៅវិទ្យាល័យហ៊ុន សែន សេរីភាព និងមហាជនមួយចំនួន ក៏បានសម្តែងប្រតិកម្មក្នុងន័យគាំទ្រលោកនាយកសាលា ដោយបញ្ជាក់ថា លោកនាយកសាលា ស្លូតទេ តែការដែលគាត់វាយសិស្សស្រីម្នាក់នោះ (យកដៃទះស្មា) ដូចក្នុងវីដេអូដែលគេទម្លាយចេញនោះ គ្រាន់តែជាការប្រដៅនិងអប់រំឲ្យសិស្សខំរៀន ប៉ុណ្ណោះ ព្រោះនៅសល់តែ ៣ខែទៀត ត្រូវប្រឡងបាក់ឌុប តែសិស្សទាំងនោះ មិនគិតនាំគ្នាខំរៀន បែរជានាំគ្នាគូរអាវគ្នា ទុកអនុស្សាវរីយ៍ មិនមានភាពសមរម្យ និងមិនគោរពវិន័យ សណ្តាប់ធ្នាប់ក្នុងសាលា។

អ្នកគ្រូម្នាក់ ឈ្មោះឆេង រដ្ឋា បង្រៀននៅវិទ្យាល័យហ៊ុន សែន សេរីភាព បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់គាត់ នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ថា «លោកនាយកវិ ហ ស សេរីភាព លោកស្លូតទេ គាត់មិននិយាយច្រើនទេ មិនដូចព័ត៌មានចេះតែផ្សាយទេ។ ករណីព្រឹក ១៤/០៩/២២ មកពីសិស្សនៅ ៣ខែទៀត បានប្រលងបាក់ឌុប សិស្សៗអត់រៀន នាំគ្នាគូសអាវ ទុកអនុស្សាវរីយ៍។ ក្រសួងខំពន្យារពេលប្រលង ឲ្យរៀន បែរជាសិស្សធ្វើទង្វើបែបនេះ។ ការដែលលោកនាយកធ្វើនេះ ដើម្បីចង់ឲ្យសិស្សល្អ ប្រលងទទួលបាននិទេ្ទសល្អ ព្រោះជាសាលាមួយធ្លាប់មានកេរ្ដិ៍ឈ្មោះល្អដែរ។ សូមលោកអ្នកដែលមុន comment ក្នុងបណ្ដាញសង្គម គួរពិចារណាព័ត៌មានពិតផង សូមអរគុណ»។

អ្នកគ្រូម្នាក់ទៀត ឈ្មោះ សន ដាលីន បានសរសេរក្នុងគណនីហ្វេសប៊ុក របស់គាត់ នៅថ្ងៃដដែលនោះថា «ត្រឹមវីដេអូគ្មានក្បាលគ្មានកន្ទុយ ជាង១នាទី ក៏នាំគ្នាកាត់ក្តីគាត់ ដោយគ្មានការពិចារណា វែកញែក ទាំងដែលអ្នកទាំងអស់គ្នាមិនបានដឹងអ្វីទាល់តែសោះអំពីរឿងនេះ ។ ត្រឹមវីដេអូ និយាយបែបលើសៗ ហួសការពិតនោះ បានធ្វើឲ្យលោកនាយក ដែលតែងគិតគូរពី កូនសិស្ស សឹងបាក់អស់កម្លាំងកាយចិត្ត។ បើអ្នកមិនដឹងទេ… កុំធ្វើដូចច្បាស់ពេក»។

ចំណែកមាតាសិស្សម្នាក់ ឈ្មោះយូ សុគន្ធា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់គាត់ នៅល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ថា «ខ្ញុំក៏ជាសិស្សនៅសេរីភាព ចំណែកកូនខ្ញុំទាំង៣នាក់ ជាសិស្សដែលរៀននៅសេរីភាព ដែរ សូមគោរពថ្លែងអំណរអរគុណដល់លោកនាយកសាលា និងលោកគ្រួ អ្នកគ្រួទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោកទាំងអស់បង្ហាត់បង្រៀនកូននាងខ្ញុំ រហូតដល់ចប់ថ្នាក់នៅសាលាសេរីភាព រួចបន្តទៅរៀននៅភ្នំពេញ នៅមហាវិទ្យាល័យ ចប់ទៀត មកទល់ពេលនេះ កូនៗនាងខ្ញុំ ពួកគាត់មានការងារសមរម្យ ថ្លៃថ្នូរ ក៏ដោយសារតែលោកគ្រួ អ្នកគ្រួ ដែលជាឪពុកជាម្ដាយទីពីរនេះដែរ។ ទាល់តែអ្នកធ្លាប់មានលោកពុក លោកម៉ែ ឬក៏កូនជាគ្រួបង្រៀន ទើបយល់ពីទឹកចិត្តគ្រូ»។

ចំណែកមាតាសិស្សម្នាក់ទៀត បានសរសេរក្នុងគណនីហ្វេសប៊ុក របស់គាត់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ថា «ព្រឹកមិញ ពេលដែលខ្ញុំជាម្ដាយ យកអាវថ្មីទៅឲ្យកូនផ្លាស់… មានអារម្មណ៍ថា រំជួលចិត្ត ទប់ទឹកភ្នែកមិនជាប់ ព្រោះថា អាវសស្អាតដែលម្ដាយទិញឲ្យកូនពាក់រៀន បែរជាមានរូបភាពប្រលាក់ស្រមកបែបនេះ!

…ក្នុងនាមខ្ញុំជាម្ដាយរបស់សិស្សដែលនៅក្នុងហេតុការណ៍នោះ ខ្ញុំសុំលើកដៃសំពះ សុំទោសលោកគ្រូនាយក ដែលខំយកចិត្តទុកដាក់អប់រំវិន័យ សីលធម៌ ដល់កូននាងខ្ញុំ និងកូនសិស្សទូទៅជាច្រើនឆ្នាំកន្លងមក!… លោកគ្រូ ហត់នឿយខ្លាំងណាស់…តាមដែលនាងខ្ញុំតែងតែទៅសាលាសេរីភាព ដើម្បីមើលកូន ក៏សម្គាល់ឃើញថា​ លោកគ្រូ គ្រប់គ្រងសិស្សរាប់ពាន់នាក់ក្នុង ១ឆ្នាំៗ មានវិន័យល្អ… ប៉ុន្ដែមានសិស្សរឹងត្អឹង មិនគោរពវិន័យ ប្រហែលតិចតួចទេដោយសារឪពុកម្ដាយខ្លះ គាត់រវល់ការងារខាងក្រៅ មិនសូវបានពិនិត្យនិងណែនាំកូនបន្ថែម!ហើយតិចតួចទៀតនោះ គឺស្រលាញ់និងជឿជាក់ខ្លាំង ភ្លេចបានមើលកំហុសរបស់កូន!….ហើយ ១ទៀតនោះ​ គឺក្មេងខុសតាមគ្នា…. គាត់រៀនថ្នាក់ទី១២ ហើយគាត់គិតថា ជីវិតគាត់ឯករាជ្យ តែគាត់អត់បានគិតពីអនាគតគាត់ឡើយ… គឺគាត់សប្បាយតាមគ្នា!…

….លោកគ្រូ ខ្ញុំសោកស្ដាយណាស់ បើសិនជាមានការចោទប្រកាន់ធ្ងន់ធ្ងរ… ព្រោះខ្ញុំគិតថា អយុត្តិសម្រាប់ការលះបង់របស់លោកគ្រូខ្លាំងណាស់!…

…ខ្ញុំសូមអរគុណដល់ក្រសួង មន្ទីរ និងសារព័ត៌មានដែលបានអានខមិននាងខ្ញុំ…. សង្ឃឹមថាលោកមិនបោះបង់ធនធានមនុស្សដ៏មានតម្លៃនេះផងចុះ!…. អរគុណ»។

ទោះបីជាយ៉ាងណា ជុំវិញករណីខាងលើនេះ នៅមិនទាន់មានការបកស្រាយបំភ្លឺពីសាមីខ្លួន លោកម៉ម សុធានី នាយកវិទ្យាល័យហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ នៅឡើយ៕ ខៀវទុំ

RELATED ARTICLES