Saturday, September 21, 2024
Homeព័ត៌មានជាតិក្មេងទំនើងណាត់កាប់គ្នា ជាប់ខ្នោះ៧នាក់

ក្មេងទំនើងណាត់កាប់គ្នា ជាប់ខ្នោះ៧នាក់

ខេត្តកំពង់ស្ពឺ ៖ ក្រុមយុវជនទំនើង ចំនួន ២ក្រុម ដែលតែងតែធ្វើសកម្មភាពវាយតប់គ្នាកន្លងមក រហូតដល់ណាត់គ្នាវាយ តប់ កាប់ចាក់ ប្រសាចពេញដងផ្លូវ បង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋអ្នកដំណើរ ត្រូវបានសមត្ថកិច្ច ចុះបង្ក្រាប ឃាត់ខ្លួនបានចំនួន ៧នាក់ នាំយកទៅចាត់ការតាមច្បាប់។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងទាំង៧នាក់ ខាងលើនេះ ធ្វើឡើងកាលពីវេលារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចសួនច្បារសម្តេចព្រះសង្ឃរាជ ជួន ណាត ស្ថិតក្នុងភូមិទួលគោក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន។

តាមប្រភពពីសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ថា កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច បានចុះបង្ក្រាប ឃាត់ខ្លួនក្រុមយុវជនទំនើងដែលតែងតែដេញវ៉ៃតប់គ្នា នៅចំណុចទីតាំងខាងលើ បានចំនួន៧នាក់ រួមមាន ៖ ទី១-ឈ្មោះឈឿន វិច្ចកា ភេទប្រុស អាយុ២២ឆ្នាំ មុខរបបបុគ្គលិកលក់សាប៊ូ មានលំនៅ ភូមិបាទី ឃុំព្នាយ ស្រុកសំរោងទង។ ទី២-ឈ្មោះលឹម ឡា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន។ ទី៣-ឈ្មោះលី សុខរាជ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបើកឡានដឹកដី មានលំនៅ ភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង។ ទី៤-ឈ្មោះគឿន សុបញ្ញា ភេទប្រុស អាយុ២១ឆ្នាំ  មុខរបរមន្ត្រីជាប់កិច្ចសន្យាសាលាខេត្ត មានលំនៅ ភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន។ ទី៥-ឈ្មោះបៃ យុត្តា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅ ភូមិបាទី ឃុំព្នាយ ស្រុកសំរោងទង។ ទី៦-ឈ្មោះធឿន វឌ្ឍនៈ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិបាទី ឃុំព្នាយ ស្រុកសំរោងទង និងទី៧-ឈ្មោះសយ ផារ៉ាដន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅ ភូមិបាទី ឃុំព្នាយ ស្រុកសំរោងទង។

សមត្ថកិច្ចបានបន្តទៀតថា ពាក់ព័ន្ធករណីក្មេងទំនើងពីរក្រុម បង្កការអុកឡុក ដេញវ៉ៃគ្នានៅលើផ្លូវសាធារណៈនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមនីតិវិធី។

គួររំលឹកថា  កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចសួនសម្តេចព្រះសង្ឃរាជ ជួន ណាត ជ្រុងខាងកើត ឆៀងខាងត្បូងភូមិទួលគោក សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានក្រុមក្មេងទំនើង ២ក្រុម ធ្លាប់មានទំនាស់ជាមួយគ្នាពីមុនមក បានណាត់ជួបគ្នាដេញវាយកាប់គ្នាផ្អើលក្រុងច្បារមន៕

RELATED ARTICLES