Saturday, September 21, 2024
Homeព័ត៌មានជាតិរឹតកសម្លាប់ក្មេង១០ឆ្នាំ ខឹងប្រើមិនបាន

រឹតកសម្លាប់ក្មេង១០ឆ្នាំ ខឹងប្រើមិនបាន

ខេត្តកណ្តាល ៈ ជនសង្ស័យម្នាក់ ខឹងក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ ប្រើមិនបាននិងតមាត់ស្រាប់តែបែកគំនិតយកខ្សែចង អង្រឹង រឹតកក្មេងប្រុសរងគ្រោះរហូតដល់ស្លាប់ ទីបំផុតត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួននាំយកទៅចាត់ការតាម ច្បាប់។

ករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ។ រហូតមកដល់វេលាម៉ោង ៤រសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ សមត្ថិច្ចជំនាញស្រាវជ្រាវកំណត់បានមុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឃាតករ នាំយកទៅសាកសួរ។

ជនសង្ស័យជាឃាតករ ដែលរឹតកសម្លាប់ក្មេងប្រុសអាយុ ១០ឆ្នាំ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះមិន រតនា ហៅម៉ៅ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរចាំដីចម្ការ ស្នាក់នៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ។  ចំណែកក្មេងប្រុសរងគ្រោះ មានឈ្មោះធី សុកសំណាង ហៅង៉ូវ អាយុ១០ឆ្នាំ (ឆ្នាំកំណើត១៥ មិថុនា ២០១២) មុខរបរជាសិស្សថ្នាក់ទី២ មានលំនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានទទួលដំណឹងអំពីករណីរកឃើញសពរបស់ក្មេងប្រុសម្នាក់ ឈ្មោះធី សុកសំណាង ហៅង៉ូវ  ដែលការស្លាប់នេះ ត្រូវបានរាយការណ៍ថា ជាករណីអត្តឃាត។ បន្ទាប់ពីទទួលបានករណីនេះ អង្គភាពការពារកុមារ (CPU) ក៏បានចាត់ក្រុមការងារស៊ើបអង្កេតបទល្មើសឃាតកម្ម (HIT) និងក្រុមការងារបច្ចេកទេសវិទ្យាសាស្ត្រ (FST) បានចូលរួមក្នុងការស៊ើបអង្កេត និងពិនិត្យកន្លែងកើតហេតុ ដោយមានកិច្ចសហការជាមួយក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រមទាំងកម្លាំងសមត្ថកិច្ចមូលដ្ឋានផងដែរ។

យោងតាមលទ្ធផលនៃការពិនិត្យនិងធ្វើកោសល្យវិច័យសព បានបញ្ចាក់ថា ស្ថានភាពជុំវិញការស្លាប់របស់ក្មេងប្រុស គឺគួរឱ្យសង្ស័យ និងអាចជាអំពើឃាតកម្ម ហើយភ្លាមៗនោះ បុគ្គលនិងសាក្សីមួយចំនួន ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសាកសួរយ៉ាងលម្អិតផងដែរ។

រហូតមកដល់វេលាម៉ោង ៤រសៀល ថ្ងៃទី១៤ ខែកញ្ញា នៅវេលាម៉ោង ៤រសៀល បន្ទាប់ពីធ្វើការសាកសួរបុគ្គលនិងសាក្សីរួច សមត្ថកិច្ចជំនាញ បានកំណត់មុខសញ្ញា និងឃាត់ខ្លួនបុគ្គលឈ្មោះមិន រតនា ហៅម៉ៅ នាំយកទៅសាកសួរតែម្តង។   

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះមិន រតនា ហៅម៉ៅ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានសម្លាប់ក្មេងប្រុសរងគ្រោះ ប្រាកដមែន ដោយបានយកខ្សែពណ៌ស (ខ្សែនីឡុងកន្ទុយកណ្តុរ) ដែលជាខ្សែចំណងចងរនាំងបាំងខ្យល់ ធ្វើពីបន្ទះឈើ ពណ៌ដីឥដ្ឋ ដាក់ជាប់នឹង សសររោងខាងត្បូង យកមកចងរឹតកសម្លាប់ក្មេងប្រុសរងគ្រោះ។ មូលហេតុដោយសារតែរូបគេខឹងនឹងក្មេងប្រុសរងគ្រោះ កាលពី២ខែមុន រឿងប្រើក្មេងប្រុសរងគ្រោះមិនបានដូចចិត្ត និងថែមទាំងតមាត់ជាមួយខ្លួនទៀតផង។ មិនតែប៉ុណ្ណោះ រូបគេក៏ខឹងជាមួយនឹងឪពុកម្តាយក្មេង ប្រុសរងគ្រោះ (ឈ្មោះសួន ជេម និងឈ្មោះចាន់ វណ្ណី) ដែលបាននិយាយប្រាប់ម្ចាស់ដីថា ខ្លួនអត់ធ្វើការងារ យកមុខមាត់តែឯង។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES