Saturday, September 21, 2024
Homeព័ត៌មានជាតិប្រពន្ធវក់ល្បែង ប្តីប្តឹងប៉ូលិសចាប់៦នាក់

ប្រពន្ធវក់ល្បែង ប្តីប្តឹងប៉ូលិសចាប់៦នាក់

ខេត្តកំពង់ចាម ៖ ស្ត្រី ១ក្រុម តែងជួបជុំគ្នាលេងល្បែងស៊ីសង ភ្លេចបាយភ្លេចទឹក ភ្លេចប្តីភ្លេចកូន រហូតដល់បុរសជាប្តី ទ្រាំលែងបាន ក៏លួចរាយការណ៍ប្រាប់សមត្ថកិច្ច ចាប់ក្របួចជាប់ចំនួន៦នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីបង្ក្រាបល្បែងស៊ីសងខាងលើនេះ ធ្វើឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច វង់បៀ ១កន្លែង ស្ថិតក្នុងភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២  កំលាំងជំនាញកងរាជអាវុធ ហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស និងដោយមានការសម្របសម្រួលនីតិវិធី និងដឹកនាំផ្ទាល់ដោយលោកសុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានធ្វើការចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (លេងបៀ ភ្នាល់ដាក់ប្រាក់) នៅចំណុចភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់។

ជនសង្ស័យទាំង៦នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឆេង វិនលី ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ។ ទី២-ឈ្មោះយ៉ែត ទាវ ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ។ ទី៣-ឈ្មោះសេង គន្ធា ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម។ ទី៤-ឈ្មោះឈៀង ម៉ីម៉ី ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ។ ទី៥-ឈ្មោះរ៉ា ស្រីនិត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម និងទី៦-ឈ្មោះ ផៃ ស៊ីនាត ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិក្រសាំងពុល ឃុំមៀន ស្រុកព្រៃឈរ។

ចំណែកវត្ថុតាងចាប់យក រួមមាន ប្រាក់ ចំនួន ៨៧ម៉ឺនរៀល។ ម៉ូតូ ២គ្រឿង។ បៀ ចំនួន១ហ៊ូ។ និងទូរស័ព្ទ ចំនួន៤គ្រឿង។

ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES