Saturday, September 21, 2024
Homeព័ត៌មានជាតិបាត់ប្រពន្ធ១យប់ ប្តីរកឃើញស្លាប់អាក្រាត ប្រុសចាប់រំលោភសម្លាប់

បាត់ប្រពន្ធ១យប់ ប្តីរកឃើញស្លាប់អាក្រាត ប្រុសចាប់រំលោភសម្លាប់

ខេត្តកំពត ៖ ស្ត្រីម្នាក់ បានជិះម៉ូតូចេញពីផ្ទះ បំណងទៅផ្លាស់ក្របី នៅវាលស្រែ ដូចសព្វដង លុះក្រោយមកក៏បាត់ឈឹង មិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យបុរសជាប្តី នឹកបារម្ភ ចេញទៅតាមស្វែងរកពេញ១យប់ តែរកមិនឃើញសោះ លុះព្រឹកឡើងស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនដេកស្លាប់អាក្រាតកាយ នៅគុម្ពោតព្រៃមួយកន្លែង បង្កឱ្យមានការផ្អើល ប្តឹងសមត្ថកិច្ចចុះពិនិត្យ ទើបដឹងថា ស្ត្រីរងគ្រោះត្រូវជនដៃដល់ចាប់រំលោភ រួចសម្លាប់ ប្លន់យកម៉ូតូ១គ្រឿង។

ករណីឃាតកម្មរំលោភសម្លាប់ប្លន់យ៉ាងព្រៃផ្សៃនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចគុម្ពោតព្រៃមួយកន្លែង ចំណុចភ្នំព្រាល ស្ថិតនៅក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក។ រហូតមកដល់វេលាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ទើបក្រុមគ្រួសារបានតាមរកឃើញសពស្ត្រីរងគ្រោះ ស្ថិតក្នុងសភាពអាក្រាតកាយ ដោយមានស្មៅគ្របពីលើ នៅក្បែរគុម្ពោតព្រៃ។

ស្ត្រីរងគ្រោះដែលត្រូវជនមិនស្គាល់មុខចាប់រំលោភ រួចសម្លាប់ ប្លន់យកម៉ូតូនោះ មានឈ្មោះឆាលី អាយុ២៦ឆ្នាំ មុខរបរកសិករ មានប្តីនិងមានកូនប្រុសម្នាក់ មានលំនៅក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ត្រីរងគ្រោះខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ចេញពីផ្ទះ សំដៅទៅវាលស្រែ ក្នុងគោលបំណងទៅផ្លាស់ក្របីនៅវាលស្រែ ដូចសព្វដង។ លុះក្រោយមក មិនឃើញស្ត្រីរងគ្រោះត្រឡប់មកផ្ទះវិញសោះ ទើបធ្វើឱ្យក្រុមគ្រួសារ និងបុរសជាប្តី មានការឆោឡោ ចេញទៅតាមរករហូតដល់កណ្តាលយប់ តែរកតែមិនឃើញសោះ។

ប្រភពដដែល បន្តថា រហូតមកដល់ព្រឹកឡើង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានដើររកប្រពន្ធបន្តទៀត ស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួន ដេកស្លាប់អាក្រាតកាយ ដោយមានស្មៅគ្របពីលើ នៅចំណុចទីតាំងកើតហេតុខាងលើ ទើបកើតមានការផ្អើលឆោឡោឡើង និងបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ  រួមជាមួយក្រុមគ្រូពេទ្យ បានចុះមកកន្លែងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិនិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ បានស្លាប់ដោយសារករណីឃាតកម្ម រំលោភសម្លាប់ និងប្លន់យកម៉ូតូ ១គ្រឿង។

សពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ករណីនេះ ក្រុមគ្រួសារសព បានអំពាវនាវនិងទទូចស្នើសុំទៅដល់លោកស្នងការនគរបាលខេត្តកំពត និងមន្ត្រីជំនាញពាក់ព័ន្ធ មេត្តាជួយវែកមុខរកឃាតករដៃឆៅ នាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ជូនក្រុមគ្រួសារសព។

ជុំវិញករណីឃាតកម្មខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងដុតដៃដុតជើងបើកការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនដៃដល់ជាឃាតករ នាំយកមកផ្តន្ទាទោសឱ្យខាងតែបាន៕

RELATED ARTICLES