Saturday, September 21, 2024
Homeព័ត៌មានជាតិឈាមស្រែកស្បែកហៅ ចាប់ឃាតករបានហើយ រំលោភសម្លាប់សង្សារ ហៅម៉ែមកយកសព

ឈាមស្រែកស្បែកហៅ ចាប់ឃាតករបានហើយ រំលោភសម្លាប់សង្សារ ហៅម៉ែមកយកសព

ខេត្តកំពង់ចាម ៖ ករណីឃាតកម្មដ៏សាហាវឃោរឃៅទៅលើយុវតីម្នាក់ (រំលោភរួចច្របាច់កសម្លាប់) កាលពីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចខាងក្រោយវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ នោះ ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវបំបែកសំណុំរឿង និងឈានដល់ការចាប់ឃាត់ខ្លួនជនដៃដល់បានហើយ ដោយឃាតករ គឺជាសង្សាររបស់យុវតីរងគ្រោះតែម្តង។

ប្រតិបត្តិការបង្ក្រាប ចាប់ខ្លួនជនដៃដល់ជាឃាតកររំលោភសម្លាប់សង្សាររបស់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោង ៩និង២៣នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅលើទឹកដីខេត្តក្រចេះ។

ជនសង្ស័យជាឃាតករ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះគា សុគុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម (ត្រូវជាសង្សាររបស់យុវតីរងគ្រោះ)។  ចំណែកយុវតីរងគ្រោះ ឈ្មោះ ស.ស.ជ អាយុ២០ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចបានទទួលព័ត៌មានថា មានមនុស្សស្លាប់នៅចំណុចខាងក្រោយវត្តភ្នំជ័យគិរី (ភ្នំហាន់ជ័យ) ចម្ងាយប្រមាណ ៣០០ម៉ែត្រ ពីភ្នំ ស្ថិតក្នុងភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម។

ក្រោយទទួលព័ត៌មាន និងដោយមានការយកចិត្តទុកដាក់ ចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត។

នៅទីតាំងកើតហេតុ សមត្ថកិច្ចបានពិនិត្យឃើញសពដែលមានអត្តសញ្ញាណ ឈ្មោះ ស.ស.ជ ភេទស្រី អាយុ២០ឆ្នាំ មានលំនៅ ភូមិព្រែកកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលត្រូវបានលើកស្រង់ចេញពីក្នុងទឹករណ្តៅដី ដែលមានជម្រៅ ប្រមាណ ១៥០សង់ទីម៉ែត្រ មានចម្ងាយពីផ្លូវថ្នល់កៅស៊ូ បត់ស្តាំទៅទិសខាងជើង មានចម្ងាយប្រមាណ ១១០ម៉ែត្រ ហើយពិនិត្យឃើញនៅទិសខាងលិច ឆៀងខាងត្បូងនៃសព មានស្លាកស្នាមទ្រុឌទក់ៗ ហើយមានបន្សល់ទុកនូវលោហធាតុពណ៌លឿង ចំនួន១ខ្សែ សៀវភៅសរសេរ ចំនួន ៣ក្បាល ប៊ិក ១ដើម ឌុយសាកថ្មទូរស័ព្ទ ចំនួន១ គ្រឿងសម្អាងរបស់មនុស្សស្រី មួយចំនួន និងម៉ាស់ពណ៌សចំនួន១។

តាមលទ្ធផលពិនិត្យសព បញ្ជាក់ថា នៅលើសព ផ្នែក (ក) មានស្លាកស្នាមជាំរលាត់នៅនឹងរង្វង់ក ចំណែកនៅលើប្រដាប់ភេទ ពិនិត្យឃើញមានទឹកកាម (បានរួមភេទ)។ តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច ករណីនេះគឺជាករណីរំលោភសម្លាប់ ដោយជនសង្ស័យធ្វើសកម្មភាពចាប់រំលោភនារីរងគ្រោះ រួចច្របាច់កសម្លាប់ជនរងគ្រោះ យកសពទៅទម្លាក់ចូលក្នុងរណ្តៅដីដែលមានទឹក នៅទិសខាងកើតឆៀងខាងជើង ចម្ងាយប្រមាណ ៨ម៉ែត្រ ពីទីតាំងដែលមានបន្សល់ស្លាកស្នាមទក់ៗ។

លោកស្នងការ បានឱ្យដឹងបន្តថា បន្ទាប់ពីការស្រាវជ្រាវស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់មក សមត្ថកិច្ច កំណត់បានអត្តសញ្ញាណជនសង្ស័យ ចំនួន១នាក់ ឈ្មោះគា សុគុន ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅ ភូមិខែលជ័យ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ត្រូវជាសង្សាររបស់នារីរងគ្រោះ) និងឈានដល់ការបើកប្រតិបត្តិការតាមចាប់ខ្លួនជនសង្ស័យ ដល់ទឹកដីខេត្តក្រចេះ តែម្តង។

លោកស្នងការ បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងដោយមានកិច្ចសហការល្អពីនាយកដ្ឋានកណ្តាលសន្តិសុខ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ពោលគឺក្រោយកើតហេតុ រយៈពេល ២ថ្ងៃ គឺនៅវេលា ម៉ោង ៩និង២៣នាទីព្រឹក ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះគា សុគុន បាន នៅក្នុងភូមិសាស្ត្រទឹកដីខេត្តក្រចេះ។

 ជនសង្ស័យជាឃាតករខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង  បញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា យុវតីម្នាក់ បានចេញធ្វើដំណើរចេញពីផ្ទះ ដើម្បីទៅរៀនគួរ ដូចសព្វដង លុះដល់ល្ងាច មិនឃើញវិលត្រឡប់មកផ្ទះវិញ ទើបស្ត្រីជាម្តាយបានទូរស័ព្ទទៅសួរកូនស្រី តែបែរជាឮសំឡេងមនុស្សប្រុសម្នាក់ជាអ្នកលើក ដោយប្រាប់ឱ្យមកយកសពកូនស្រី នៅខាងក្រោយវត្ត ទើបឪពុកម្តាយប្រញាប់ទៅដល់ទីតាំងដែលគេប្រាប់នោះភ្លាមៗ ក៏ប្រទះឃើញកូនស្រីរបស់ខ្លួនបានដេកស្លាប់បាត់យ៉ាងអាណោចអាធ័ម លុះសមត្ថកិច្ចជំនាញចុះមកពិនិត្យ ក៏បញ្ជាក់ថា យុវតីរងគ្រោះ បានស្លាប់ដោយសារការចាប់រំលោភ រួចច្របាច់កសម្លាប់។

យោងតាមសម្តីរបស់ឪពុកម្តាយយុវតីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ កូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) បានធ្វើដំណើរចេញពីផ្ទះ ដើម្បីទៅរៀនគួរ ដូចសព្វដង រហូតមកដល់វេលាម៉ោង ៥និង៣០នាទី ថ្ងៃដដែល ដោយបាត់មិនឃើញកូនស្រីត្រឡប់មកផ្ទះវិញ ទើបគាត់ជាម្តាយ បានទូរស័ព្ទទៅរកកូនស្រី ភ្លាមនោះ ពួកគាត់បានឮសូរសំឡេងមនុស្សប្រុស ជាអ្នកលើកទូរស័ព្ទ រួចប្រាប់ឱ្យគាត់មកយកសពកូនស្រីរបស់គាត់ នៅខាងក្រោយវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ចម្ងាយប្រហែល ៣០០ម៉ែត្រ បត់ស្តាំ នឹងឃើញសពហើយ។

ប្រភពដដែល បន្តថា ក្រោយពីនិយាយចប់ មនុស្សប្រុសនោះ ក៏បិទទូរស័ព្ទទៅ ហើយពួកគាត់និងក្រុមគ្រួសារ ព្រមទាំងបងប្អូន សាច់ញាតិ ក៏ប្រញាប់ទៅកាន់ចំណុចទីតាំងកើតហេតុខាងលើ (តាមអ្វីដែលមនុស្សប្រុសនោះប្រាប់តាមទូរស័ព្ទ) រហូតដល់ម៉ោងប្រមាណ ៨យប់ ថ្ងៃដដែល ក៏បានឃើញសពកូនស្រីរបស់ខ្លួន ដេកស្លាប់នៅក្នុងរណ្តៅដី ស្ថិតនៅក្រោយវត្តភ្នំជ័យគិរី ហៅភ្នំហាន់ជ័យ ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យស្រុកកំពង់សៀម នោះតែម្តង ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗ។ លុះសមត្ថកិច្ចជំនាញចុះមកពិនិត្យនិងធ្វើកោសល្យវិច័យសពរួច បញ្ជាក់ប្រាប់ថា កូនស្រីរបស់គាត់ បានស្លាប់ដោយសារអំពើឃាតកម្ម (ចាប់រំលោភ រួចច្របាច់កសម្លាប់ យកសពបោះចោលក្នុងទឹក)៕

RELATED ARTICLES