Saturday, September 21, 2024
Homeព័ត៌មានជាតិកំពុងបើកសុខៗ ឆេះឡានហ្មត់

កំពុងបើកសុខៗ ឆេះឡានហ្មត់

ភ្នំពេញ ៖ រថយន្ត ១គ្រឿង កំពុងតែបើកបរនៅលើដងផ្លូវសុខៗ ស្រាប់តែមានផ្សែងហុយចេញពីគំរបម៉ាស៊ីន រួចក៏កើតជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យតៃកុងរថយន្តនិងអ្នករួមដំណើរ ស្ទុះរត់ចេញទាំងព្រលឹងចុងសក់ ហើយភ្លាមនោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ច បញ្ជូនរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ដែរ តែទប់ស្កាត់មិនទាន់ឡើយ ពោលគឺរថយន្តទាំងមូល ត្រូវភ្លើងឆេះហ្មត់ សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ។

ហេតុការណ៍ភ្លើងឆេះរថយន្តខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ត្រង់ចំណុចមុខផ្ទះលេខ៤០៨ ភូមិ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា។

ម្ចាស់រថយន្តដែលរងការឆាបឆេះ មានឈ្មោះ SNG CHWEE HUAT ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិសិង្ហបុរី មុខរបរអ្នកដឹកជញ្ជូន។ ចំណែករថយន្តដែលរងការឆាបឆេះ ម៉ាក Honda CRV ស៊េរីឆ្នាំ១៩៩៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2C-7679។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ ជាជនជាតិសិង្ហបុរី ខាងលើ រួមដំណើរជាមួយបុរស ២នាក់ទៀត បានបើកបររថយន្ត ១គ្រឿង ម៉ាក Honda CRV ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត តាមបណ្តោយផ្លូវកម្ពុជាក្រោម។ លុះមកដល់ត្រង់ចំណុចខាងលើ ស្រាប់តែឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញពីគម្របម៉ាស៊ីន រួចក៏ឆាបឆេះចេញជាអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្តង ជាហេតុធ្វើឱ្យទាំងអ្នកបើកបរ និងអ្នករួមដំណើរ ២នាក់ទៀត ព្រមទាំងប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅលើដងផ្លូវជាមួយគ្នា មានការផ្អើលឆោឡោយ៉ាងខ្លាំង។

ប្រភពដដែល បន្តថា ភ្លាមៗនោះ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បាននាំគ្នាំទាញយកបំពង់បាញ់ពន្លត់អគ្គិភ័យ និងទាញទុយោទឹក មកជួយបាញ់ទប់ស្កាត់ដែរ តែដោយស្ថានការឆេះខ្លាំងពេក ទើបមិនអាចគ្រប់គ្រងបាន ក៏ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ។ លុះបន្តិចក្រោយមក ក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង បានមកដល់ និងជួយអន្តរាគមន៍បាញ់ទឹកភ្លាមៗ ដើម្បីការពារកុំឱ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើតហេតុជាបន្តទៀត។

តាមការបញ្ផាក់ពីសមត្ថកិច្ចជំនាញអគ្គិភ័យ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានការឆាបឆេះរថយន្តខាងលើនេះ គឺបណ្តាលមកពីរថយន្តឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យខូចខាតរថយន្ត Honda CRV ខាងលើទាំងស្រុង (សល់តែគ្រោងឆ្អឹងដែកប៉ុណ្ណោះ) តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ហើយក៏មិនមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះដែរ។

ជុំវិញប្រតិបត្តិការពន្លត់អគ្គិភ័យ (ភ្លើងឆេះរថយន្ត) ខាងលើ កងកម្លាំងអន្តរាគមន៍បង្ការ-ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត ស្មើនឹង ៤ម៉ែត្រគូប និងមានជំនួយអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងអូឡាំព្យ៉ា ចំនួន ១គ្រឿងផងដែរ ប៉ុន្តែពុំបានប្រើប្រាស់ទឹកឡើយ និងបានពន្លត់ភ្លើងរលត់ជាស្ថាពរ នៅវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃដដែល៕

RELATED ARTICLES