ភ្នំពេញ ៈ ក្មេងស្រីអាយុ ៤ឆ្នាំម្នាក់ បានកើតមានអាការគ្រុនឈាម រហូតស្ថិតក្នុងសភាពធ្ងន់ធ្ងរបំផុត ដោយអស់ជីពចរ និងដង្ហក់ដាច់ដង្ហើម ព្រមទាំងមានហូរឈាមក្រពះ ពោះវៀនទៀតផង សំណាងល្អត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកកាន់ មន្ទីរពេទ្យគន្ធបុប្ជា ទាន់ ទើបត្រូវ បានក្រុមគ្រូពេទ្យជំនាញជួយសង្គ្រោះជីវិតទាន់ពេលវេលា។
តាមប្រភពមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងនៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ថា «រដូវភ្លៀងធ្លាក់ មិនទាន់បញ្ចប់នៅឡើយ រួមគ្នារក្សាអនាម័យ ភូមិឋាន កម្ចាត់ជម្រកមូសខ្លា ដើម្បីការពារកូនចៅ កុំឱ្យមូសខ្លាខាំ នឹងកើតជំងឺគ្រុនឈាម អាចសម្លាប់កូនអ្នកបាន។
ក្មេងស្រីតូចម្នាក់នេះ អាយុ៤ឆ្នាំ មកដល់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត ៖ អស់ជីពចរ ដង្ហក់ដាច់ដង្ហើម និងហូរឈាមក្រពះ ពោះវៀន ដោយសារជំងឺគ្រុនឈាម។ ក្មេងស្រីរងគ្រោះ ត្រូវបានព្យាបាលសង្គ្រោះជីវិត ដោយម៉ាស៊ីនសប់ដង្ហើម និងបញ្ចូលឈាម និងប្លាស្មា អស់ ៧ប្លោក នៅបន្ទប់សង្គ្រោះបន្ទាន់ អស់៧ថ្ងៃ។
ថ្ងៃនេះក្មេងស្រីតូច បានធូរស្រាល និងរស់ឡើងវិញ ដោយសារគ្រូពេទ្យផ្នែកសង្គ្រោះបន្ទាន់ គន្ធបុប្ផា ដែលបានជួយជីវិតមួយនេះ។ រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃ សម្រាប់គ្រប់គ្នា ដោយគ្មានការរើសអើង»៕