Saturday, September 21, 2024
Homeព័ត៌មានជាតិរំលោភសម្លាប់ ចោលសពអាក្រាត រត់គេច៣ថ្ងៃ ប៉ូលិសចាប់បាន

រំលោភសម្លាប់ ចោលសពអាក្រាត រត់គេច៣ថ្ងៃ ប៉ូលិសចាប់បាន

ខេត្តកំពត ៖ ជនសង្ស័យជាឃាតករចិត្តកំណាចម្នាក់ ដែលបានធ្វើសកម្មភាពចាប់រំលោភស្ត្រីម្នាក់ រហូតបានសម្រេច កាលពីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់គុម្ពោតព្រៃមួយកន្លែង ចំណុចភ្នំព្រាល ស្ថិតនៅក្នុងស្រុកឈូក រួចវាយសម្លាប់បំបិទមាត់ ចោលសពអាក្រាត ថែមទាំងប្លន់យកម៉ូតូ ១គ្រឿងរបស់ស្ត្រីរងគ្រោះ ជិះគេចខ្លួនទៀតនោះ ទីបំផុតឈាមស្រែកស្បែកហៅ ក្រោយពីរត់គេចខ្លួនបាន ៣ថ្ងៃ ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវចាប់ក្របួចជាប់ ព្រមទាំងដកហូតម៉ូតូរបស់ជនរងគ្រោះត្រឡប់មកវិញផងដែរ។

ករណីឃាតកម្មរំលោភសម្លាប់យ៉ាងព្រៃផ្សៃនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់គុម្ពោតព្រៃមួយកន្លែង ចំណុចភ្នំព្រាល ស្ថិតនៅក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក។ លុះមកដល់វេលាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ទើបក្រុមគ្រួសារស្ត្រីរងគ្រោះបានតាមរកឃើញសពស្ត្រីរងគ្រោះ ស្ថិតក្នុងសភាពអាក្រាតកាយ ដោយមានស្មៅគ្របពីលើ នៅក្បែរគុម្ពោតព្រៃ។ បន្ទាប់មក នៅវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ពោលគឺក្រោយកើតហតុរយៈពេល ៣ថ្ងៃ កម្លាំងសមត្ថកិច្ចជំនាញខេត្តកំពត បានស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យជាឃាតករបាន នៅចំណុចភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ។

ជនសង្ស័យជាឃាតកររំលោភសម្លាប់ប្រពន្ធគេ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះង៉ុក ច្រិល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិត្រពាំងគគីរ ឃុំល្បើក ស្រុកឈូក។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះឆាលី អាយុ២៦ឆ្នាំ មុខរបរកសិករ មានប្តីនិងមានកូនប្រុសម្នាក់ មានលំនៅក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រោយកើតមានករណីឃាតកម្មខាងលើភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការនគរបាលស្រុកឈូក និងកម្លាំងអធិការនគរបាលស្រុកទឹកឈូ បានបើកការស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួន ជនសង្ស័យឈ្មោះង៉ុក ច្រិល បាន នៅវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត។

ប្រភពដដែល បន្តថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ម៉ូតូ ចំនួន ១គ្រឿង និងទូរស័ព្ទ ១គ្រឿង (ជារបស់ស្ត្រីរងគ្រោះ)។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

 គួររំលឹកថា កាលពីវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើតឡើងនៅត្រង់គុម្ពោតព្រៃ មួយកន្លែង ចំណុចភ្នំព្រាល ស្ថិតនៅក្នុងភូមិស្រែលាវ ឃុំត្រពាំងភ្លាំង ស្រុកឈូក ដោយស្ត្រីម្នាក់ បានជិះម៉ូតូចេញពីផ្ទះ បំណងទៅផ្លាស់ក្របី នៅវាលស្រែ ដូចសព្វដង លុះក្រោយមកក៏បាត់ឈឹង មិនឃើញត្រឡប់មកផ្ទះវិញ ធ្វើឱ្យបុរសជាប្តី បារម្ភ បានចេញទៅតាមស្វែងរកពេញ ១យប់ តែរកមិនឃើញសោះ លុះព្រឹកឡើង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួនដេកស្លាប់អាក្រាតកាយ នៅគុម្ពោតព្រៃ មួយកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើល ប្តឹងសមត្ថកិច្ចចុះពិនិត្យ ទើបដឹងថា ស្ត្រីរងគ្រោះត្រូវជនដៃដល់ចាប់រំលោភ រួចសម្លាប់ ប្លន់យកម៉ូតូ ១គ្រឿង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ស្ត្រីរងគ្រោះខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ចេញពីផ្ទះ សំដៅទៅវាលស្រែ ក្នុងគោលបំណងទៅផ្លាស់ក្របី នៅវាលស្រែ ដូចសព្វដង។ លុះក្រោយមក  មិនឃើញស្ត្រីរងគ្រោះត្រឡប់មកផ្ទះវិញសោះ ទើបធ្វើឱ្យក្រុមគ្រួសារ និងបុរសជាប្តី មានការឆោឡោ ចេញទៅតាមរក រហូតដល់កណ្តាលយប់ តែរកតែមិនឃើញ។

ប្រភពដដែល បន្តថា រហូតមកដល់ព្រឹកឡើង ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានដើររកប្រពន្ធបន្តទៀត ស្រាប់តែប្រទះឃើញប្រពន្ធរបស់ខ្លួន ដេកស្លាប់អាក្រាតកាយ ដោយមានស្មៅគ្រប ពីលើ នៅចំណុចទីតាំងកើតហេតុខាងលើ ទើបកើតមានការផ្អើលឆោឡោឡើង និងបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗតែម្តង។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ  រួមជាមួយក្រុមគ្រូពេទ្យ បានចុះមកកន្លែងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ បានស្លាប់ដោយសារករណីឃាតកម្ម រំលោភសម្លាប់ និងប្លន់យកម៉ូតូ៕

RELATED ARTICLES