Saturday, September 21, 2024
Homeព័ត៌មានជាតិដើរឆ្លងទំនប់ទៅបង់ត្រី ទឹកកួចបាត់ខ្លួន

ដើរឆ្លងទំនប់ទៅបង់ត្រី ទឹកកួចបាត់ខ្លួន

ខេត្តឧត្តរមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ ត្រូវបានទឹកហូរកួច បណ្តាលឱ្យបាត់ខ្លួន ពេលដើរឆ្លងទំនប់បង្ហៀរ ទៅបង់ត្រី ស្របពេលដែលទឹកកំពុងហូរខ្លាំង។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតកាលពីម៉ោង ៣រសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចបង្ហៀរខ្ទុំ ក្នុងភូមិខ្ទុំ សង្កាត់កូនគ្រៀល ក្រុងសំរោង។

បុរសរងគ្រោះដែលត្រូវទឹកហូរកួចបាត់ខ្លួននោះ មានឈ្មោះលិញ ឡែក អាយុ៥២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមសម្តីរបស់ស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅម៉ោងប្រហែល ១រសៀល ប្តីរបស់គាត់បានស្ពាយសំណាញ់ ចេញទៅរកបង់ត្រី នៅទំនប់បង្ហៀរខ្ទុំ (ទីតាំងកើតហេតុ) ស្រាប់តែមកដល់វេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃដដែល ក៏មានអ្នកភូមិបានរត់មកប្រាប់គាត់ជាប្រពន្ធថា ប្តីរបស់គាត់ត្រូវទឹកហូរកួច បាត់ខ្លួនហើយ។ បន្ទាប់ពីទទួលដំណឹងដ៏រន្ធត់នេះភ្លាម រូបគាត់ រួមជាមួយសាច់ញាតិ ព្រមទាំងអ្នកភូមិ បាននាំគ្នាចេញទៅដល់កន្លែងកើតហេតុ ដើម្បីនាំគ្នាជួយរកប្តីដែរ តែមិនឃើញសោះ។

ជុំវិញហេតុការណ៍ខាងលើនេះ អាជ្ញាធរក្រុង និងនគរបាលក្រុងសំរោង បានចុះមកដល់ពិនិត្យស្ថានភាពទំនប់បង្ហៀរ និងចាត់ចែងចងខ្សែព័ទ្ធ មិនឱ្យពលរដ្ឋដើរឆ្លងកាត់ទំនប់បង្ហៀរដែលទឹកហូរខ្លាំងនោះទៀតទេ និងបានចាត់កម្លាំងជួយរកដែរ តែរហូតមកដល់ម៉ោង ៨យប់ថ្ងៃ ដដែលនោះ នៅពុំទាន់រកឃើញបុរសដែលត្រូវទឹកហូរកួចបាត់ខ្លួននៅឡើយ៕

RELATED ARTICLES