Saturday, September 21, 2024
Homeព័ត៌មានជាតិជម្លោះស្នេហាត្រីកោណ ប្តីចុងចាក់សម្លាប់ប្តីដើម

ជម្លោះស្នេហាត្រីកោណ ប្តីចុងចាក់សម្លាប់ប្តីដើម

ភ្នំពេញ ៖ ស្ត្រីម្នាក់ ក្រោយពីលែងលះជាមួយប្តីរួច បានជួបស្គាល់បុរសម្នាក់ទៀត រួចក៏បានរួមរស់នឹងគ្នាជាប្តីប្រពន្ធ ដោយ មិនបានរៀបការ ឬចុះអេតាស៊ីវិលអ្វីទេ លុះប៉ុន្មានឆ្នាំក្រោយមក ស្រាប់តែស្ត្រីជាប្រពន្ធ បានជួបប្តីដើមរបស់ខ្លួនវិញ រួច ក៏ចាប់ផ្តើមត្រូវរ៉ូវគ្នា រហូតដល់ចង់បន្តនិស្ស័យជាប្តីប្រពន្ធ រួមរស់ជុំគ្នាឡើងវិញ ទើបបានសុំបែកពីបុរសជាប្តីចុង តែប្តីចុង មិនព្រម។ លុះក្រោយមក ស្ត្រីជាប្រពន្ធ និងបុរសជាប្តីដើម បានណាត់ប្តីចុង ទៅជួប ដើម្បីដោះស្រាយបញ្ចប់រឿង បែរជាផ្ទុះជម្លោះ ឈានដល់អំពើហិង្សា ដោយបុរសជាប្តីចុង បានចាក់ប្តីដើមស្លាប់ រួចព្យាយាមរត់គេចបាន ៣ថ្ងៃ ក៏ត្រូវសមត្ថកិច្ចតាមចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើឃាតកម្ម ប្តីចុងចាក់សម្លាប់ប្តីដើមនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្លូវលំ ក្រុម១៥ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា។ លុះមកដល់វេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ទើបកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាឃាតករបាន នៅចំណុចផ្ទះសំណាក់ ផ្កាយព្រឹក ស្ថិតក្នុងភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ព្រំដែនកម្ពុជា-ថៃ និងបញ្ជូនមកប្រគល់ឱ្យកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យជាឃាតករដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះណែម សំអាត ភេទប្រុស អាយុ៣០ឆ្នាំ (ជាប្តីចុង)។ ចំណែកជនរងគ្រោះ មានឈ្មោះអ៊ិន សុខធី ឬសុខ ធី ហៅម៉ាប់ ភេទប្រុស អាយុ២៩ឆ្នាំ (ជាប្តីដើម)។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានករណីឃាតកម្មមួយ បានកើតឡើងដោយឈ្មោះណែម សំអាត បានប្រើកូនកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះអ៊ិន សុខធី ហៅម៉ាប់ នៅចំណុចផ្លូវលំ ក្រុម១៥ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់តាមផ្លូវ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ដល់កម្លាំងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យចុះទៅដល់កន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវ តាមចាប់ជនសង្ស័យឲ្យខាងតែបាន។

បន្ទាប់ពីទទួលបានបទបញ្ជាភ្លាម កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វា បានបើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបានថា ជនសង្ស័យបានគេចខ្លួនទៅឯខេត្តបាត់ដំបង។ បន្ទាប់មក កម្លាំងជំនាញ បន្តសហការជាមួយកម្លាំងអាវុធហត្ថខេត្តបាត់ដំបង រួមគ្នាធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះណែម សំអាត នៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ ផ្កាយព្រឹក ស្ថិតក្នុងភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ព្រំដែនកម្ពុជា-ថៃ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះណែម សំអាត បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៨-២០១៩ ខ្លួនបានស្គាល់ស្ត្រីមេម៉ាយម្នាក់ ឈ្មោះនី សុខុម និងបានរួមរស់ជាប្តីប្រពន្ធ ដោយពុំបានរៀបការស្របច្បាប់នោះទេ។ បន្ទាប់ពីរួមរស់ជាមួយគ្នាបានមួយរយៈស្រាប់តែប្រពន្ធខ្លួន បានប្រាប់ថា ចង់សុំបែកគ្នាជាមួយរូបខ្លួន ដោយសារតែនាងបានជួបប្តីដើម ឈ្មោះអ៊ិន សុខធី (ជនរងគ្រោះ) ដែលធ្លាប់បានរៀបការជាមួយគ្នា និងមានកូនប្រុសម្នាក់នោះវិញ។ លុះនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ប្រពន្ធខ្លួន ឈ្មោះនី សុខុម និងឈ្មោះអ៊ិន សុខធី (ជនរងគ្រោះ) ដែលជាប្តីដើម បានហៅតាមទូរស័ព្ទ ឱ្យរូបខ្លួនទៅនិយាយគ្នានៅផ្ទះ ពីរឿងបែកគ្នា ខណៈនោះ រូបខ្លួនក៏បានជិះម៉ូតូ ដោយមានកូនកាំបិតចុងស្រួចមួយ សៀតចង្កេះផង។ នៅពេលទៅដល់ ដោយសារតែនិយាយមិនត្រូវរ៉ូវគ្នា ក៏បានបង្កជាជម្លោះពាក្យសម្តីខ្លាំងៗជាមួយក្រុមគ្រួសារខាងប្តីដើម រហូតឈានដល់ការប្រតាយប្រតប់គ្នា ភ្លាមនោះឈ្មោះអ៊ិន សុខធី (ជនរងគ្រោះ) បានស្ទុះមករកវាយខ្លួន ទើបខ្លួនទាញកាំបិតចុងស្រួចគ្រវីគ្រវាត់ បណ្តាលឱ្យត្រូវចំជនរងគ្រោះដួល តែពុំដឹងត្រូវកន្លែងណាខ្លះទេ។ បន្ទាប់ពីកើតហេតុរួច ខ្លួនក៏ឡើងជិះម៉ូតូ គេចខ្លួន និងលាក់ខ្លួនបាន១យប់ ក៏បន្តជិះរថយន្ត គេចខ្លួនទៅខេត្តបាត់ដំបង សម្រាកនៅទីនោះបានមួយយប់មួយថ្ងៃ។ លុះដល់វេលាម៉ោងប្រហែល ១១យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្រាប់តែត្រូវបានសមត្ថកិច្ចអាវុធហត្ថ ចុះមកធ្វើការចាប់ឃាត់ខ្លួនតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES