Saturday, September 21, 2024
Homeព័ត៌មានជាតិស្រី៣នាក់ ចាប់ប្រុសបោក អួតដុល្លារខ្មោច ថាចាយមិនអស់

ស្រី៣នាក់ ចាប់ប្រុសបោក អួតដុល្លារខ្មោច ថាចាយមិនអស់

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបាននារីរូបស្រស់ ចំនួន៣នាក់ តាមរកមុខឃើញ ក្របួចជាប់ ប្រគល់ឱ្យសមត្ថកិច្ចទាំង កណ្តាលអធ្រាត្រ ដោយអះអាងថា គឺជាជនឆបោក អួតអាងថាខ្លួនជាប៉ូលិស និងមានលុយចាយមិនអស់ បានធ្វើសកម្មភាពឆបោកយកទូរស័ព្ទ លុយកាក់ និងគ្រឿងអលង្ការបស់នារីរូបស្រស់ទាំង៣នាក់ ជាបន្តបន្ទាប់ រួចរត់គេចខ្លួនបាត់ ស្រាប់តែចុងក្រោយ បែរជាអស់លក្ខណ៍ ត្រូវនារីរងគ្រោះតាមរកមុខឃើញ។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវចូលវត្តតាងកសាង ត្រង់ត្រង់ចំណុចមុខផ្ទះសំណាក់ដំរីធំ ស្ថិតក្នុងភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសួរ ពិសិដ្ឋ ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកនារីរងគ្រោះម្នាក់ បានប្រាប់ថា នាងមានឈ្មោះលន់ កំសាន្ត ភេទស្រី អាយុ២០ឆ្នាំ មុខរបរបុគ្គលិកហាង ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែកសម្ភារៈ និងទ្រព្យសម្បត្តិរបស់នារីរងគ្រោះទាំង៣នាក់ ដែលត្រូវជនសង្ស័យឆបោកយកទៅ រួមមាន ទូរស័ព្ទដៃ ម៉ាក Iphone XS MAX ពណ៌ទឹកមាស ១គ្រឿង កងដៃប្លាទីន ចំនួន២ឈុត តម្លៃជាង ១ពាន់ដុល្លារ។

តាមប្រភពពីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា ករណីជនសង្ស័យខាងលើ លួងលោមឆបោកយកទូរស័ព្ទដៃ លុយកាក់ និងគ្រឿងអលង្ការ ពីពួកនាងទាំង៣នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចមុខហាង ដាយមិនស្តារ ក្រុមទី៥ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

នារីរងគ្រោះ បន្តថា មុនកើតហេតុ បុរសជាជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួងលោម រួចឆបោកពួកនាងជាបន្តបន្ទាប់ ដោយបង្ហាញដុល្លារទាំងដុំៗ តែតាមពិតជាលុយសែនខ្មោច ដោយជននេះបានបោកពួកនាង យកលុយ ៥០ដុល្លារ ទូរស័ព្ទអាយហ្វូន ចំនួន២គ្រឿង និងកងដៃឈុតប្លាទីន ចំនួន២ឈុត ដែលមានតម្លៃជាង ១ពាន់ដុល្លារ រួចជនសង្ស័យ បានគេចខ្លួនបាត់ស្រមោលតែម្តង ។

នារីរងគ្រោះទាំង៣នាក់ បានបញ្ជាក់ថា លុះមកដល់វេលាម៉ោង ៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ពួកនាងបានជិះម៉ូតូកង់បី ត្រឡប់មកពីញ៉ាំបបរស នៅម្តុំផ្សារស៊ិនជូរីផ្លាហ្សា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច  ខណៈពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញបុរសជាសង្ស័យកំពុងតែឈរនៅមុខផ្ទះសំណាក់ ក៏បានឱ្យអ្នកបើកម៉ូតូកង់បីឈប់ រួចចុះឃាត់ចាប់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ច ដើម្បីសាកសួរតែម្តង។

បុរសសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលកាកាបទី២ ធ្វើការសាកសួរ ដើម្បីរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES