Saturday, September 21, 2024
Homeព័ត៌មានជាតិប្តីធ្វើចោរឆក់ គេចាប់វ៉ៃ ប្រពន្ធឱបការពារ

ប្តីធ្វើចោរឆក់ គេចាប់វ៉ៃ ប្រពន្ធឱបការពារ

ភ្នំពេញ ៖ បុរសម្នាក់ កំពុងជិះម៉ូតូដឹកប្រពន្ធ និងកូនតូច ធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែត្រូវជនសង្ស័យ ១ក្រុម មានគ្នា ៣នាក់ ជិះម៉ូតូ ៣គ្រឿង បានធ្វើសកម្មភាពតាមឆក់ខ្សែក តែមិនបានសម្រេច ទើបព្យាយាមរត់គេចខ្លួន តែសំណាងមិនល្អ ជនសង្ស័យម្នាក់ បានជិះជ្រុលទៅបុកម៉ូតូអ្នកដំណើរ បណ្តាលឱ្យដួល និងត្រូវបានប្រជាពលរដ្ឋក្របួចជាប់ ផ្ទុះកំហឹង ព្រួតវាយយ៉ាងចាស់ដៃ ហើយក្រោយមក លេខមុខស្ត្រីម្នាក់ អះអាងថា ត្រូវជាប្រពន្ធរបស់ជនសង្ស័យ បានស្ទុះចូលមកឱបប្តី និងយំសំពះអង្វរកុំឱ្យវាយដំប្តីរបស់នាងទៀត។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវបេតុងទួលពង្រ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះចាន់ កែវ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1JP-6198។ ចំណែកបុរសរងគ្រោះ មានឈ្មោះចាន់ ទី អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ ១គ្រឿង ដឹកប្រពន្ធនិងកូនប្រុសតូចម្នាក់ ធ្វើដំណើរចេញពីផ្ទះ ទៅលេងផ្ទះបងប្អូន នៅម្តុំផ្សារទួលពង្រ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័ឈ្មោះចាន់ កែវ រួមជាមួយបក្ខពួកចំនួន២នាក់ទៀត ជិះម៉ូតូ ម្នាក់១គ្រឿង តាមពីក្រោយ។ លុះពេលទៅដល់ទន្ទឹមគ្នា ជនសង្ស័យ ឈ្មោះចាន់ កែវ បានធ្វើសកម្មភាពឆក់យកខ្សែករបស់គាត់ ប៉ុន្តែឆក់ពុំបានសម្រេច ហើយបានបណ្តាលឱ្យគាត់ដួលម៉ូតូ ធ្វើឱ្យគាត់ រួមជាមួយប្រពន្ធនិងកូនប្រុសតូចម្នាក់ទៀត រងរបួសស្រាល។

បុរសរងគ្រោះ បន្តថា ចំណែកជនសង្ស័យ បានជិះម៉ូតូគេចខ្លួន ប៉ុន្តែសំណាងអាក្រកក់ បានជ្រុលទៅបុកម៉ូតូអ្នកដំណើរនៅខាងមុខ បណ្តាលឱ្យដួល ទើបគាត់ក្រោកឡើង រត់ទៅចាប់បាន ហើយក៏មានអ្នកដំណើរតាមផ្លូវ ជួយចាប់ផងដែរ។ បុរសរងគ្រោះ បញ្ជាក់ថា ខ្សែក ដែលគាត់ពាក់ជាប់ក ហើយចោរឆក់យកពុំបានសម្រេចនោះ គឺប្លាទីន ទម្ងន់១តម្លឹង៥ជី ហើយកាលដែលចោរឆក់មិនបាននោះ ក៏ព្រោះតែវាអត់ដាច់។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្រោយពេលចាប់ខ្លួន ជនសង្ស័យរូបនោះ ត្រូវបានប្រជាពលរដ្ឋបាននាំគ្នាវាយម្នាក់១ដៃ១ជើង ទ្រមខ្លួន ហើយខណៈនោះក៏បានលេចមុខប្រពន្ធរបស់ជននេះទៅដល់ បានចូលទៅឱបប្តី អង្វរកុំឱ្យប្រជាពលរដ្ឋវាយប្តីរបស់នាងបន្តទៀតអី ប៉ុន្តែដោយសារតែផ្ទុះកំហឹងខ្លាំងពេក ទើបមានអ្នកខ្លះមិនស្តាប់ នៅតែវាយរហូតដល់ទ្រមខ្លួន។

ក្រោយមក ទើបកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះទៅដល់ រួចនាំជខ្លួននសង្ស័យ ទៅសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្ត​ តាមនីតិវិធី៕

RELATED ARTICLES