Saturday, September 21, 2024
Homeព័ត៌មានជាតិឃុំខ្លួនបុរសហែកកេរ្តិ៍ គំរាមសម្លាប់អតីតសង្សារ

ឃុំខ្លួនបុរសហែកកេរ្តិ៍ គំរាមសម្លាប់អតីតសង្សារ

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន បន្ទាប់ពីទទួលរង បណ្តឹងរបស់អតីតសង្សាររបស់ខ្លួនដែលបានប្តឹងចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ និងបទបរិហារកេរ្តិ៍។

ការចាប់ខ្លួនបុរសខាងលើ ធ្វើឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បុរសខាងលើ ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះឡេង ធារ៉ា អាយុ៣៥ឆ្នាំ មុខរបរជាជាងច្នៃម៉ូដសម្លៀកបំពាក់ មានលំនៅផ្ទះ 1C ផ្លូវលេខ 5C ស្ថិតក្នុងភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ចំណែកអង្គហេតុនៃការឃាត់ខ្លួនបុរសខាងលើ គឺក្រោយពីកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ មានស្ត្រីម្នាក់អតីតជាសង្សាររបស់ជនសង្ស័យ បានទៅដាក់ពាក្យបណ្តឹងនៅការិយាល័យជំនាញព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយចោទប្រកាន់ទៅលើឈ្មោះឡេង ធារ៉ា ពីបទគំរាមកំហែងថានឹងសម្លាប់ និងបទបរិហារកេរ្តិ៍។

ក្រោយពីទទួលបានពាក្យបណ្តឹងហើយ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថ បានចេញលិខិតកោះហៅឈ្មោះឡេង ធារ៉ា ចំនួន ២លើក ដើម្បីឱ្យចូលខ្លួនទៅផ្តល់ចម្លើយតាមពាក្យបណ្តឹងនោះ តែជនសង្ស័យបានគេចវេះ មិនចូលខ្លួនតាមការកោះហៅរបស់សមត្ថកិច្ចនោះទេ។ ដូច្នោះហើយ ទើបសមត្ថកិច្ចបានស្នើសុំទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យឈ្មោះឡេង ធារ៉ា ចូលខ្លួន ដើម្បីសាកសួរ ជុំវិញការចោទប្រកាន់នេះ។

បន្ទាប់មក តំណាងអយ្យការ បានចេញដីកាបញ្ជាឱ្យចូលខ្លួន ហើយកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ បានទៅចាប់ខ្លួនឈ្មោះឡេង ធារ៉ា នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ តែម្តង។

នៅចំពោះមុខមន្ត្រីជំនាញអាវុធហត្ថ ជនសង្ស័យ បានឆ្លើយសារភាពថា កាលពីអំឡុងឆ្នាំ២០១៧ ខ្លួនធ្លាប់ជាប់ពន្ធនាគារព្រៃស ចំនួន៦ខែ ពាក់ព័ន្ធករណីកាន់កាប់អាវុធដោយគ្មានច្បាប់អនុញ្ញាត ហើយខ្លួននិងដើមបណ្តឹង គឺជាអតីតសង្សារ ក្រោយមក អតីតសង្សាររូបនោះ គេក៏មានប្តីទៅ ក្នុងកាលៈទេសៈប្រទេសត្រូវបិទខ្ទប់ ដោយជំងឺរាតត្បាតកូវីដ-១៩ ហើយអតីតសង្សារដែលជាដើមបណ្តឹង មិនបានរស់នៅជាមួយប្តីទេ និងតែងតែទាក់ទងមកខ្លួនជាធម្មតា ព្រមទាំងបានណាត់ជួបគ្នា (ហូបចុក) ជារៀងរាល់ថ្ងៃសុក្រ សៅរ៍ និងថ្ងៃអាទិត្យ ជាញឹកញាប់ទៀតផង។

ជនសង្ស័យខាងលើ បានបដិសេធចំពោះពាក្យបណ្តឹងរបស់អតីតសង្សារ ដែលបានប្តឹងចោទប្រកាន់ថា ខ្លួនជាអ្នកបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយ និងហែកអាខោនហ្វេសប៊ុក របស់ដើមបណ្តឹង ដាក់ឈ្មោះផ្សេងនោះ ខ្លួនមិនបានប្រព្រឹត្តឡើយ។ តែយ៉ាងណា ក្រោយបញ្ចប់ការ ស៊ើបសួរ តំណាងអយ្យការ បានធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ រួចបញ្ជូនចៅក្រមស៊ើបសួរ ហើយនៅថ្ងៃដដែល ចៅក្រមស៊ើបសួរ បានសម្រចឃុំខ្លួនជនសង្ស័យ ដាក់ពន្ធនាគារព្រៃស ជាបណ្តោះអាសន្ន ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះលើអង្គសេចក្តី៕

RELATED ARTICLES