Saturday, September 21, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះបុគ្គលិកធនាគារ បោកលុយអតិថិជន

វ៉ៃខ្នោះបុគ្គលិកធនាគារ បោកលុយអតិថិជន

ភ្នំពេញ ៖ បុរសជាបុគ្គលិកទទួលបន្ទុកផ្នែកឥណទាន នៃធនាគារវីង ខេមបូឌា ម.ក ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរ បាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីស៊ីសំណូកនៃនយោជិត លើទឹកប្រាក់ ១ម៉ឺនដុល្លារ។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះយ៉ង់ វីរៈ ភេទប្រុស អាយុ៣៩ឆ្នាំ ជាបុគ្គលិកទទួលបន្ទុក ផ្នែកឥណទាន នៃធនាគារវីង ខេមបូឌា ម.ក។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ដើមចមដែលឈានដល់ការចាប់ខ្លួនបុគ្គលិកធនាគារវីងខាងលើនេះ បញ្ជូនទៅតុលាការ គឺកាលពីអំឡុងខែមីនា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះយ៉ង់ វីរៈ ក្នុងនាមជាបុគ្គលិកទទួលផ្នែកឥណទាន បានប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក យកប្រាក់ពីអតិថិជន ៣នាក់ ចំនួន ១ម៉ឺនដុល្លារ ដើម្បីជាថ្នូរនឹងការបំពេញកិច្ចការរៀបចំឯកសារស្នើសុំប្រាក់កម្ចីពីធនាគារ វីង ដែលជាសកម្មភាពនេះ ផ្ទុយពីគោលការណ៍ផ្ទៃក្នុងរបស់ធនាគារ ដែលធនាគារមិនបានដឹង និងមិនយល់ព្រមអនុញ្ញាតឱ្យបុគ្គលិកធ្វើដូច្នេះឡើយ។

លើសពីនេះទៀត តាមការស្រាវជ្រាវរបស់ធនាគារ ឈ្មោះយ៉ង់ វីរៈ នេះ ក៏ធ្លាប់បានបង្ខិតបង្ខំអតិថិជនឱ្យប្រគល់ប្រាក់ឱ្យរូបគេ បើមិនដូច្នោះទេ គេមិនបំពេញកិច្ចការរៀបចំឯកសារដាក់ស្នើសុំកម្ចីប្រាក់ពីធនាគារនោះទេ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយ៉ង់ វីរៈ ក៏បានឆ្លើយសារភាពប្រហាក់ប្រហែល ទៅនឹងអង្គហេតុដូចបានរៀបរាប់ខាងលើនេះដែរ ដូច្នោះយោងទៅលើធាតុផ្សំនៃបទល្មើសព្រហ្មទណ្ឌ ពិតជាមានគ្រប់គ្រាន់សម្រាប់ដាក់បន្ទុក ទើបសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES