Saturday, September 21, 2024
Homeព័ត៌មានជាតិអេស្កាវ៉ាទ័រកិនម៉ូតូ ស្លាប់២នាក់ឪកូន

អេស្កាវ៉ាទ័រកិនម៉ូតូ ស្លាប់២នាក់ឪកូន

ខេត្តកណ្តាល ៖ បុរសម្នាក់ ជិះម៉ូតូដឹកប្រពន្ធ និងកូនប្រុសស្រី ២នាក់ ធ្វើដំណើតាមផ្លូវសុខៗ ឃើញអេស្កាវ៉ាទ័រកំពុង ជួសជុលផ្លូវ ក៏ឈប់ពីក្រោយអេស្កាវ៉ាទ័រ ស្រាប់តែរំពេចនោះ អ្នកបើកអេស្កាវ៉ាទ័រ បានបើកថយក្រោយ ដោយខ្វះការ ប្រុងប្រយ័ត្ន មិនបានមើលគ្រប់ជ្រុងជ្រោយ ក៏កិនម៉ូតូទាំងកំរោល បណ្តាលឱ្យបុរសជាឪពុក និងកូនស្រីម្នាក់ បានស្លាប់នៅ នឹងកន្លែងយ៉ាងអាណោចអាធ័ម ចំណែកស្ត្រីជាប្រពន្ធ និងកូនប្រុសម្នាក់ទៀត សំណាងល្អ រួចរស់ជីវិត។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៨និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅលើផ្លូវលំទំនប់ជាស៊ីម ស្ថិតក្នុងភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។

តាមប្រភពពីមន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយ បានឱ្យដឹងថា ជនរងគ្រោះ ជាអ្នកបើកម៉ូតូ មានឈ្មោះកែវ ចិន្តា ភេទប្រុស អាយុ៣៦ឆ្នាំ (ស្លាប់) មានលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ បើកបរម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1Q-2587 មានអ្នករួមដំណើរចំនួន ៣នាក់ (ជិះពីក្រោយ) ទី១-ឈ្មោះស៊ីម សុខកល្យា ភេទស្រី អាយុ៣២ឆ្នាំ ទី២-ឈ្មោះចិត្ត រក្សា ភេទប្រុស អាយុ១៣ឆ្នាំ និងទី៣-ឈ្មោះចិត្ត រីយ៉ា ភេទស្រី អាយុ១១ឆ្នាំ (ស្លាប់)។ ទាំង៣នាក់ មានលំនៅក្នុងភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។ ចំណែកអេស្កាវ៉ាទ័រ ម៉ាក KOBEICO ពណ៌ខៀវខ្ចី បើកបរដោយឈ្មោះអុង សំអឿន ហៅម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅ ភូមិព្រែកដូង២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។

ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុ អេស្កាវ៉ាទ័រ ១គ្រឿង ខាងលើ បើកបរក្នុងទិសដៅពីជើង ទៅត្បូង (កំពុងជួសជុលកិនបង្ហាប់ផ្លូវ) លុះពេលបើកមកដល់កន្លែងកើតហេតុខាងលើ ស្រាប់តែមានម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម ជិះដោយជនរងគ្រោះទាំង៤នាក់ខាងលើ បើកក្នុងទិសដៅពីជើង ទៅត្បូង មកឈប់ពីក្រោយអេស្កាវ៉ាទ័រ ហើយភ្លាមនោះ អេស្កាវ៉ាទ័រ បានបើកថយក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន មិនបានមើលមុខក្រោយឱ្យបានច្បាស់លាស់ ក៏កិនម៉ូតូដែលឈប់នោះទាំងកំរោល បណ្តាលឱ្យអ្នកបើកម៉ូតូ ឈ្មោះកែវ ចិន្តា  ភេទប្រុស អាយុ៣៦ឆ្នាំ និងឈ្មោះចិត្ត រីយ៉ា ភេទស្រី អាយុ១១ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យវាស់វែង រួចអូសយកមធ្យោបាយពាក់ព័ន្ធ គឺអេស្កាវ៉ាទ័រ និងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច ហេតុការណ៍គ្រោះថ្នាក់នេះ កើតឡើងដោយសារអ្នកបើកបរអេស្កាវ៉ាទ័រ បើកថយក្រោយមិនបានមើលគ្រប់ជ្រុងជ្រោយក្នុងស្ថានភាពគ្រោះថ្នាក់។ រីឯអ្នកបើកបរម៉ូតូ បើកបរម៉ូតូមិនប្រុងប្រយ័ត្ន មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។

សពជនរងគ្រោះទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES