Saturday, September 21, 2024
Homeព័ត៌មានជាតិផឹកស្រវឹង វ៉ៃគ្នា៣ញញួរ

ផឹកស្រវឹង វ៉ៃគ្នា៣ញញួរ

ខេត្តបាត់ដំបង ៖ បុរស ២នាក់ បានជួបជុំគ្នាផឹកស៊ីរហូតដល់ស្រវឹងជោក ក៏ចាប់ផ្តើមរំលឹកដល់រឿងចាស់ ជាហេតុធ្វើឱ្យកើត ជាជម្លោះតឹងសរសៃកដាក់គ្នា ស្រាប់តែភាគីម្ខាងស្ទុះទាញញញួរសំពងក្បាលគូទំនាស់ ៣ញញួរ បណ្តាលឱ្យរងរបួសយ៉ាង ធ្ងន់ ទីបំផុតអ្នកចាញ់ដេកពេទ្យ អ្នកឈ្នះដេកប៉ុស្តិ៍។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្រុមទី១០ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល។

ជនសង្ស័យដែលសំពងក្បាលគូទំនាស់ ១ញញួរ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហម វីរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មានលំនៅ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល។ ចំណែកជនរងគ្រោះ មានឈ្មោះរុន ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានលំនៅ ភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល រងរបួសធ្ងន់ត្រង់ក្បាល។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ បានអង្គុយផឹកស៊ីជុំគ្នា ស្រាប់តែក្រោយមក ក៏កើតមានជម្លោះនឹងគ្នាយ៉ាងខ្លាំង បន្ទាប់មកជនសង្ស័យឈ្មោះ ហម វីរ៉ា បានធ្វើសកម្មភាពយកញញួរដែក វាយទៅលើជនរងគ្រោះឈ្មោះរុន ប៊ុនធឿន ចំនួន ៣ញញួរ ត្រូវចំក្បាល បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។

ករណីខាងលើ អនុវត្តន៍តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃាត់ខ្លួនជនសង្ស័យខាងលើ និងដកហូតយកវត្ថុតាង រួមមាន ញញួរផ្លែដែក ដងដែក ចំនួន១ ដែលជនសង្ស័យប្រើសម្រាប់វាយជនរងគ្រោះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស៊ីជាមួយរូបខ្លួន ហើយក៏មានទំនាស់ពាក្យសម្តីគ្នាពីរឿងដែលជនរងគ្រោះរំលឹកដល់រឿងចាស់ ទើបធ្វើឱ្យខ្លួនខឹង ក៏យកញញួរ វាយទៅលើជនរងគ្រោះ ចំក្បាល រងរបួសធ្ងន់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES