Sunday, July 6, 2025
Homeព័ត៌មានជាតិចោរគាស់ផ្ទះ ជាប់ខ្នោះ៤នាក់

ចោរគាស់ផ្ទះ ជាប់ខ្នោះ៤នាក់

ខេត្តឧត្តរមានជ័យ ៖ ជនសង្ស័យ ចំនួន៤នាក់ ដែលជាមុខសញ្ញាគាស់ផ្ទះប្រជាពលរដ្ឋ លួចយកទ្រព្យសម្បត្តិ យ៉ាងសកម្ម ត្រូវបានសមត្ថកិច្ចជំនាញក្រុងសំរោង ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុច ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង។

លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានឱ្យដឹងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ថា សមត្ថកិច្ចបានទទួលព័ត៌មាននិងបណ្តឹងពីឈ្មោះ ង៉ែត គន្ធា ភេទប្រុស អាយុ៣៨ឆ្នាំ មានលំនៅ ភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ថាមានករណីចោរគាស់ផ្ទះ លួចទ្រព្យសម្បត្តិ រួមមាន ៖ ១-ទូរទស្សន៍ ម៉ាក LG Nano ពណ៌ខ្មៅ ចំនួន១គ្រឿង។ ២-កុំព្យូទ័រយួរដៃ ម៉ាកអេស៊ូស ពណ៌សំបកឪឡឹក ចំនួន ១គ្រឿង និងម៉ាកឌែល ចំនួន១គ្រឿង។ ៣-ម៉ាស៊ីនផ្លុំធូលី ធុនតូច ពណ៌បៃតង ចំនួន១គ្រឿង។ ៤-ឈើធ្នុង ទំហំ ៥សង់ទីម៉ែត្រ គុណនឹង ៤០សង់ទីម៉ែត្រ គុណនឹង ១៥០សង់ទីម៉ែត្រ ចំនួន២សន្លឹក។ ៥-ឈើនាងនួន ទំហំ ៥សង់ទីម៉ែត្រ គុណនឹង ២០សង់ទីម៉ែត្រ  គុណនឹង ១២០សង់ទី ម៉ែត្រ ចំនួន២សន្លឹក។ ៦-ឈើធ្នង់ដុំ ទំហំ ១៤សង់ទីម៉ែត្រ គុណនឹង ១៤សង់ទីម៉ែត្រ  គុណនឹង ១០០សង់ទីម៉ែត្រ ចំនួន២ដុំ។ ៧-ឬសឈើគ្រញូងរាងមូល ទំហំ ៨សង់ទីម៉ែត្រ គុណនឹង ៨សង់ទីម៉ែត្រ  គុណនឹង ១០០សង់ទីម៉ែត្រ ចំនួន៤ដុំ។ ៨-ថូឈើធ្នុង ចំនួន៣ថូ និង៩-ខោអាវ មួយចំនួន ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។

 លោកអធិការ បន្តថា ក្រោយពេលទទួលព័ត៌មានពីជនរងគ្រោះរួចមក និងមានការដឹកនាំចង្អុលបង្ហាញបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត រូបលោក បានចាត់លោកវរសេនីយ៍ត្រី សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ដឹកនាំកម្លាំងជំនាញនិងកម្លាំងនគរប៉ុស្តិ៍រដ្ឋបាលសំរោង ចុះទៅដល់ទីកន្លែងកើតហេតុធ្វើការត្រួតពិនិត្យស្រាវជ្រាវ កំណត់បានមុខសញ្ញា និងតាមឃាត់ខ្លួនបានជនសង្ស័យ ជាបន្តបន្ទាប់ សរុបចំនួន៤នាក់ ព្រមទាំងរកឃើញសម្ភារៈវត្ថុតាង យកមកកាន់អធិការដ្ឋាន នគរបាលក្រុងសំរោង ដើម្បីធ្វើការសាកសួរតាមនីតិវិធី។

ជនសង្ស័យទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះឈៀង ចាន់ធា ហៅទើម ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្ន ភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង (ជាជនដៃដល់)។ ទី២-ឈ្មោះឈ្នៀង សុគា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិគៀប ឃុំគោកខ្ពស់ ស្រុកបន្ទាយអម្ពិល ខេត្តបន្ទាយមានជ័យ (ជាជនដៃដល់)។ ទី៣-ឈ្មោះចាត លីដេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង (អ្នកសមគំនិត) និងជាមុខសញ្ញាទើបចេញពី ពន្ធនាគារ និងទី៤-ឈ្មោះញៀន សុផល ភេទប្រុស អាយុ ២៧ឆ្នាំ មានលំនៅភូមិប្តីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង (អ្នកទទួលផលចោរកម្ម)។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះឈៀង ចាន់ធា និងឈ្មោះឈ្នៀង សុគា  បាននាំគ្នាទៅគាស់ចម្រឹងឈើដុំផ្អែកខាងក្រោយផ្ទះរបស់ឈ្មោះង៉ែត គន្ធា ដោយចបជីក រួចផ្លោះចូលខាងក្នុងផ្ទះ ធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ ដូចខាងលើ។ ក្រោយពេលលួចបានឈ្មោះឈៀង ចាន់ធា និងឈ្មោះឈ្នៀង សុគា បានជញ្ជូនទ្រព្យសម្បត្តិ ទាំងនោះទៅលាក់ទុកក្រៅរបងផ្ទះ រួចនាំគ្នាដើរទៅសួនជួបជាមួយឈ្មោះចាត លីដេត  និងបានឱ្យជូនទៅខ្ចីម៉ូតូរបស់ឈ្មោះធឿន រស់នៅ ភូមិសំរោង  ក្រោយពេលខ្ចីម៉ូតូបានហើយ ឈ្មោះឈៀង ចាន់ធា ឈ្មោះឈ្នៀង សុគា និងឈ្មោះចាត លីដេត បាននាំគ្នាជិះម៉ូតូទៅលួចរទេះរបស់ គេដែលទុកនៅមុខផ្ទះភូមិដូនកែនសែនជ័យ  រួចយករទេះនោះទៅដឹកជញ្ជូនទ្រព្យសម្បត្តិដែលលួចពីផ្ទះរបស់ឈ្មោះង៉ែត គន្ធា ទៅទុកនៅផ្ទះទុក ចោលរបស់ឈ្មោះ រ៉ាន់ ស្ថិតនៅភូមិពុរ ដោយឈ្មោះរ៉ាន់ មិនដឹងទេ។ លុះភ្លឺឡើងនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឈ្មោះចាត លីដេត បានទូរស័ព្ទហៅឈ្មោះញៀន សុផល មកទិញឈើយកឈើទាំងអស់ បានប្រាក់ចំនួន៤០ម៉ឺនរៀល ក្នុងពេលនោះឈ្មោះចាត លីដេត បាន យកប្រាក់ចំនួន ១០ម៉ឺនរៀល និងកុំព្យូទ័រយួរដៃ ពណ៌សំបកឪឡឹក ចំណែកប្រាក់ដែលនៅសល់ចំនួន៣០ម៉ឺនរៀលទៀត ពួកខ្លួនបានយកទៅទិញ អីហូប និងជួលផ្ទះសំណាក់ ឌី គឹមហេង ដេក។

ជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES