Sunday, September 8, 2024
Homeព័ត៌មានជាតិកោះហៅនាយកក្រុមហ៊ុន ចេញសែកស្អុយ១០ម៉ឺនដុល្លារ

កោះហៅនាយកក្រុមហ៊ុន ចេញសែកស្អុយ១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ លោកអេង សុភាព នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញលិខិតកោះហៅ លើកទី១ ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជុំវិញករណីចេញសែកគ្មានទឹកប្រាក់ (សែកស្អុយ) ១០ម៉ឺនដុល្លារ។

យោងតាមលិខិតកោះហៅ លើកទី១ ចេញដោយលោកឧត្តមសេនីយ៍ ផាន់ តារាវុធ មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យលោកអេង សុភាព នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប ស្តីពីករណីឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន (ចេញសែកស្អុយ ១០ម៉ឺនដុល្លារ) ចូលខ្លួនមកបំភ្លឺ ដោយយោងតាមមាត្រា៩៤ និងមាត្រា១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

លិខិតកោះហៅ លើកទី១ ខាងលើ បានបញ្ជាក់ថា បានឃើញពាក្យបណ្តឹង ចុះថ្ងៃទី០៨ ខែ កញ្ញា ឆ្នាំ២០២២ ស្តីពីករណីឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន កោះហៅឈ្មោះអេង សុភាព ភេទប្រុស អាយុ ៤៥ឆ្នាំ មានលំនៅបច្ចុប្បន្ន ផ្ទះលេខ១៥២អឺ ផ្លូវលេខ៥៩៨ ភូមិទំនប់ទឹក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ  មុខរបរ នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប ឱ្យចូលមកកាន់ការិយាល័យព្រហ្មទណ្ឌ នៃទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីចូលមកបំភ្លឺជុំវិញបញ្ហាផ្ទាល់ខ្លួន តាមពាក្យបណ្តឹងព្រហ្មទណ្ឌរបស់ ឈ្មោះស៊ន សម្បត្តិ។

សាមីខ្លួនត្រូវចូលមកឱ្យទាន់ពេលវេលា និងយកមកជាមួយនូវលិខិតស្នាមផ្សេងៗដែលទាក់ទិន ក្នុងករណីខាងលើ ប្រសិនបើមាន ។

ជុំវិញករណីនេះ លោកអេង សុភាព នាយកក្រុមហ៊ុន ប៊ី វ៉ាយ ជី វើលវ៉ាដ៍គ្រុប បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ថា លោកពិតជាបានជំពាក់ប្រាក់ភាគីដើមបណ្តឹងមែន ហើយដើមបណ្តឹង ក៏បានប្តឹងលោកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប៉ុន្តែពួកលោក បាននិយាយគ្នារួចរាល់ហើយ គឺសន្យាសងគ្រប់ចំនួនវិញ នៅថ្ងៃព្រហស្បតិ៍ សប្តាហ៍ក្រោយ​ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌហើយ៕

RELATED ARTICLES