Sunday, September 8, 2024
Homeព័ត៌មានជាតិបង្ក្រាបក្មេងទំនើងច្នៃស៊ីម៉ាំងម៉ូតូ ឃាត់ខ្លួន៤នាក់

បង្ក្រាបក្មេងទំនើងច្នៃស៊ីម៉ាំងម៉ូតូ ឃាត់ខ្លួន៤នាក់

ខេត្តកំពង់ធំ ៖ ក្មេងទំនើង ១ក្រុម ដែលជាមុខសញ្ញាជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស បំពងសំឡេង រំខាន ដល់ប្រជាពលរដ្ឋ  ត្រូវបានកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍សាលាវិស័យ បើកប្រតិបត្តិការបង្ក្រាប ដោយឃាត់ខ្លួនបាន ចំនួន ៤នាក់។

លោកវរសេនីយ៍ត្រី ហង្ស ឡែម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាវិស័យ បានឱ្យដឹងថា ការបង្ក្រាបក្មេងទំនើងខាងលើនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចក្នុងទីធ្លាវត្តគិរីសោភ័ណ ហៅវត្តសាលាវិស័យ ចំនួន ២ករណី និង ១ករណីទៀត នៅតាមដងផ្លូវជាតិលេខ៦២ ស្ថិតនៅក្នុងភូមិអូរក្រូច  ឃុំសាលាវិស័យ  ស្រុកប្រាសាទបល្ល័ង្ក ដោយឃាត់ខ្លួនក្មេងទំនើងបានសរុបចំនួន៤នាក់ ព្រមទាំងដកហូតបានម៉ូតូ ចំនួន០៣គ្រឿង។

ក្មេងទំនើងទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះសៅ សុខុម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទួលគ្រើល ឃុំទូលគ្រើល ស្រុកប្រាសាទបល្ល័ង្ក។ ទី២-ឈ្មោះយន់ ចន្ថា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជន្លូស ឃុំទូលគ្រើល  ស្រុកប្រាសាទបល្ល័ង្គ។ ទី៣- ឈ្មោះហួន វណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឫស្សីដួច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងទី៤- ឈ្មោះភីន ដានិត ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំសាលាវិស័យ  ស្រុកប្រាសាទបល្ល័ង្ក។

ចំពោះក្មេងទំនើងទាំង៤នាក់ខាងលើ ក្រោយពីអប់រំណែនាំរួច លោកនាយប៉ុស្តិ៍ បានតម្រូវឱ្យពួកគេទិញកញ្ចក់ និងបំពង់ស៊ីម៉ាំងថ្មី មកប្តូរ ទើបឱ្យយកម៉ូតូត្រឡប់ទៅផ្ទះវិញ។ ម៉្យាងវិញទៀត ក្មេងទំនើងទាំង៤នាក់នោះ បានធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ចប៉ុស្តិ៍ថា ពួកគេប្តេជ្ញាកែប្រែ និងកសាងខ្លួនឱ្យក្លាយជាកូនល្អ និងពលរដ្ឋល្អក្នុងសង្គម ចាប់ពីពេលនេះតទៅ។

ជាមួយគ្នានេះផងដែរ វរសេនីយ៍ត្រី ហង្ស ឡែម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាវិស័យ សូមផ្តាំផ្ញើទៅដល់យុវជន យុវនារី ជាពិសេសប្អូនៗយុវវ័យដែលចូលចិត្តធ្វើការកែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេសដើមដែលច្បាប់បានកំណត់ សូមឱ្យធ្វើការកែប្រែខ្លួន ចូលរួមធ្វើអ្វីដែលជាសកម្មភាពល្អៗនៅក្នុងសង្គមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ដើម្បីឱ្យភូមិ-ឃុំមានសុវត្ថិភាព៕

RELATED ARTICLES