Sunday, September 8, 2024
Homeព័ត៌មានជាតិអត់លុយជិះឡានឈ្នួលទៅជួបប្រពន្ធ ស្ពាយបង្វេចដើរពីភ្នំពេញ ទៅតាកែវ

អត់លុយជិះឡានឈ្នួលទៅជួបប្រពន្ធ ស្ពាយបង្វេចដើរពីភ្នំពេញ ទៅតាកែវ

ភ្នំពេញ ៖ បុរសម្នាក់ បានឡើងមករកការងារធ្វើនៅភ្នំពេញ តែរកការងារមិនបាន លុយកាក់ក៏គ្មាន អត់មានសោហ៊ុយធ្វើ ដំណើរ ទៅផ្ទះ ជួបប្រពន្ធវិញ ក៏ស្ពាយបង្វេចធំមួយ ដើរតាំងពីម្តុំផ្សារទឹកថ្លា បំណងសំដៅទៅស្រុកខាងប្រពន្ធ ឯស្រុក ត្រាំកក់ ខេត្តតាកែវ លុះពាក់កណ្តាលយប់ ត្រូវប្រជាពលរដ្ឋប្រទះឃើញសង្ស័យ ព្រោះឃើញស្ពាយបង្វេចធំពេក ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឃាត់សាកសួរ និងឆែកឆេរ ទើបដឹងរឿង ក៏នាំគ្នារៃលុយបាន ៥ម៉ឺនរៀល ប្រគល់ឱ្យបុរសកម្សត់ ដើម្បីជាសោហ៊ុយជិះឡានឈ្នួល វិលទៅជួបប្រពន្ធវិញ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចផ្លូវល្បឿនលឿន ទល់មុខវត្តគោកខ្សាច់ ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល។

បុរសដែលសមត្ថកិច្ចឃាត់សាកសួរនោះ មានឈ្មោះជា កក្កដា អាយុ៤៥ឆ្នាំ មុខរបរស៊ីឈ្នួលធ្វើស្រែឱ្យគេ មានប្រពន្ធនៅស្រុកត្រាំកក់ ខេត្តតាកែវ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ថា ឃើញបុរសម្នាក់ ដើរស្ពាយបង្វេចយ៉ាងធំ នៅតាមដងផ្លូវ និងបានបញ្ជាក់ប្រាប់ថា នៅពេលថ្ងៃ គេឃើញបុរសរូបនោះដើរនៅម្តុំមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ លុះដល់វេលាម៉ោងកើតហេតុ គេឃើញបុរសរូបនោះដើរនៅតាមដងផ្លូវ ដោយមានការសង្ស័យ ទើបប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ឃាត់សាកសួរភ្លាមៗតែម្តង។

តាមសំដីបុរសខាងលើ បានរៀបរាប់ប្រាប់ថា តាមពិត គាត់អត់មានលុយជិះឡានឈ្នួល ទើបគាត់ដើរពីផ្សារទឹកថ្លា ខណ្ឌសែនសុខ ឆ្ពោះទៅផ្ទះប្រពន្ធរបស់គាត់ នៅស្រុកត្រាំកក់ ខេត្តតាកែវ លុះដើរនៅពេលយប់ មកដល់ចំណុចកើតហេតុ ស្រាប់តែកម្លាំងសមត្ថកិច្ចឃាត់សាកសួរ គាត់តែម្តង ។

បន្ទាប់ពីកម្លាំងសមត្ថកិច្ចឃាត់ ឆែកឆេរនៅក្នុងបង្វេចបុរសខាងលើ ឃើញមានតែសម្លៀកបំពាក់តិចតួច និងសៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ ២សន្លឹក រួមនិងកាតចាក់វ៉ាក់សាំង ចំនួន២សន្លឹក តែមិនមានលុយជាប់នឹងខ្លួនបន្តិចសោះឡើយ។

បន្ទាប់ពីសួរដឹងរឿងគួរឱ្យអាណិតរួចមក សមត្ថកិច្ច រួមនិងប្រជាពលរដ្ឋ បានរៃលុយគ្នាបានចំនួន ៥ម៉ឺនរៀល ប្រគល់ឱ្យបុរសកម្សត់រូបនោះ ធ្វើជាសោហ៊ុយធ្វើដំណើរវិលទៅស្រុកវិញ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភ្លើងឆេះរទេះ បាននាំបុរសខាងលើ ទៅរង់ចាំរថយន្តឈ្នួល ដើម្បីជិះទៅផ្ទះប្រពន្ធ ឯខេត្តតាកែវ៕

RELATED ARTICLES