Sunday, September 8, 2024
Homeព័ត៌មានជាតិវ៉ៃសម្លាប់ ទម្លាក់សពចោល បើកឡានប្លុងចោល

វ៉ៃសម្លាប់ ទម្លាក់សពចោល បើកឡានប្លុងចោល

ភ្នំពេញ ៖ រថយន្ត ១គ្រឿង មានស្នាមប្រឡាក់ឈាម ទាំងក្នុងនិងក្រៅរថយន្ត និងមានទាំងដំបង ២កំណាត់ និងស្រោមដៃ ជាច្រើនគូ ប្រលាក់សុទ្ធតែឈាមថែមទៀត ត្រូវបានជនមិនស្គាល់មុខ បើកយកមកប្លុងចោលនៅលើចិញ្ចើមផ្លូវមួយកន្លែង ក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះពិនិត្យស្រាវជ្រាវ ក៏ឈានដល់ការប្រទះឃើញសពបុរសម្នាក់ ស្លាប់ក្នុងសភាពរបួសពេញខ្លួន នៅលើចំណតរថយន្ត ជាន់ទី៥ ក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កឱ្យមានការសង្ស័យថា អាចជាអំពើឃាតកម្ម វាយសម្លាប់ រួចដឹកសពទៅបោះចោលនៅចំណតរថយន្ត បន្ទាប់មក បើករថយន្តមកប្លុងចោល។

ហេតុការណ៍ប្រទះឃើញរថយន្តប្រឡាក់សុទ្ធតែឈាមនេះ បានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅលើចិញ្ចើមផ្លូវលេខ៨២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយរថយន្តដែលត្រូវបានប្លុងចោលនោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2A-9267 ដោយនៅខាងក្នុងរថយន្តនេះ មានទាំងស្នាមប្រលាក់សុទ្ធតែឈាម មានទាំងដំបងឈើ ចំនួន២ និងស្រោមដៃប្រលាក់ឈាម ជាច្រើនគូ នៅក្នុងរថយន្តនោះទៀតផង តែមិនដឹងថា រថយន្តនេះបើកមកពីណានោះទេ តែឃើញមកចតចោលនៅចំណុចកើតហេតុខាងលើ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន ទាំងប៉ុស្តិ៍ស្រះចក នគរបាលខណ្ឌដូនពេញ ប្រជាការពារ ក៏ដូចជាកម្លាំងជំនាញផ្នែកចក្ខុនិងកោសលវិច័យរាជធានីភ្នំពេញ បានចុះមកធ្វើការពិនិត្យរថយន្តនេះ ដោយមិនទាន់បញ្ជាក់ថា ជាករណីអ្វីឱ្យប្រាកដនៅឡើយ ព្រោះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ តែភ្លាមៗ ពេលមានករណីនេះកើតឡើង សមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារ បានព្យាយាម ហាមឃាត់ រារាំងមិនឱ្យអ្នកសារព័ត៌មានថតយករូបភាពនិងផ្សព្វផ្សាយនោះទេ។

ក្រោយមានករណីនេះកើតឡើង សមត្ថកិច្ចបានបន្តស្រាវជ្រាវ រហូតដល់វេលាម៉ោង ៤ល្ងាច ថ្ងៃដដែលនោះ ក៏ប្រទះឃើញសពបុរសម្នាក់ ដេកស្លាប់នៅចំណុចក្នុងចំណតរថយន្ត ជាន់ទី៥ អគារដឺឃីង ផ្លូវលេខ៦១ ភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមរបាយការណ៍សមត្ថកិច្ចជំនាញ បានឱ្យដឹងថា សពដែលប្រទះឃើញនេះ ភេទប្រុស តែមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ កម្ពស់ ១,៦០ម៉ែត្រ សម្បុរស មាឌស្តើង កាត់សក់ខ្លីលាបពណ៌ទងដែង។ ដោយឡែក នៅលើដងខ្លួនសព មានស្លាកស្នាមជាច្រើន ដូចជាមានឈាមហូរចេញតាមច្រមុះ-មាត់។ រង្វង់ភ្នែកសងខាងជាំខ្មៅ។  ស្នាមជាំដាច់រយះនៅលើក្បាលខាងក្រោយ ១កន្លែង។ ស្នាមជាំនៅក្បាលចំហៀង ខាងស្តាំ ១កន្លែង។ ស្នាមជាំនៅលើថ្ងាស ០១កន្លែង។ ស្នាមជាំនៅកខាងក្រោយ ១កន្លែង។ ស្នាមជាំកោសរលាត់នៅទ្រូង ក្រោមកខាងមុខ ១កន្លែង។ ស្នាមជាំទ្រុឌរលាត់កាត់ទទឹងទ្រូង ១កន្លែង។ ស្នាមជាំកោសរលាត់នៅខ្នងខាងក្រោយ ១កន្លែង។ ស្នាមជាំកោសរលាត់ដាច់រយះនៅដៃសងខាង និងស្នាមជាំកោសរលាត់ដាច់រយះនៅក្បាលជង្គង់ខាងស្តាំ ១កន្លែង។

របាយការណ៍ដដែល បន្តថា យោងតាមការបំភ្លឺពីឈ្មោះអាត សាភា ភេទប្រុស អាយុ២៩ឆ្នាំ ជាសន្តិសុខយាមនៅអគារកើតហេតុខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងសន្តិសុខផ្សេងទៀត បានដើរត្រួតពិនិត្យនៅចំណតរថយន្តជាន់ទី៤ ស្រាប់តែឮសំឡេងប្រាវ ដូចមានអ្វីមួយធ្លាក់ពីលើមកក្រោម ទើបបានឡើងទៅចំណតរថយន្តជាន់ទី៦ ហើយបានអើតមើលមកក្រោម ស្រាប់តែប្រទះឃើញមានមនុស្សប្រុសម្នាក់ដេកផ្ងារនៅលើធ្នឹមថ្មពីខាងក្រៅចំណតរថយន្ត ជាន់ទី៥ មានរបួសហូរឈាម ក៏ប្រញាប់រាយការណ៍ទៅអ្នកគ្រប់គ្រង ហើយខ្លួនក៏បានចុះមកចំណតរថយន្តជាន់ទី៥ ស្រាប់តែឃើញមានមនុស្សប្រហែលជាង ១០នាក់ មានជនជាតិចិន ចំនួន៦នាក់ ស្រីម្នាក់ និងជនជាតិខ្មែរ ៤នាក់ ជាសន្តិសុខ រួចខ្លួនក៏បានចុះទៅក្រោម មួយសន្ទុះក្រោយមក អ្នកគ្រប់គ្រងបានឆាតឱ្យខ្លួនឡើងទៅមើលនៅចំណតរថយន្តជាន់ទី៥ ឃើញជញ្ជាំងជ័រចំណតរថយន្ត ត្រូវបានហែក ហើយបានលើកជនរងគ្រោះពីលើធ្នឹមថ្ម ចូលមកចំណតរថយន្ត ខ្លួនក៏បានចុះទៅក្រោមវិញ ដើម្បីត្រួតពិនិត្យជនជាតិចិន ប្រហែល២០០នាក់ ដែលបានរើចេញពីអគារ។ ចំពោះរឿងអ្វីផ្សេងទៀត ខ្លួនមិនបានដឹងទេ។

របាយការណ៍ដដែល បន្តថា ឆ្លងតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ និងការិយាល័យជំនាញបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា សពស្លាប់ដោយដោយប៉ះទង្គិចក្បាល និង ខ្លួនប្រាណធ្ងន់ធ្ងរ ហើយពេលនេះ សព ត្រូវបានយកទៅតម្កល់នៅសាលតម្កល់សព វត្តស្ទឹងមានជ័យ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ជុំវិញករណីនេះ៕

RELATED ARTICLES