Sunday, September 8, 2024
Homeព័ត៌មានជាតិប្តីចុងចាក់សម្លាប់ប្តីដើម តុលាការសម្រេចឃុំខ្លួន

ប្តីចុងចាក់សម្លាប់ប្តីដើម តុលាការសម្រេចឃុំខ្លួន

ភ្នំពេញ ៖ លោក ម៉ម ច័ន្ទវណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បាន សម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនឈ្មោះណែម សំអាត (ប្តីចុង) ជាប់ចោទពីបទឃាតកម្មគិតទុកជាមុន ប្រើកាំបិតចិតបន្លែ ចាក់សម្លាប់ជនរងគ្រោះឈ្មោះអ៊ិន សុខធី (ប្តីដើម) ប្រព្រឹត្តនៅចំណុចភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទ ធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំ ពីបទចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ពាក់ព័ន្ធនឹងអំពើឃាតកម្មគិតទុកជាមុននេះ តាមចម្លើយសារភាពរបស់ជនត្រូវចោទ ណែម សំអាត បានឱ្យដឹងថា កាលពីអំឡុង ឆ្នាំ២០១៨-២០១៩ ខ្លួនបានស្គាល់ស្ត្រីមេម៉ាយម្នាក់ ឈ្មោះនី សុខុម និងបានរួមរស់ជាប្តីប្រពន្ធជាមួយគ្នា ដោយពុំបានរៀបការស្របច្បាប់នោះ ទេ។ បន្ទាប់ពីរួមរស់ជាមួយគ្នាបានមួយរយៈ ស្រាប់តែប្រពន្ធខ្លួន បានប្រាប់ថា សុំបែកគ្នាជាមួយរូបខ្លួន ដោយសារតែនាងបានជួបប្តីដើម ឈ្មោះអ៊ិន សុខធី (ជនរងគ្រោះ) ដែលធ្លាប់បានរៀបការជាមួយគ្នា និងមានកូនប្រុសម្នាក់នោះវិញ។ លុះនៅល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ ប្រពន្ធខ្លួន ឈ្មោះនី សុខុម និងឈ្មោះអ៊ិន សុខធី (ជនរងគ្រោះ) ដែលជាប្តីដើម បានហៅតាមទូរស័ព្ទ ឱ្យរូបខ្លួនទៅនិយាយគ្នានៅផ្ទះ ពីរឿងបែកគ្នា ខណៈនោះ ខ្លួនបានជិះម៉ូតូ ដោយមានកូនកាំបិតចុងស្រួចមួយ សៀតចង្កេះផង។ នៅពេលទៅដល់ ដោយសារតែនិយាយមិនត្រូវរ៉ូវគ្នា ក៏បានបង្កជាជម្លោះពាក្យសម្តីខ្លាំងៗជាមួយក្រុមគ្រួសារខាងប្តីដើម រហូតឈានដល់ការប្រតាយប្រតប់គ្នា ភ្លាមនោះឈ្មោះអ៊ិន សុខធី (ជនរងគ្រោះ) បានស្ទុះមករកវាយខ្លួន គាប់ជួនខ្លួន ទើបខ្លួនកាន់កាំបិតចុងស្រួចគ្រីវីគ្រវាត់ បណ្តាលឱ្យត្រូវចំជនរងគ្រោះដួល តែពុំដឹងត្រូវកន្លែងណាខ្លះទេ។ បន្ទាប់ពីកើតហេតុរួច រូបខ្លួនក៏ឡើងជិះម៉ូតូ គេចខ្លួន និងលាក់ខ្លួនបាន ១យប់ ក៏បន្តជិះរថយន្តគេចខ្លួនទៅខេត្តបាត់ដំបង សម្រាកនៅទីនោះបានមួយយប់មួយថ្ងៃ។ លុះដល់វេលាម៉ោងប្រហែល ១១យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ ស្រាប់តែត្រូវបានសមត្ថកិច្ចអាវុធហត្ថ ចុះធ្វើការចាប់ឃាត់ខ្លួនតែម្តង។

គួររំលឹកថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានករណីឃាតកម្មមួយ បានកើតឡើង នៅចំណុចផ្លូវលំ ក្រុម១៥ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដោយស្ត្រីម្នាក់ ក្រោយពីលែងលះជាមួយប្តីរួច ក៏បានជួបស្គាល់បុរសម្នាក់ទៀត រួចក៏បានរួមរស់នឹងគ្នាជាប្តីប្រពន្ធ ដោយមិនបានរៀបការ ឬចុះអេតាស៊ីវិលអ្វីទាំងអស់។ លុះប៉ុន្មានឆ្នាំក្រោយមក ស្រាប់តែស្ត្រីជាប្រពន្ធ បានជួបប្តីដើមរបស់ខ្លួនវិញ រួចក៏ចាប់ផ្តើមត្រូវរ៉ូវគ្នា រហូតដល់បន្តនិស្ស័យជាប្តីប្រពន្ធ រួមរស់ជុំគ្នាឡើងវិញ ទើបបានសុំបែកពីបុរសជាប្តីចុង តែប្តីចុង មិនព្រម។ លុះក្រោយមកស្ត្រីជាប្រពន្ធ និងបុរសជាប្តីដើម បានណាត់ប្តីចុង ទៅជួប ដើម្បីដោះស្រាយបញ្ចប់រឿង បែរជាផ្ទុះជម្លោះ ឈានដល់អំពើហិង្សា ដោយបុរសជាប្តីចុង បានចាក់ប្តីដើម រហូតដល់ស្លាប់។

តាមប្រភពពីមន្ត្រីអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ មានករណីឃាតកម្មមួយ បានកើតឡើង ដោយឈ្មោះណែម សំអាត បានប្រើកូនកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះឈ្មោះអ៊ិន សុខធី ហៅម៉ាប់ នៅចំណុចផ្លូវលំ ក្រុម១៥ ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បណ្តាលឱ្យរងរបួសធ្ងន់ និងបានស្លាប់តាមផ្លូវ ពេលបញ្ជូនទៅមន្ទីរពេទ្យ។

ក្រោយពេលកើតហេតុភ្លាមៗ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ដល់កម្លាំងនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឱ្យចុះទៅដល់កន្លែងកើតហេតុ ដើម្បីបើកការស៊ើបអង្កេតស្រាវជ្រាវតាមចាប់ជនសង្ស័យឱ្យខាងតែបាន។

បន្ទាប់ពីទទួលបានបទបញ្ជាភ្លាម កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វា បានបើកការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានថា ជនសង្ស័យគេចខ្លួនទៅឯខេត្តបាត់ដំបង។ បន្ទាប់មក កម្លាំងជំនាញ សហការជាមួយកម្លាំងអាវុធហត្ថខេត្តបាត់ដំបង រួមគ្នាធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យឈ្មោះណែម សំអាត នៅវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ ផ្កាយព្រឹក ស្ថិតក្នុងភូមិដួង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ព្រំដែនកម្ពុជា-ថៃ៕

RELATED ARTICLES