Friday, March 29, 2024
Homeព័ត៌មានជាតិគាស់ផ្ទះលួចម៉ូតូ ជាប់ខ្នោះ៥នាក់

គាស់ផ្ទះលួចម៉ូតូ ជាប់ខ្នោះ៥នាក់

ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ បានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ លួចយកបានម៉ូតូ ១គ្រឿង និងទ្រព្យសម្បត្តិមួយចំនួនទៀត បន្ទាប់មកបាននាំគ្នារត់គេចខ្លួនអស់ លុះជនរងគ្រោះដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចុះអន្តរាគមន៍ ពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាព ក៏កំណត់ មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់ សរុប៥នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីចោរគាស់ផ្ទះ លួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនេះ បានកើតឡើងកាលពីវេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិឫស្សីទី១ សង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ។ រហូតមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ច ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៥នាក់ នៅចំណុចផ្លូវបេតុងភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ៖ ទី១-ឈ្មោះសេង គឹមហ៊ត អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សីទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ទី២ ឈ្មោះរុណ  អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ទី៣-ឈ្មោះ វ៉ាន់ វាសនា អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ ទី៤-ឈ្មោះញឹម  មង្គល អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងទី៥-ឈ្មោះសៀង ហេង អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំង៥នាក់ សុទត្ធែមានផ្ទុកសារធាតុញៀនក្នុងខ្លួន។

ដោយឡែក ជនរងគ្រោះ មានឈ្មោះតាំង យ៉ុងយាង  អាយុ៣២ឆ្នាំ ស្នាក់នៅភូមិឫស្សីទី១ សង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ។

លោកវរសេនីយ៍ត្រី ឯម ភារី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះ បានចេញមកហូបអីនៅខាងក្រៅ លុះពេលត្រឡប់ទៅវិញ ក៏បានយកម៉ូតូយ៉ាម៉ាហា ពណ៌ក្រហម ពាក់ស្លាកលេខ  ភ្នំពេញ 1HG-2356 ទុកនៅខាងក្រោម ហើយក៏ចាក់សោទ្វារត្រឹមត្រូវ ដូចរាល់ដង រួចជនរងគ្រោះបានឡើងទៅដេកនៅបន្ទប់ខាងលើបាត់ទៅ។ ស្រាប់តែមកដល់វេលាម៉ោង ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ មានជនសង្ស័យចំនួន៥នាក់ បានមក ធ្វើសកម្មភាពគាស់សោទ្វារផ្ទះ ចូលទៅលួចយកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួន ហើយគេចខ្លួនបាត់អស់។

លុះដល់ព្រឹកឡើង ជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យមកផ្តន្ទាទោស។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះរួច កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបានឆែកមើលកាមេរ៉ាសុវត្ថិភាព ក៏បានឃើញជនសង្ស័យមានគ្នា៥នាក់ បានគាស់សោទ្វារ ចូលទៅលួចម៉ូតូនិងទ្រព្យសម្បត្តិរបស់ ជនរងគ្រោះពិតប្រាកដមែន។

រហូតដល់ថ្ងៃទី២១ ខែឆ្នាំដដែល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះសេង គឹមហ៊ត និងបានយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣  រួចក៏បានបន្តឃាត់ខ្លួនបក្ខពួកជាបន្តបន្ទាប់ ចំនួន៤នាក់ទៀត រួមនិងវត្ថុតាងមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES