Sunday, September 8, 2024
Homeព័ត៌មានជាតិភ្លើងប្រចណ្ឌ ប្រុសលួចស៊ីប្រពន្ធគេ ខឹងស្រីស្នេហ៍មានប្រុសច្រើន ច្របាច់កសម្លាប់

ភ្លើងប្រចណ្ឌ ប្រុសលួចស៊ីប្រពន្ធគេ ខឹងស្រីស្នេហ៍មានប្រុសច្រើន ច្របាច់កសម្លាប់

ខេត្តបាត់ដំបង ៖ ជនដៃដល់ជាឃាតករ ដែលបានធ្វើសកម្មភាពសម្លាប់ស្រីស្នេហ៍របស់ខ្លួន រួចដឹកសពជនរងគ្រោះ យកសពមកប្លុងចោលក្នុងឡាន នៅក្រោយផ្សារទំនើបភូពុយ ក្រុងបាត់ដំបង រហូតដល់សពហើមស្អុយ ទើបមានអ្នកប្រទះឃើញ មានការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ នោះ ត្រូវបានសមត្ថកិច្ចជំនាញកម្ពុជា សហការជាមួយសមត្ថកិច្ចថៃ តាមចាប់ខ្លួនបានហើយ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងទឹកដីប្រទេសថៃ ហើយជនសង្ស័យជាឃាតករ បានសារភាពថា មូលហេតុដែលគេសម្លាប់ស្ត្រីរងគ្រោះ ដោយសារភ្លើងប្រចណ្ឌរឿងនាងមានប្រុសច្រើន។

ជនសង្ស័យជាឃាតករដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះមាស ពេជ្របូរមី យុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅបច្ចុប្បន្ន ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  រាជធានីភ្នំពេញ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះឌិន សោភា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរជាអ្នកសម្អាង គក់ជេរលក់ដីឡូត៍ និងលក់អនឡាញ មានលំនៅ ភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានដឹកនាំបញ្ជាដល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ  និងក្រោមការដឹកនាំរបស់ លោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង រួមសហការជាមួយសមត្ថកិច្ចនៃព្រះរាជាណាចក្រថៃ និងដោយមានការសម្របសម្រួលលើនីតិវិធីពីលោកកែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមអមសាលាដំបូងខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលជាជនសង្ស័យក្នុងករណីសម្លាប់ស្ត្រីម្នាក់ ប្លុងសពចោលក្នុងរថយន្តព្រូស ១គ្រឿង នៅក្រោយផ្សារភូពុយ ស្ថិតនៅសង្កាត់អូរចារ ក្រុងបាត់ដំបង និងត្រូវបានប្រទះឃើញ កាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករ បានឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់ស្ត្រីរងគ្រោះ ឈ្មោះឌិន សោភា ប្រាកដមែន ដែលការសម្លាប់នេះ ប្រព្រឹត្តនៅក្នុងរថយន្ត កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីរូបគេនិងស្ត្រីរងគ្រោះ កើតជម្លោះពាក្យសម្តីជាមួយគ្នា ក្នុងពេលរួមដំណើរតាមរថយន្ត ហើយចំណុចដែលរូបគេបានប្រព្រឹត្ត (សម្លាប់ស្ត្រីរងគ្រោះ) គឺធ្វើឡើងនៅឯជាយរាជធានីភ្នំពេញ។

ជនសង្ស័យ បានសារភាពបន្តថា ក្រោយពីសម្លាប់ស្ត្រីរងគ្រោះរួចហើយ រូបគេបានដាក់សពស្ត្រីរងគ្រោះនៅក្នុងរថយន្តរហូត រួចក៏ចេះតែបើករថយន្តទាំងគ្មានគោលដៅច្បាស់លាស់ ទីបំផុតក៏មកដល់ទឹកដីខេត្តបាត់ដំបង នៅវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ បន្ទាប់មករូបគេក៏បានដឹកសពស្ត្រីរងគ្រោះ ដែលចាប់ផ្តើមមានសភាពហើមធុំក្លិនស្អុយទៅហើយនោះ យកមកប្លុងចោលក្នុងរថយន្ត នៅក្រោយផ្សារភូពុយ ក្រុងបាត់ដំបង ក្នុងរង្វង់ម៉ោង ១១ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ ក្រោយមក រូបគេបានទុកសោរថយន្ត នៅក្នុងរថយន្ត ហើយបានចាក់សោរថយន្ត រួចក៏ចាកចេញពីរថយន្ត ដើររហូតដល់ផ្លូវធំ ក៏ហៅម៉ូតូឌុបជិះ ដើម្បីគេចខ្លួនជាបន្តបន្ទាប់ រហូតមកដល់ទឹកដីថៃ តែម្តង។

ជនសង្ស័យជាឃាតករ បានបង្ហើបថា តាមពិត រូបគេនិងស្ត្រីរងគ្រោះ គឺជាគូស្នេហ៍ ហើយគេក៏ដឹងថាស្ត្រីរងគ្រោះ មានប្តីរួចទៅហើយដែរ តែគេសុំឲ្យនាងមានតែរូបគេម្នាក់ទៀតបានហើយ។ ប៉ុន្តែក្រោយមក រូបគេបានដឹងថា ស្ត្រីរងគ្រោះ មានទាក់ទងស្នេហាជាមួយមនុស្សប្រុស ២-៣នាក់ផ្សេងទៀត ទើបធ្វើឱ្យរូបគេមានចិត្តប្រចណ្ឌ ទើបកើតជាជម្លោះ និងឈានដល់ការជ្រុលដៃច្របាច់កសម្លាប់ស្ត្រីរងគ្រោះជាគូស្នេហ៍តែម្តង។

ទោះជាយ៉ាងណា សមត្ថកិច្ចជំនាញ កំពុងបន្តស្រាវជ្រាវយ៉ាងលម្អិតបន្ថែមទៀត ជុំវិញករណីឃាតកម្មមួយនេះ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា ស្ត្រីរូបស្រស់ម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងសភាពហើមស្អុយ នៅក្នុងរថយន្ត ១គ្រឿង ដែលចតចោលនៅលើចិញ្ចើមផ្លូវ ត្រង់ចំណុចខាងក្រោយផ្សារទំនើប ភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ និងត្រូវបានសមត្ថកិច្ចជំនាញចុះពិនិត្យ ស្រាវជ្រាវ ពេញ១យប់ ទើបកំណត់បានថា ស្ត្រីរងគ្រាះ ស្លាប់ដោយសារអំពើឃាតកម្ម ដោយត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ច្របាច់ក និងមួលកសម្លាប់ រួចប្លុងសពចោលក្នុងរថយន្ត។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ មានប្រជាពលរដ្ឋបានរាយការណ៍ថា ប្រទះឃើញសាកសពនារីម្នាក់ដេកស្លាប់ក្នុងរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BQ-1371 ដែលចតលើចិញ្ចើមផ្លូវ ត្រង់ចំណុចកើតហេតុ។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងជំនាញ បានចុះដល់ទីតាំងខាងលើ ក៏ប្រទះឃើញថា មានស្ត្រីម្នាក់ (មិនស្គាល់អត្តសញ្ញាណ) អាយុប្រហែលជាង៣០ឆ្នាំ ដេកស្លាប់ក្នុងរថយន្ត ដែលចតនៅត្រង់ចំណុច ក្រោយផ្សារទំនើប ភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងខេត្តបាត់ដំបង។ ក្រោយមក បន្ទាប់ពីមានការចែកចាយព័ត៌មានផ្អើលពេញបណ្តាញសង្គម ហ្វេសប៊ុក ទើបសាច់ញាតិក្រុមគ្រួសារស្ត្រីរងគ្រោះខាងលើ បានឃើញ ចំណាំភិនភាគ និងស្លាកលេខរថយន្ត ក៏ប្រញាប់ធ្វើដំណើរមកដល់ទីតាំងកើតហេតុទាំងយប់តែម្តង។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានឱ្យដឹងថា ស្ត្រីរងគ្រោះ បានចេញបាត់ពីផ្ទះ ជាមួយរថយន្តតូយ៉ូតាព្រូស ខាងលើ តាំងពីថ្ងៃកាន់បិណ្ឌទី១ (ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២) មកម៉្លេះ ហើយក៏បាត់ដំណឹងឈឹងតែម្តង សូម្បីទូរស័ព្ទក៏មិនអាចទាក់ទងបានដែរ។ ការបាត់ដំណឹង របស់ជនរងគ្រោះ ក្រុមគ្រួសារគ្មានតម្រុយ និងមិនបានដឹងពីគោលដៅរបស់ជនរងគ្រោះឡើយ លុះមានការផ្សព្វផ្សាយតាមបណ្តាញសង្គមព្រោងព្រាត ទើបក្រុមគ្រួសារបានដឹង ហើយក៏ធ្វើដំណើមកមើលសាកសពទាំងយប់តែម្តង។

លោកពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបង បានបញ្ជាក់ថា បើតាមការត្រូតពិនិត្យរបស់មន្ត្រីជំនាញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ការស្លាប់របស់ស្ត្រីរងគ្រោះ អាចជាអំពើឃាតកម្ម។

ដោយឡែក មន្ត្រីជំនាញដែលបានចុះទៅកាន់កន្លែងកើតហេតុ បានបង្ហើបប្រាប់ថា តាមការពិនិត្យសាកសព ស្ត្រីរងគ្រោះអាចត្រូវជនដៃដល់ច្របាច់ក ឬមួលកសម្លាប់ចោលនៅក្នុងរថយន្ត រួចជនដៃដល់បានគេចខ្លួនបាត់ ហើយជនដៃដល់និងជនរងគ្រោះ គឺអាចជាមនុស្សស្គាល់គ្នា។

ទោះបីជាយ៉ាងណា ឈាមស្រែក ស្បែកហៅ ពេលនេះជនសង្ស័យជាឃាតករដៃឆៅ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ ទោះបីជារត់គេចខ្លួនទៅក្រៅប្រទេស ក៏មិនអាចគេចរួចពីសំណាញ់ច្បាប់បានឡើយ៕

RELATED ARTICLES