Tuesday, February 4, 2025
Homeព័ត៌មានជាតិរំលោភកូនស្រីគេ ១យប់៣ដង រួចគំរាមសម្លាប់ មិនឱ្យប្រាប់ម៉ែ

រំលោភកូនស្រីគេ ១យប់៣ដង រួចគំរាមសម្លាប់ មិនឱ្យប្រាប់ម៉ែ

ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវបានឪពុកម្តាយក្មេងស្រីម្នាក់ ចាប់ក្របួចជាប់ រួចនាំយកទៅប្រគល់ឱ្យសមត្ថកិច្ច បន្ទាប់ពីបែក ធ្លាយរឿងល្បួងកូនស្រីរបស់គាត់ដែលទើបនឹងមានអាយុ១២ឆ្នាំ យកទៅរំលោភបានសម្រេច រហូតដល់៣ដង ក្នុង១យប់ រួចគំរាមសម្លាប់បំបិទមាត់ បើហ៊ានទម្លាយរឿងនេះឱ្យអ្នកណាម្នាក់បានដឹង ពិសេសប្រាប់ពួកគាត់ជាឪពុកម្តាយ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវទន្លេសាប មុខសណ្ឋាគារអូតែលសុខា ស្ថិតក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

យុវជនដែលរងការចោទប្រកាន់ថាបានចាប់រំលោភកូនស្រីគេ ១យប់៣ដង និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះម៉ាត់ នួត អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅលើទូកមាត់ច្រាំងទន្លេ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ១២ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅក្នុងមូលដ្ឋានកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីសាច់ញាតិរបស់ក្មេងស្រីរងគ្រោះ បានរៀបប្រាប់ឱ្យថា គាត់ក៏មិនដឹងរឿងហេតុច្បាស់ដែរ ព្រោះកូនស្រីគាត់មិនបានប្រាប់ ដោយសារជនសង្ស័យគំរាមវាយនិងសម្លាប់។ ប៉ុន្តែរឿងនេះបែកធ្លាយ បន្ទាប់ពីក្មួយៗរបស់គាត់ (បងប្អូនជីដូនមួយក្មេងស្រីរងគ្រោះ) ប្រាប់ថា ជនសង្ស័យនោះប្រើល្បិចធ្វើជាឱ្យមើលទូរស័ព្ទ និងល្បួងនាំទៅកន្លែងស្ងាត់ ហើយធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ដល់ទៅ៣ដង ក្នុង១យប់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកថ្មីៗនេះ។

បងប្អូនជីដូនមួយក្មេងស្រីរងគ្រោះ បានប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភក្មេងស្រីរងគ្រោះ នៅមាត់ច្រាំងទន្លេ មុខសណ្ឋាគារសុខា បានសម្រេច ១ដង នៅក្រោយបន្ទប់ទឹកសួនច្បារយុថ្កា បានសម្រេច ១ដង និងក្នុងបន្ទប់ទឹក បានសម្រេច ១ដងទៀត សរុបចំនួន៣ដង។ ហើយនៅយប់កើតហេតុ ខណៈដែលរឿងរ៉ាវបានបែកធ្លាយនោះ ពួកគាត់ជាឪពុកម្តាយ បានហៅកូនស្រីសួរនាំ ទើបនាងដាច់ចិត្តទម្លាយប្រាប់ថា ពិតជាត្រូវជនសង្ស័យចាប់រំលោភបានសម្រេច ៣ដងមែន (១យប់) តែមិនហ៊ានប្រាប់ឪពុកម្តាយ ព្រោះខ្លាចពាក្យ គំរាមវាយសម្លាប់របស់ជនសង្ស័យ។ បន្ទាប់ពីបែកធ្លាយរឿងខាងលើ សាច់ញាតិកុមារីរងគ្រោះតាមរកជនសង្ស័យ និងឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចតែម្តង។

ដោយឡែកជនសង្ស័យ បានប្រាប់សាច់ញាតិរបស់ខ្លួន មុនពេលសមត្ថកិច្ចឃាត់ខ្លួនថា រូបគេមិនបានប្រព្រឹត្ត និងធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះនោះទេ ហើយមូលហេតុដែលក្មេងស្រីរងគ្រោះ ដើរតាមរូបគេ ព្រោះតែនាងតាមសុំរូបគេមើលនិងលេងទូរស័ព្ទ។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ន រង់ចាំខាងក្រុមគ្រូពេទ្យនៃមន្ទីរសង្គមកិច្ចនិងការពារអនីតិជន ធ្វើកោសល្យវិច័យលើក្មេងស្រីរងគ្រោះ ដើម្បីបញ្ជាក់លទ្ធផល ទើបបន្តនីតិវិធី នៅពេលក្រោយទៀត៕

RELATED ARTICLES