Tuesday, February 4, 2025
Homeព័ត៌មានជាតិក្មេងប្រុសស្រី២នាក់ លង់ទឹកស្លាប់ថ្ងៃតែ១

ក្មេងប្រុសស្រី២នាក់ លង់ទឹកស្លាប់ថ្ងៃតែ១

ខេត្តបាត់ដំបង ៖ ក្មេងប្រុសស្រី ចំនួន២នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម នៅទីតាំងផ្សេងៗគ្នា ខណៈដែលបានចុះទៅលេងទឹកតែម្នាក់ឯង ដោយពុំមានអ្នកណាម្នាក់បានដឹង អកុសល ក៏រអិលជើងធ្លាក់ចូលទឹកជ្រៅ បណ្តាលឱ្យលង់ស្លាប់តែម្តង។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានបញ្ជាក់ឱ្យដឹងថា នៅក្នុងមូលដ្ឋានស្រុកថ្មគោល ពិតជាមានករណីក្មេងប្រុសស្រីចំនួន២នាក់ បានលង់ទឹកស្លាប់នៅទីតាំងផ្សេងគ្នា ក្នុងថ្ងៃតែមួយប្រាកដមែន។

ករណីទី១- នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីក្មេងស្រីម្នាក់ បានលង់ទឹកស្លាប់ នៅចំណុចក្រុមទី១៨ ភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល។ ក្មេងស្រីរងគ្រោះមានឈ្មោះចន្ថា ម៉ូលីកា អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ រួចសន្និដ្ឋានថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ មូលហេតុដោយការធ្វេសប្រហែសរបស់អាណាព្យាបាល បណ្តោយឱ្យកូនចេញទៅលេងទឹកតែម្នាក់ឯង លុះពេលលង់ទឹក គ្មានអ្នកបានដឹង និងជួយសង្គ្រោះទាន់ ទើបបណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីទី២-នៅវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ មានករណីក្មេងប្រុសម្នាក់ផ្សេងទៀត បានលង់ទឹកស្លាប់ នៅចំណុចក្រុមទី០៣ ភូមិកៀនកែស១ ឃុំគោកឃ្មុំ ស្រុកថ្មគោល។ ក្មេងប្រុសរងគ្រោះ មានឈ្មោះតៅ វ៉ារីន អាយុ១២ឆ្នាំ មុខរបរសិស្ស រស់នៅ ក្នុងបន្ទុកឪពុកម្តាយ និងមានលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះពិនិត្យទីកន្លែងហេតុ និងសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុ រួចសន្និដ្ឋានថា ក្មេងស្រីរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុដោយសារ ក្មេងប្រុសរងគ្រោះ បានចុះទៅលេងទឹកតែម្នាក់ឯង ទើប បណ្តាលឱ្យលង់ស្លាប់។

សពក្មេងប្រុសស្រីទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕

RELATED ARTICLES