Sunday, September 8, 2024
Homeព័ត៌មានជាតិដឹកសង្សារឆ្លងទំនប់ ទឹកកួចលិចស្លាប់

ដឹកសង្សារឆ្លងទំនប់ ទឹកកួចលិចស្លាប់

ខេត្តកំពង់ធំ ៖ យុវជនម្នាក់ បានមកលេងផ្ទះសង្សាររបស់ខ្លួន រួចបានដឹកនារីជាសង្សារ ទៅដើរលេង ស្រាប់តែពេលជិះម៉ូតូឆ្លងទំនប់បង្ហៀរទឹក ត្រូវទឹកហូរកួចទាំងម៉ូតូទាំងមនុស្ស ចូលទឹក និងត្រូវបានប្រជាពលរដ្ឋក្បែរនោះប្រទះឃើញ ជួយសង្គ្រោះភ្លាមៗដែរ តែជួយស្រង់បានតែខាងប្រុស ចំណែកយុវតីរងគ្រោះ ត្រូវទឹកកួចលិចបាត់ខ្លួន អស់រយៈពេល ១យប់១ថ្ងៃ ទើបរកសពឃើញ ធ្វើឱ្យក្រុមគ្រួសារ ពិសេសយុវជនជាសង្សារ យំសោកបោកខ្លួនយ៉ាងខ្លាំង។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចទំនប់ធារាសាស្ត្រអូរលើ ខាងជើងភូមិបេង ស្ថិតក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ។ រហូតមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ទើបរាវរកសពយុវតីរងគ្រោះឃើញ។

ជនរងគ្រោះជាគូសង្សារ ដែលត្រូវទឹកកួចលិចចូលទឹកនោះ ទី១-ឈ្មោះសុខ នី ភេទប្រុស អាយុ២០ឆ្នាំ មានលំនៅ ភូមិថ្មី ឃុំស្រើង ស្រុកប្រាសាទសំបូរ (ត្រូវបានសង្គ្រោះទាន់) និងទី២-ឈ្មោះសុខ ច្រឹប ភេទស្រី អាយុ១៨ឆ្នាំ មានលំនៅ ភូមិស្វាយ ឃុំស្រើង ស្រុកប្រាសាទសំបូរ (ទឹកកួចលិចបាត់ខ្លួន)។

លោកវរសេនីយ៍ទោ ឃួន វុទ្ធី អធិការនគរបាលស្រុកប្រាសាទសំបូរ បានបញ្ជាក់ប្រាប់ថា ជនរងគ្រោះទាំង២នាក់ គឺជាគូសង្សារ ហើយមុនពេលកើតហេតុ យុវជនឈ្មោះសុខ នី បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1Q-4742 ទៅលេងផ្ទះខាងស្រី ដែលជាសង្សាររបស់ខ្លួន បន្ទាប់មក ក៏បានសុំម្តាយខាងស្រី (សង្សារ) ដើម្បីដឹកនាងទៅដើរលេង។ ខណៈពេលនោះ ស្ត្រីជាម្តាយខាងស្រីហាក់ដូចជាមានប្រផ្នូលមិនល្អក្នុងចិត្ត ពោលគឺមិនចង់ឱ្យកូនដើរលេងជាមួយគ្នានោះទេ  តែដោយសារមិនចង់ឃើញកូនៗអាក់អន់ស្រពន់ចិត្ត ទើបស្ត្រីជាម្តាយ ក៏យល់ព្រមបំពេញតាមបំណង ឱ្យពួកកូនៗជិះម៉ូតូដើរលេងជាមួយគ្នាទៅ។

លោកអធិការ បន្តថា លុះពេលដឹកគ្នាមកដល់បង្ហៀរទឹកខាងលើ អ្នកស្រុកដែលឃើញហេតុការណ៍នេះ មានចម្ងល់ថា ហេតុអ្វីក៏ពួកគេទាំងពីរនាក់ មិននាំគ្នាជិះម៉ូតូដឹកគ្នាតាមបង្ហៀរទឹកផ្នែកខាងលើទឹកវិញ បែរជាកំលោះរងគ្រោះ ដឹកនារីរងគ្រោះដោយជិះម៉ូតូឆ្លងកាត់ធារាសាស្ត្រ ប៉ែកខាងក្រោម (ផ្នែកខាងទាប) ដែលទឹកកំពុងតែហូរខ្លាំងទៅវិញ? ខណៈពេលបុរសរងគ្រោះកំពុងតែដឹកនារីជាសង្សារនោះ ស្រាប់តែកម្លាំងទឹកហូរខ្លាំង ក៏បានបោកនាំយកទាំងម៉ូតូ និងមនុស្ស ទៅជាមួយគ្នាតែម្តង។ បន្ទាប់មកត្រូវបានពលរដ្ឋជួយសង្គ្រោះបានបុរសម្នាក់ ទាន់ពេលវេលា និងម៉ូតូ ចំណែកនារីជាសង្សារ ត្រូវទឹកកួចលិចបាត់។

លោកអធិការ បានបញ្ជាក់ថា ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច និងក្រុមគ្រួសារ សាច់ញាតិនៃសព បានសហការគ្នារកសពពេញ ១ថ្ងៃ ប៉ុន្តែរកមិនឃើញសោះ។ លុះព្រឹកស្អែកឡើង (ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២) ទើបបន្តតាមរកសពទៀត រហូតដល់វេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ទើបរកឃើញសព ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES