Saturday, September 21, 2024
Homeព័ត៌មានជាតិចោរលីអូ ចូលប្លន់ផ្ទះស្ត្រីមេម៉ាយ

ចោរលីអូ ចូលប្លន់ផ្ទះស្ត្រីមេម៉ាយ

ខេត្តព្រះសីហនុ ៖ បុរសម្នាក់ បានទិញស្រាបៀរ យកមកអង្គុយផឹកតែឯង អស់៧កំប៉ុង ស្រាប់តែដេកមិនលក់ ក៏បែកគំនិតកាន់កូនកាំបិតដើរចេញពីផ្ទះ ដោយស្លៀកតែខោលីអូ ចូលទៅភ្ជង់ប្លន់ស្ត្រីមេម៉ាយវ័យចំណាស់ ក្បែរផ្ទះរបស់ខ្លួន បានប្រាក់ជាង ៨ម៉ឺនរៀល លុះស្អែកឡើង ចាយលុយមិនទាន់អស់ផង ក៏ត្រូវសមត្ថកិច្ចចាប់ក្របួចជាប់ នាំយកទៅចាត់ការតាមច្បាប់។

ករណីប្លន់នេះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា។ រហូតមកដល់វេលាម៉ោង ៤រសៀល ថ្ងៃដដែល សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចរោងចក្រចេជាង ស្ថិតក្នុងភូមិសាស្ត្រស្រុកព្រៃនប់ ។

ជនសង្ស័យដែលធ្វើសកម្មភាពប្លន់ស្ត្រីមេម៉ាយ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះសារឿន សុភាព ហៅអៀប ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិអង្គស្លែង ឃុំឪឡោក ស្រុកអង្គស្នួល ខេត្តកណ្តាល សព្វថ្ងៃស្នាក់នៅភូមិថ្មី ឃុំកំពង់សិលា ស្រុកកំពង់សិលា។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការស្រុកកំពង់សិលា បានដឹកនាំកម្លាំងជំនាញ សហការជាមួយនគរបាលស្រុកព្រៃនប់ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដល់រោងចក្រ ដែលជនសង្ស័យកំពុងធ្វើការ ពាក់ព័ន្ធករណីធ្វើសកម្មភាពកំហែងប្លន់យកប្រាក់ជនរងគ្រោះ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ខ្លួនដេកមិនលក់ ដោយបានផឹកស្រាបៀរ អស់ចំនួន ៧កំប៉ុង ណាមួយនឹកខឹងដល់យាយវ៉ាន (ជនរងគ្រោះ) ដែលគាត់ឧស្សាហ៍ជេរស្តីឱ្យខ្លួន រឿងឆ្លុះត្រីពេលយប់ៗ ភ្លាមនោះ ខ្លួនបានចុះពីលើផ្ទះ ដើរសំដៅទៅផ្ទះយាយវ៉ាន ដោយមិនស្លៀកពាក់ខោអាវ ស្លៀកតែខោលីអូ (ខោស្លីប)។ ពេលទៅដល់ផ្ទះយាយវ៉ាន ខ្លួនបានយកកូនកាំបិតចិតបន្លែដែលនៅក្បែរនោះ មកឆូតអារស័ង្កសីជញ្ជាំងផ្ទះ រួចលូនចូលដើរទៅបិទកុងតាក់ ប៉ុន្តែភ្លើងមិនរលត់ទេ (ភ្លើងសូឡា) ភ្លាមនោះ យាយវ៉ាន បានភ្ញាក់ដឹងខ្លួន ឃើញដូចនោះ រូបគេបានស្ទុះយកភួយដែលគាត់ដណ្តប់ ខ្ទប់ផ្ទៃមុខរបស់គាត់ ហើយក៏និយាយថា “យាយ ខ្ញុំសុំលុយ ១០០ដុល្លារ” គាត់ឆ្លើយថា “យកទៅផ្ញើគេអស់ហើយ សល់លុយប៉ុណ្ណឹង” រួចហើយគាត់ក៏ហុចឱ្យខ្លួន ពេលនោះគាត់បានរើបម្រះស់ធ្លាក់ចុះពីលើគ្រែ ដោយជង្គង់របស់ខ្លួន សង្កត់លើទ្រូងគាត់ថែមទៀត បន្ទាប់មក រូបគេក៏ដើរចេញពីផ្ទះជនរងគ្រោះតាមទ្វារ មកដេកផ្ទះវិញ។

ជនសង្ស័យខាងលើ បានបន្តសារភាពថា លុះព្រឹកឡើង ម៉ោង ៥និង៣០នាទីព្រឹក ថ្ងៃដដែល រូបគេបានជិះរថយន្តឈ្នួល ទៅធ្វើការរោងចក្រដូចសព្វដង ហើយលុយដែលជនរងគ្រោះឱ្យមកនោះ មានចំនួន ៨២០០០រៀល (ក្រដាស ១ម៉ឺន ចំនួន៥សន្លឹក ក្រដាស ៥ពាន់ ចំនួន៦សន្លឹក និងក្រដាស ១ពាន់ ចំនួន២សន្លឹក) ពេលនោះ រូបគេបានចាយនៅរោងចក្រអស់ចំនួន១២០០០រៀល នៅសល់លុយ ៧០០០០រៀល ក៏ត្រូវសមត្ថកិច្ច ចុះមកចាប់ខ្លួនដល់រោងចក្រតែម្តង ។

ជនសង្យ័យខាងលើ ត្រូវបានផ្នែកជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES