ខេត្តស្វាយរៀង ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួន នៅជាប់នឹងចម្រឹងបង្អួចក្នុងផ្ទះរបស់ខ្លួន បង្កការភ្ញាក់ផ្អើល ដោយសង្ស័យមូលហេតុផ្តើមចេញពីការជំពាក់បំណុលធនាគារច្រើនពេក អត់មានលទ្ធភាពសង ទើបសម្រេចចិត្តគិតខ្លីបែបនេះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង២៥នាទីព្រលប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិពោធិវង្ស ឃុំប្រសូតិ ស្រុកស្វាយទាប។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះ នង ដាណា អាយុ៤០ឆ្នាំ មុខរបរអាជីវករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីអ្នកភូមិ បានបង្ហើបប្រាប់ថា មុនកើតហេតុ គេឃើញបុរសខាងលើ មានទឹកមុខស្រងូតស្រងាត់ និងមិនសូវនិយាយស្តីអ្វីច្រើននោះទេ ខុសពីពេលមុន ខណៈដែលកន្លងមក ជនរងគ្រោះធ្លាប់បង្ហើបប្រាប់អ្នកភូមិថា ខ្លួនជំពាក់ប្រាក់ធនាគារច្រើនណាស់ ព្រោះខ្ចីយកមកបង្វិលរកស៊ី តែចេះតែខាតឡុងចុងរហូត ហេតុនេះទើបមិនមានលទ្ធភាពសងបំណុលធនាគារវិញនោះទេ។ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ក៏មានការផ្អើលឆោឡោថា ប្រទះឃើញជនរងគ្រោះ ចងកស្លាប់នៅក្នុងផ្ទះតែម្តង។
ក្រោយពីមានសេចក្តីរាយការណ៍របស់អាជ្ញាធរភូមិថា មានមនុស្សស្លាប់ដោយចងក ទើបសមត្ថកិច្ចជំនាញ នគរបាលប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យ បានចុះមកធ្វើការពិនិត្យដល់ទីតាំងកើតហេតុ រួចបញ្ជាក់ថា ជនរងគ្រោះខាងលើ ពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើក្រមា ចងភ្ជាប់នឹងចម្រឹងបង្អួចក្នុងផ្ទះ ខណៈមិនមានស្នាកស្នាមសម្គាល់អ្វីជារឿងឃាតកម្មនោះទេ។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕