Sunday, September 22, 2024
Homeព័ត៌មានជាតិបាត់ដៃគូផឹក តាមរកឃើញក្អួតឈាមស្លាប់

បាត់ដៃគូផឹក តាមរកឃើញក្អួតឈាមស្លាប់

ខេត្តបាត់ដំបង ៖  បុរសជាក្លើនឹងគ្នា ២នាក់ តែងផឹកស៊ីជាមួយគ្នាជាប្រចាំ លុះក្រោយមក បន្ទាប់ពីផឹកស្រវឹង មុនបែកផ្លូវគ្នាទៅផ្ទះរៀងខ្លួន បានណាត់ថា ស្អែកជួបគ្នាផឹកនៅកន្លែងចាស់ តែដល់ថ្ងៃកំណត់ បែរជាបាត់មិនឃើញក្លើ មកកន្លែងណាត់ ទើបបុរសជាដៃគូផឹក បានដើរតាមទៅរកដល់ផ្ទះ លុះទៅដល់ បែរជាប្រទះឃើញក្លើរបស់ខ្លួន ដេកស្លាប់ក្នុងកូនខ្ទមមុខផ្ទះ ដោយមានឈាមប្រឡាក់អាវ ទើបកើតមានការផ្អើលឆោឡោ ប្តឹងសមត្ថកិច្ចចុះពិនិត្យ សង្ស័យថាជាអំពើឃាតកម្ម។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចខ្ទមមុខផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។

សពជនរងគ្រោះ មានឈ្មោះវឿន សាវុន ហៅលិ អាយុ៤០ឆ្នាំ មានលំនៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង។ ជនរងគ្រោះ ត្រូវបានប្រទះឃើញដេកស្លាប់នៅក្នុងខ្ទមមុខផ្ទះរបស់ខ្លួន ដោយមានសភាពឈាមប្រឡាក់ជាប់អាវទៀតផង។

តាមសម្តីបុរសឈ្មោះរ៉េត សារុំ អាយុ៣៩ឆ្នាំ ដែលជាអ្នកប្រទះឃើញសពជនរងគ្រោះដំបូងគេ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ ៨និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ គាត់បានដើរចេញពីផ្ទះ បំណងទៅរកជនរងគ្រោះ ដើម្បីហៅទៅផឹកស៊ី ព្រោះបាត់មិនឃើញជនរងគ្រោះទៅកន្លែងធ្លាប់ណាត់ជួបផឹកជុំគ្នាដូចសព្វដង ស្រាប់តែពេលទៅដល់ខ្ទមមុខផ្ទះរបស់ជនរងគ្រោះ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ ដោយមានឈាមប្រឡាក់ជាប់អាវទៀតផង។

ប្រភពដដែល បន្តថា រវាងរូបគាត់ និងជនរងគ្រោះ គឺជាមិត្តសម្លាញ់នឹងគ្នា ហើយក៏នៅលីវ (កំលោះចាស់) ដូចគ្នា មិនតែប៉ុណ្ណោះ ពួកគាត់គឺជាដៃគូផឹកស៊ីជាមួយគ្នាទៀតផង។ នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ជនរងគ្រោះ និងគាត់ បានផឹកស៊ីជុំគ្នា រហូតដល់ម៉ោង ៧យប់ ក៏បែកគ្នា ដោយសន្យាថានឹងជួបគ្នានៅព្រឹកថ្ងៃស្អែក (ថ្ងៃ២៣ កញ្ញា) នៅកន្លែងដដែល ដើម្បីផឹកទៀត។ ប៉ុន្តែនៅព្រឹកកើតហេតុ ដោយសារតែគាត់មិនឃើញក្លើ (ជនរងគ្រោះ) ទៅកន្លែងធ្លាប់ផឹក ទើបគាត់បានទៅតាមដល់ផ្ទះ លុះទៅដល់ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នងខ្ទមបែបនេះតែម្តង ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ ក្រែងជាអំពើឃាតកម្ម ឬជាករណីអ្វីផ្សេង។

ក្រោយទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចចម្រុះ បានចុះទៅពិនិត្យទីតាំងកើតហេតុ និងប្រទះឃើញសពជនរងគ្រោះដេកស្លាប់នៅខ្ទមតូចមួយ ដំបូលស័ង្កសីចាស់ៗតែប៉ុន្មានសន្លឹក ដែលគ្រប់ដណ្តប់ទៅដោយវល្លិជាប់ផ្លូវ នៅខាងមុខផ្ទះ ដែលធ្វើពីថ្មប្រក់ស័ង្កសី។ ដោយឡែក សពមានចេញឈាមតាមមាត់ និងប្រឡាក់ជាប់អាវទៀតផង ប៉ុន្តែនៅលើខ្លួនសព គ្មានស្លាកស្នាមរបួសទេ ហេតុនេះ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានជំហានដំបូងថា ជនរងគ្រោះអាចស្លាប់ដោយសារជំងឺធ្លាយក្រពះ បណ្តាលឲ្យក្អួតឈាម។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES