Sunday, September 22, 2024
Homeព័ត៌មានជាតិផឹកស៊ីក្លែមសម្តី ៣ដំបង រយះក្បាល

ផឹកស៊ីក្លែមសម្តី ៣ដំបង រយះក្បាល

ខេត្តស្វាយរៀង ៖ បុរស២នាក់ បានអង្គុយផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមកើតមានជម្លោះពាក្យសម្តី ឌឺដងដាក់គ្នា ឈានដល់ការប្រើអំពើហិង្សា ដោយភាគីម្ខាងទប់កំហឹងមិនបាន ក៏ស្ទុះទាញដំបង សំពងគូទំនាស់ ៣ដំបង បណ្តាលឱ្យបែកក្បាល រងរបួសធ្ងន់។

ករណីអំពើហិង្សានេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល។

បុរសរងគ្រោះដែលត្រូវគូទំនាស់សំពង ៣ដំបង រយះក្បាល មានឈ្មោះឃួន ចន្ថន អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល (រងរបួសធ្ងន់ត្រង់ក្បាល)។ ចំណែកជនសង្ស័យ មានឈ្មោះដួង តិន អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល (ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់)។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ និងជនសង្ស័យបានអង្គុយផឹកស៊ីជាមួយគ្នា ដោយឮតែសំឡេងជជែកលេងសើចសប្បាយក្អាកក្អាយជាធម្មតា។ ក្រោយមកពេលស្រវឹងរៀងៗខ្លួន ស្រាប់តែអ្នកទាំង២ ចាប់ផ្តើមស្រែកឡូឡាដាក់គ្នាទៅវិញទៅមក រហូតឈានដល់មានទំនាស់ពាក្យសម្តីគ្នាយ៉ាងខ្លាំង ខណៈនោះជនសង្ស័យខឹង ក៏ស្ទុះយកដំបង វាយចំក្បាលខាងលើត្រចៀកផ្នែកខាងឆ្វេងជនរងគ្រោះ ចំនួន៣ដំបង បណ្តាលឱ្យរងរបួសបែកឈាម បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងក្រុមគ្រួសារ ចាប់ទាញចេញ និងប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដោយត្រូវបានក្រុមគ្រូពេទ្យដេរចំនួន ៥ថ្នេរ។

ក្រោយបង្កហេតុរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ភ្លាមៗ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ស្វែងរកជនសង្ស័យខាងលើ ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES