Sunday, September 22, 2024
Homeព័ត៌មានជាតិប្អូនប្រុសឈ្លោះបងស្រី ដុតផ្ទះឆេះហ្មត់

ប្អូនប្រុសឈ្លោះបងស្រី ដុតផ្ទះឆេះហ្មត់

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្រោយពីផឹកស្រាស្រវឹងជោក បានដើរទៅរករឿងឈ្លោះប្រកែកជាមួយនឹង បងស្រីបង្កើត របស់ខ្លួន លុះក្រោយមក បានយកដែកកេះទៅដុតផ្ទះរបស់បងស្រី បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចក៏បានរត់គេច ខ្លួន បាត់ស្រមោល បន្សល់ទុក បងស្រីបង្កើតដែលជាម្ចាស់ផ្ទះ ស្រែកទ្រហោយំ សុំឱ្យគេឯងជួយ តែអកុសលភ្លើងឆេះពេញបន្ទុកទៅហើយ ទីបំផុតផ្ទះទាំងមូលក្លាយជាចំណីភ្លើងគ្មានសល់។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ។

ផ្ទះដែលទទួលរងការឆាបឆេះខាងលើ ជាប្រភេទផ្ទះសង់អំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រក់ស័ង្កសី កម្ពស់ ២ម៉ែត្រកន្លះ ទទឹង ៥ម៉ែត្រ បណ្តោយ ៧ម៉ែត្រ ជាកម្មសិទ្ធិរបស់ស្ត្រីឈ្មោះនួន ស្រីណេ  អាយុ៣០ឆ្នាំ មុខរបរនៅផ្ទះ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនដៃដល់ដែលជាអ្នកដុតផ្ទះស្ត្រីរងគ្រោះ មានឈ្មោះនួន សុធា អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅជាមួយគ្នា និងត្រូវជាប្អូនប្រុសបង្កើតរបស់ស្ត្រីរងគ្រោះជាម្ចាស់ផ្ទះ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យឈ្មោះនួន សុធា បានផឹកស្រាស្រវឹងជោក លុះក្រោយមកក៏បានមករករឿងឈ្លោះប្រកែកជាមួយបងស្រីរបស់ខ្លួន (ស្ត្រីរងគ្រោះ)។ បន្ទាប់មក ជនសង្ស័យ បានរត់ទៅយកដែកកេះ មកដុតផ្ទះបងស្រីរបស់ខ្លួន បណ្តាលឱ្យផ្ទះមួយខ្នងនោះឆេះអស់ទាំងស្រុងតែម្តង។ 

ប្រភពដដែល បន្តថា ក្រោយពីធ្វើសកម្មភាពដុតផ្ទះបងស្រីខ្លួនឯងរួចហើយ ជនសង្ស័យបានរត់គេចខ្លួនបាត់ បន្សល់ទុកជនរងគ្រោះជាបងស្រី ស្រែកទ្រហោយំដង្ហោយឱ្យគេជួយ។ ភ្លាមៗនោះអ្នកជិតខាង ក៏ដូចជាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានសហការជាមួយកម្លាំងស្រុក អាជ្ញាធរភូមិ ឃុំ និងប្រជាការពារ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗដែរ ប៉ុន្តែដោយស្ថានភាពផ្លូវលំបាក តូចចង្អៀត រថយន្តពន្លត់អគ្គិភ័យមិនអាចចូលទៅដល់ ទើបមិនអាចជួយពន្លត់បានទាន់ពេល ធ្វើឱ្យផ្ទះទាំងមូល ត្រូវភ្លើងឆេះអស់គ្មានសល់ ហើយកម្លាំងពន្លត់អគ្គិភ័យ បានត្រឹមតែបន្តភ្ជាប់ទុយយោទឹកបាញ់ពន្លត់អណ្តាតភ្លើងមិនឱ្យឆេះរាលដាលទៅគោលដៅផ្សេង ដោយប្រើរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ប្រើទឹកអស់ ១រថយន្ត។  

ជុំវិញករណីអគ្គិភ័យខាងលើនេះ បានបង្កឱ្យមានការខូចខាត ផ្ទះ ១ខ្នងទាំងស្រុង រួមនិងសម្ភារប្រើប្រាស់មួយចំនួន ព្រមទាំងប្រាក់ចំនួន ១លាន ៥សែនរៀល។

ចំពោះករណីខាងលើ កម្លាំងនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្តិ៍គគីរ កំពុងស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យខាងលើ ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES