Sunday, September 22, 2024
Homeព័ត៌មានជាតិមកពីរាំធុងបាស់ ក្មេងស្ទាវកាប់

មកពីរាំធុងបាស់ ក្មេងស្ទាវកាប់

 ខេត្តស្វាយរៀង ៖ បុរសម្នាក់ ទើបនឹងចេញមកពីរាំធុងបាស់ នៅវត្តពោធិ៍ទន្ទឹម ហៅវត្តកក់ ជិះម៉ូតូសំដៅទៅផ្ទះ ទើបនឹងដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវជនសង្ស័យ ១ក្រុម ជិះម៉ូតូ៣គ្រឿង ប្រដេញតាមកាប់ប្រហារ បណ្តាលឱ្យរងរបួសក្បាលយ៉ាងដំណំ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងកណ្តាលយប់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិកក់ ឃុំស្វាយរំពា ស្រុកស្វាយទាប។

បុរសរងគ្រោះ មានឈ្មោះឡឹក វីនិមល អាយុ២៥ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិកក់ ឃុំស្វាយរំពា ស្រុកស្វាយទាប។ ចំណែកក្រុមជនសង្ស័យ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយពីបានធ្វើសកម្មភាពរួច បាននាំគ្នាឡើងជិះម៉ូតូគេចខ្លួនបាត់ភ្លាមៗ។

តាមសម្តីជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុ ខ្លួនបានជិះម៉ូតូ ១គ្រឿង តែម្នាក់ឯង ទៅរាំធុងបាស់ នៅវត្តពោធិ៍ទន្ទឹម ហៅវត្តកក់ ព្រោះមានកម្មវិធីបុណ្យ។    រហូតមកដល់វេលាម៉ោង ១១យប់ ដោយសារងងុយដេកពេក ទើបខ្លួនក៏បានទាញយកម៉ូតូជិះចេញពីវត្ត ក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ។ លុះជិះមកដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានម៉ូតូចំនួន៣គ្រឿង បើកតាមពីក្រោយ រួចក៏បានធ្វើសកម្មភាពកាប់មកលើរូបខ្លួន បណ្តាលឱ្យរងរបួសក្បាល ហូរឈាមស្រោចខ្លួនតែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ខណៈដែលក្រុមជនសង្ស័យ បានជិះម៉ូតូគេចខ្លួនបាត់អស់។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាជនសង្ស័យ និងតាមចាប់ខ្លួននាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES