ខេត្តកណ្តាល ៖ បុរសម្នាក់ បានកើតមានជម្លោះពាក្យសម្តីជាមួយនឹងប្រពន្ធរបស់ខ្លួន រួចមួម៉ៅក្តៅចិត្ត ទាញម៉ូតូជិះ ចេញ តាមផ្លូវ រួចក៏ដកកាំភ្លើងខ្លី បាញ់ប្រហាររថយន្តអ្នកដំណើរ ចំនួន២គ្រឿង បង្កឱ្យរងការខូចខាត សំណាងមិនបង្កឱ្យមាន គ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងត្រូវ សមត្ថកិច្ចតាមចាប់ខ្លួនតាំងពីភ្នំពេញ រហូតដល់ទឹកដីខេត្តកណ្តាល។ លុះក្រោយ ពីចាប់ខ្លួនបាន ពិនិត្យឃើញខ្មាន់កាំភ្លើងនេះ មានផ្ទុកសារធាតុញៀនក្នុងខ្លួនទៀតផង។
ប្រតិបត្តិការចាប់ឃាត់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់ប្រហារលើរថយន្តអ្នកដំណើរនៅផ្លូវជាតិលេខ៦អា និងផ្លូវជាតិលេខ៤ នេះ បានធ្វើឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិជ្រៃមង្គល ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ក្នុងហេតុការណ៍នេះមិនបណ្តាលឱ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ គ្រាន់តែខូចខាតរថយន្តរបស់អ្នកដំណើរ ចំនួន២គ្រឿងប៉ុណ្ណោះ ដោយក្នុងនោះ ម្ចាស់រថយន្តទី១- មានឈ្មោះសួង បូនិច អាយុ៣៤ឆ្នាំ (ម្ចាស់រថយន្ត កាមរី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC-4568 ត្រូវចំទ្វារមុខខាងស្តាំ ១គ្រាប់) និងម្ចាស់រថយន្តទី២- មានឈ្មោះណាត បូផាន់ អាយុ២៧ឆ្នាំ (ម្ចាស់រថយន្តហាយឡែនដឺរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេងខាងក្រោយ ១គ្រាប់ និងចំថ្ពាល់មុខខាង ឆ្វេង១គ្រាប់)។
ដោយឡែក ខ្មាន់កាំភ្លើងដែលត្រូវបានសមត្ថកិចចាប់ឃាត់ខ្លួន មានឈ្មោះញឹក សុវុត្ថា ហៅស្រួច ហៅថាច អាយុ៣៧ឆ្នាំ មុខរបរ អ្នកសារព័ត៌មានសង្គមអភិវឌ្ឍន៍ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន)។ រីឯសម្ភារ:ដកហូត បាន រួមមាន អាវុធខ្លីម៉ាក G-Lock19 (USA) RTP75555 ចំនួន១ដើម បង់១ គ្រាប់១ សំបកការ៍ទូសចំនួន២ និងម៉ូតូ ១គ្រឿង ម៉ាក ADV ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1JE-3621 ព្រមទាំងសម្ភារ:មួយចំនួនទៀត។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានជិះម៉ូតូម៉ាក ADV ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខ ភ្នំពេញ 1JE-3621 កាន់អាវុធខ្លី ១ដើម បាញ់រថយន្តអ្នកដំណើរតាមដងផ្លូវជាតិលេខ៤។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្តិ៍ បានតាមស្ទាក់ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល ហើយបាននាំទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្តតាមនីតិវិធី។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានបាញ់ចំនួន ៤គ្រាប់ ប្រាកដមែន ដោយបាញ់ត្រូវរថយន្ត ចំនួន៣គ្រាប់ ហើយមុនពេលមកដល់ស្រុកអង្គស្នួល គឺរូបគេបានបាញ់នៅភ្នំពេញ ជាច្រើនគ្រាប់រួចទៅហើយ មូលហេតុដោយសារខឹងប្រពន្ធ។
ជនសង្ស័យជាខ្មាន់កាំភ្លើងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕