Sunday, September 22, 2024
Homeព័ត៌មានជាតិផឹកស៊ីក្លែមសម្តី ចាក់ប្អូនថ្លៃ១កាំបិត

ផឹកស៊ីក្លែមសម្តី ចាក់ប្អូនថ្លៃ១កាំបិត

ខេត្តបន្ទាយមានជ័យ ៖ បុរស២នាក់ ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានទិញស្រាមកអង្គុយផឹកស៊ីជុំគ្នា ឮតែសំឡេងជជែកសើច សប្បាយ លុះក្រោយពីស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏ចាប់ផ្តើមក្លែមសម្តី ឌឺដងដាក់គ្នា រហូតផ្ទុះជាជម្លោះ និងត្រូវភាគីបងថ្លៃ ទាញកាំបិតចាក់ប្រហារប្អូនថ្លៃរបស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ និងដាច់ខ្យល់ស្លាប់ ក្រោយពីដឹកបញ្ជូនទៅដល់មន្ទីរ ពេទ្យ។

ករណីឃាតកម្ម បងថ្លៃចាក់ប្រហារប្អូនថ្លៃបណ្តាលឱ្យស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិត្រសេកជ្រំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

ជនរងគ្រោះជាប្អូនថ្លៃដែលត្រូវបងថ្លៃចាក់ បណ្តាលឱ្យស្លាប់ មានឈ្មោះនូវ លាភ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ។ ចំណែកជនដៃដល់ជាបងថ្លៃ ដែលកំពុងរត់គេចខ្លួន មានឈ្មោះឆេន ចាន់ថា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ។ ទាំង២នាក់បងប្អូនថ្លៃ មានលំនៅក្នុងភូមិត្រសេកជ្រំ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា  នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្អូនថ្លៃ និងជនដៃដល់ជាបងថ្លៃ បានផឹកស្រាជុំគ្នា រហូតដល់ស្រវឹងរៀងៗខ្លួន ហើយក៏មានទំនាស់ពាក្យសម្តីគ្នា។ បន្ទាប់មកភាគីប្អូនថ្លៃ បានទាញកាំបិតផ្គាក់ ស្ទុះទៅកាប់បងថ្លៃ ធ្វើឱ្យកើតមានការប្រតាយប្រតប់គ្នា និងត្រូវបងថ្លៃស្រវាបានកូនកាំបិត ចាក់ប្រហារប្អូនថ្លៃ ១កាំបិត ចំក្រលៀនខាងឆ្វេង បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់។

ប្រភពដដែល បន្តថា ក្រោយពេលចាក់ប្រហារប្អូនថ្លៃ បណ្តាលឱ្យរងរបួសធ្ងន់ហើយ ជនសង្ស័យជាបងថ្លៃ បានរត់គេចខ្លួនបាត់ ទាំងដែលជនសង្ស័យក៏មានរបួសផងដែរ។ ចំណែកជនរងគ្រោះជាប្អូនថ្លៃ ត្រូវបានក្រុមគ្រួសារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកម៉ាឡៃ សន្តិភាព ដើម្បីសង្គ្រោះភ្លាមៗដែរ តែអកុសលដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ខ្លាំងពេក ទើបបណ្តាលឱ្យជនរងគ្រោះដាច់ខ្យល់ស្លាប់ ក្រោយពីបញ្ជូនទៅដល់មន្ទីរពេទ្យ។

ជុំវិញករណីឃាតកម្មខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបើកការស៊ើបអង្កេតស្រាវជ្រាវ តាមចាប់ខ្លួនជនដៃដល់ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES